សុន្ទរកថារបស់លោកហោ ណាំហុងថ្លែងអំពីបញ្ហាពិភពលោកច្រើនជាងបញ្ហាកម្ពុជា
តំណាងប្រទេសកម្ពុជានៅមហាសន្តិបាតអ.ស.ប.បានសម្តែងក្តីបារម្ភច្រើនអំពីវិបត្តិនៅជុំវិញពិភពលោក ហើយលោកមិនបានថ្លែងច្រើនអំពីស្ថានការណ៍នៅក្នុងប្រទេសកម្ពុជាទេ។ ពីរថ្ងៃមុនពេលលោកថ្លែងសុន្ទរកថានៅអ.ស.ប. លោកហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជាបានប្រាប់វីអូអេក្នុងបទសម្ភាសន៍នៅស្ថានបេសកកម្មរបស់កម្ពុជាប្រចាំអ.ស.ប.នៅទីក្រុង New York ថា លោកនឹងថ្លែងច្រើនអំពីកង្វល់ទាក់ទងនឹងវិបត្តិក្នុងពិភពលោក។ លោកបន្តថា សុន្ទរកថារបស់លោកមិនថ្លែងច្រើនអំពីកម្ពុជាទេ ព្រោះកម្ពុជាមានសន្តិភាព មានស្ថិរភាពនយោបាយក្រោយពីគណបក្សឈ្នះឆ្នោតទាំងពីរ គឺគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបានទម្លុះទម្លាយភាពទាល់ច្រកខាងនយោបាយក្រោយការបោះឆ្នោត និងមានការរីកចម្រើនខាងសេដ្ឋកិច្ច។ ប៉ុន្តែសុន្ទរកថារបស់លោកធ្វើឡើងនៅពេលមានការទិទៀនអំពីវិបត្តិសិទ្ធិមនុស្សនៅកម្ពុជានិងកិច្ចព្រមព្រៀងទទួលជនភៀសខ្លួនពីប្រទេសអូស្ត្រាលីជាថ្នូរនឹងជំនួយពីប្រទេសអ្នកមាននេះ។ ក្នុងសុន្ទរកថានៅអ.ស.ប. លោកហោ ណាំហុងថ្លែងអំពីវិបត្តិរដ្ឋឥស្លាម ជំងឺ Ebola សង្គ្រាមរវាងអ៊ិស្រាអែលនិងប៉ាលេស្ទីន វិបត្តិនៅប្រទេសអ៊ុយក្រែន ការសាកល្បងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ការប្រែប្រួលអាកាសធាតុ និងភាពក្រីក្រក្នុងពិភពលោក។ លោកពិន ស៊ីសុវណ្ណនៃវីអូអេសូមដកស្រង់ចំណុចសំខាន់ៗ ហើយប្រែសម្រួលជាភាសាខ្មែរដូចតទៅ៖