ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ទៅកាន់ប្រទេសជប៉ុន នាពេលខាងមុខ ត្រូវបានមើលឃើញថាជាការបន្តរឹតចំណងទាក់ទងរវាងប្រទេសទាំងពីរ ខណៈជប៉ុនបានក្លាយជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយមួយរបស់កម្ពុជា។
តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនជាផ្លូវការ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ទី២៤ ខែមករា ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។ លោក ប្រាក់ សុខុន នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន លោក ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា (HAYASHI YOSHIMASA) ដើម្បីពិភាក្សាគ្នាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ព្រមទាំងក្តីកង្វល់រួម ដែលកើតមាននៅក្នុងតំបន់និងអន្តរជាតិផងដែរ។
ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា៖ «ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ប្រាក់ សុខុន ទៅកាន់ប្រទេសជប៉ុន នាពេលខាងមុខនេះ នឹងបន្តការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់រដ្ឋាភិបាលទាំងពីរ ក្នុងការពង្រឹងនូវទំនាក់ទំនងល្អប្រពៃ ដែលមានស្រាប់ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលទើបត្រូវបានដំឡើងនាពេលថ្មីៗនេះ សម្រាប់ផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ»។
នៅក្នុងដំណើរមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានរបស់នាយករដ្ឋមន្ត្រីជប៉ុន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីកន្លងទៅ មេដឹកនាំកម្ពុជា និងជប៉ុន បានព្រមព្រៀងគ្នាដំឡើងភាពជាដៃគូទៅជា«ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នាឆ្នាំក្រោយ នៅពេលខួបលើកទី៧០នៃចំណងការទូតរវាងប្រទេសទាំងពីរមកដល់។
សាស្ត្រាចារ្យវិទ្យសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថាទំនាក់ទំនងកម្ពុជានិងជប៉ុន មានការវិវឌ្ឍទៅមុខប្រកបដោយភាពវិជ្ជមាន និងថាដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរនឹងពិភាក្សាគ្នាបន្ថែមទៅលើកិច្ចសហប្រតិបត្តិការនានា ក្រោយភាគីទាំងពីរយល់ព្រមដំឡើងទំនាក់ទំនងទៅជា«ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។
លោក ឯម សុវណ្ណារ៉ា អះអាងថាជប៉ុននៅតែរក្សាទំនាក់ទំនងល្អជាមួយកម្ពុជា បើទោះជាមានការប្រឈមគ្នាទៅលើការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សរបស់កម្ពុជាក៏ដោយ ខណៈជប៉ុនតែងតែលើកយកមកជជែកនិងជំរុញកម្ពុជាឱ្យដើរទៅតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ។
លោកបញ្ជាក់ថា៖ «ជានិច្ចជាកាលល្អ ថ្វីត្បិតតែស្ថានភាពនយោបាយកម្ពុជា ជាមួយនឹងសហគមន៍អន្តរជាតិ ហាក់ដូចជាតានតឹង ប៉ុន្តែភាគីជប៉ុនចេះមានភាពទន់ភ្លន់និងសម្របសម្រួលបានគ្រប់ស្ថានភាព»។
បើតាមលោក ឯម សុវណ្ណារ៉ា ដើម្បីកាត់បន្ថយឥទ្ធិពលចិននៅកម្ពុជា លុះត្រាណាតែជប៉ុនដើរតួនាទីសកម្មជាងមុននៅក្នុងនយោបាយនិងសេដ្ឋកិច្ចកម្ពុជា ខណៈថាជប៉ុនមិនសូវសកម្មឡើយពាក់ព័ន្ធនឹងនយោបាយនៅកម្ពុជា។
សាស្ត្រាចារ្យរូបនេះមានសុទិដ្ឋិនិយមចំពោះទំនាក់ទំនងកម្ពុជានិងជប៉ុនទៅថ្ងៃខាងមុខថានឹងកាន់តែល្អប្រសើរ និងកាន់តែស៊ីជម្រៅ។
ប្រទេសជប៉ុនជាម្ចាស់ជំនួយទ្វេភាគីដ៏ធំរបស់កម្ពុជាដែលមានចំនួន២៥%នៃជំនួយបរទេសក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះដែលមានចំនួនសរុបប្រហែល៧២៥លានដុល្លារ។ ជប៉ុនបានគាំទ្រតុលាការខ្មែរក្រហម ផ្តល់ថវិកាដល់ការដោះមីន ស្ថាបនាផ្លូវថ្នល់ ស្ពាននិងកំពង់ផែ និងបានផ្តល់ជំនួយផ្សេងៗទៀតក្នុងពេលនៃការរាតត្បាតនៃជំងឺកូវីដ១៩។
អ្នកស្រាវជ្រាវផ្នែកភូមិសាស្ត្រនយោបាយ លោក វណ្ណ ប៊ុនណា កត់សម្គាល់ថាដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសកម្ពុជាទៅកាន់ប្រទេសជប៉ុន ជាការធ្វើឱ្យទំនាក់ទំនងកាន់តែល្អប្រសើរនៅក្នុងខួបលើកទី៧០ឆ្នាំនៃចំណងការទូតរវាងប្រទេសទាំងពីរ។ លោកបន្តថាទស្សនកិច្ចនេះទៀតសោតក៏ចង់ធ្វើឱ្យមានតុល្យភាពរវាងកម្ពុជា-ចិន និងកម្ពុជា-ជប៉ុនដែរ ដោយសារតែនាខែក្រោយ នាយករដ្ឋមន្ត្រីកម្ពុជានឹងធ្វើដំណើរទៅកាន់ប្រទេសចិន ដែលនឹងមានការចុះហត្ថលេខាលើជំនួយ និងកម្ចីមួយចំនួន។
បើតាមលោក វណ្ណ ប៊ុនណា ទំនាក់ទំនងកម្ពុជានិងជប៉ុន មានភាពល្អប្រសើរ និងជាមិត្តដ៏ជ្រាលជ្រៅ។
លោកបញ្ជាក់ថា៖«អ៊ីចឹងទេ បើទោះបីកម្ពុជាមានបញ្ហានយោបាយក្តៅក៏ពិតមែន ក៏ជប៉ុននៅបន្តទំនាក់ទំនងកម្ពុជាដោយប្រើប្រាស់ Soft approach(មធ្យោបាយទន់ភ្លន់) របស់ខ្លួន ជាមួយកម្ពុជាផងដែរ»។
គួរបញ្ជាក់ថានៅក្នុងដំណើរទស្សនកិច្ចរបស់អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ទៅកាន់ប្រទេសជប៉ុនកាលពីខែធ្នូ ឆ្នាំ២០២២ គណបក្សភ្លើងទៀនបានស្នើជប៉ុនជំរុញកម្ពុជាបង្កបរិយាកាសនយោបាយឱ្យមានភាពល្អប្រសើរ មុនការបោះឆ្នោតថ្នាក់ជាតិ ដែលនឹងធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕