លោករដ្ឋមន្ត្រីការបរទេសកម្ពុជា ហោ ណាំហុង បានបញ្ចេញប្រតិកម្មខ្លាំងៗនៅថ្ងៃពុធនេះវាយប្រហារលើការរិះគន់និងមន្ទិលសង្ស័យដែលគណបក្សជំទាស់នៅតែមានទាក់ទិននឹងការប្រើប្រាស់ផែនទីសម្រាប់បោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម។
គណបក្សសង្គ្រោះជាតិនៅតែមិនទាន់យល់ស្របនឹងរដ្ឋាភិបាលនៅឡើយទេបើទោះជារដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ព្យាយាម បញ្ជាក់និងធ្វើការផ្ទៀងផ្ទាត់ផែនទីយ៉ាងណាក៏ដោយ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីប្រគល់ផែនទី UTM ១ភាគ១០០ពាន់ ជូនទៅមន្ត្រីអង្គការសហប្រជាជាតិនៅព្រឹកថ្ងៃពុធនេះ លោក ហោ ណាំហុង បានបញ្ជាក់ពីសុក្រិតភាពរបស់ផែនទីដែលរដ្ឋាភិបាលកម្ពុជាប្រើប្រាស់នាពេលបច្ចុប្បន្ន ដោយផែនទី UTM គឺជាផែនទីដែលចម្លងចេញពី Bonneខ្នាត១ភាគ ១០០ពាន់របស់ក្រុមភូមិសាស្ត្រឥណ្ឌូចិន។ ក្នុងនោះដែរ លោករដ្ឋមន្ត្រីការបរទេសបាន ស្នើឲ្យអ្នកនយោបាយនិងអ្នកវិភាគមួយចំនួនឈប់យកបញ្ហា«ព្រំដែនកម្ពុជា វៀតណាម ឈប់យកបញ្ហាផែនទី ធ្វើជាយុទ្ធនាការនយោបាយ ធ្វើជាអាយ៉ៃឆ្លើយឆ្លង តាមវិទ្យុ តាមសារព័ត៌មាន» ។
លោក ហោ ណាំហុង បានបង្ហើបឲ្យដឹងថានាពេលដ៏ខ្លីខាងមុខនេះ រដ្ឋាភិបាលបារាំងនឹងផ្តល់ផែនទី Bonne ១ភាគ ១០០ពាន់ឲ្យកម្ពុជាថ្មី ស្របគ្នានោះដែរ មន្ត្រីកម្ពុជានឹងទៅពិនិត្យផែនទីនៅក្នុងប្រទេសអង់គ្លេសផងដែរ។ ហើយរដ្ឋាភិបាលរបស់លោកនឹងបើកឲ្យមានការផ្ទៀងផ្ទាត់បន្ថែមទៀត។
«ហើយខ្ញុំសង្ឃឹមទេ សង្ឃឹមថាភ្លឺភ្នែក សង្ឃឹមថាឈប់យកបញ្ហានេះមកធ្វើយុទ្ធនាការនយោបាយរកសន្លឹកឆ្នោត យើងមានទឡ្ហីករជាក់លាក់ដែលធ្វើយុទ្ធនាការនយោបាយ។ យើងធ្វើនយោបាយតោងឲ្យមានសុចរិត ខាងសីលធម៌ មិនមែនធ្វើនយោបាយដោយការឃោសនាបោកប្រាស់ ធ្វើយុទ្ធនាការបោកប្រាស់ដើម្បីចំណេញសន្លឹកឆ្នោតនោះទេ។ ត្រូវឲ្យមានសុចរិតខាងមាយាទខាងខួរក្បាល»។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន រដ្ឋាភិបាលកម្ពុជាបានបើកបង្ហាញនិងផ្ទៀងផ្ទាត់ផែនទីដែលបានខ្ចីពី អង្គការសហប្រជាជាតិ ដោយមានការចូលរួមពី ឥស្សរជនមួយចំនួន ដូចជា តំណាងគណបក្សនយោបាយ តំណាងរដ្ឋសភា តំណាងព្រឹទ្ធសភា តំណាងក្រុមប្រឹក្សាធម្មនុញ្ញ និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមផងដែរ។ បញ្ហាបោះបង្គោលព្រំដែនកម្ពុជាវៀតណាមនិងការមន្ទិលទាក់ទិននឹងការប្រើប្រាស់ផែនទីនេះបានឡើងកំដៅជាបន្តបន្ទាប់នាពេលកន្លងមកនេះដោយសារតែសកម្មជនព្រំដែនដឹកនាំដោយគណបក្សសង្គ្រោះជាតិយល់ថាផែនទីដែលរដ្ឋាភិបាលកំពុងប្រើគឺជាផែនទីក្លែងក្លាយ។ តំណាងគណបក្សសង្គ្រោះជាតិដែលចូលរួមកិច្ចការផ្ទៀងផ្ទាត់ផែនទីនោះនៅតែបញ្ជាក់ថាខ្លួនត្រូវការឲ្យមានការផ្ទៀងផ្ទាត់ផែនទីនេះ ឲ្យបានច្រើនថែមទៀត ហើយខ្លួននៅតែមានមន្ទិលសង្ស័យចំពោះផែនទីដែលប្រើប្រាស់ដដែល។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបាន បញ្ជាក់ប្រាប់ VOA នៅថ្ងៃពុធនេះថា គណបក្សសង្គ្រោះជាតិ មានការស្វាគមន៍ចំពោះការផ្តល់ផែនទី Bonne ពីប្រទេសបារាំង និងការផ្ទៀងផ្ទាត់ផែនទីបន្តទៀត ហើយគណបក្សសង្គ្រោះជាតិក៏ដូចជាប្រជាពលរដ្ឋកម្ពុជា គឺចង់ឃើញភាពត្រឹមត្រូវ និងតម្លាភាពក្នុងដំណើរការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាងនោះមិនមែនជាការកេងចំណេញនយោបាយអ្វីនោះទេ។
«យើងចង់ឲ្យតែមានការត្រឹមត្រូវនោះទេ។ យើងមិនចង់ឲ្យទឹកដី របស់យើងបាត់បង់ យើងមិនចង់ឃើញការខុសគ្នានៃផែនទីនោះទេ។ យើងចង់ណាស់ចង់ឲ្យមានផែនទីត្រឹមត្រូវ ហើយបើបានគោរពទៅតាមផែនទីតាមអីទាំងអស់នោះគឺយើងមានការគាំទ្រ ដូច្នេះហើយយើងមិនគួរធ្វើការសន្និដ្ឋាន វាយប្រហារខ្មែរគ្នាឯង យើងរង់ចាំមើលសិនទៅ»។
លោក យឹម សុវណ្ណ បានបន្ថែមទៀតថា៖ «ការងារព្រំដែនមិនមែនជារឿងចប់ត្រឹមតែលើផែនទីនោះទេ រឿងផែនទីជារឿងមួយ ក៏ប៉ុន្តែការបោះបង្គោលព្រំដែនទៅតាមផែនទីឬមិនត្រូវទៅតាមផែនទីគឺជារឿងមួយទៀត។ ហើយការបោះបង្គោលព្រំដែនហ្នឹងជារឿងមួយ ក៏ប៉ុន្តែភាគីនៃបណ្តាប្រទេសដែលជាប់ពាក់ព័ន្ធនឹងបង្គោលព្រំដែនហ្នឹង គេគោរពទៅតាមបង្គោលព្រំដែនដែលបានបោះឬមិនមែនជារឿងផ្សេងមួយទៀត។ ដូច្នេះវាមិនមែនបញ្ចប់នាថ្ងៃនេះឬថ្ងៃស្អែក ខានស្អែកនោះទេ វាគឺជាភារកិច្ចរបស់យើងទាំងអស់គ្នាក្នុងការតាមដាន»។
លោក អ៊ូ វីរៈ នាយកវេទិកាអនាគតដែលជាមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយក្នុងស្រុកយល់ឃើញថាការបញ្ជាក់ផ្ទៀងផ្ទាត់ផែនទីបន្ថែមទៀតរបស់រដ្ឋាភិបាលគឺអាចជួយកាត់បន្ថយការរិះគន់ក្នុងការប្រើប្រាស់ផែនទីក្នុងការបោះបង្គោលព្រំដែននោះ។ ក៏ប៉ុន្តែ ការចាប់ខ្លួនមន្ត្រីនិងសកម្មជនគណបក្សជំទាស់នាពេលថ្មីៗគឺធ្វើឱ្យមានមន្ទិលសង្ស័យពីសំណាក់ប្រជាពលរដ្ឋដដែល។
«ទី១ការបញ្ជាក់ផែនទីថាគឺវាល្អ ហើយជួយរដ្ឋាភិបាលច្រើន ដែលជារឿងមួយដែលខ្ញុំស្វាគមន៍ ប៉ុន្តែការគំរាមកំហែងក្នុងការចាប់អ្នករិះគន់ និងចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិនោះគឺធ្វើឲ្យមានការសង្ស័យវិញ។ អញ្ចឹងជាអកុសល មន្ទិលសង្ស័យនេះវានៅតែមានដោយសារប្រជាពលរដ្ឋមួយចំនួននៅតែសង្ស័យរដ្ឋាភិបាល ដោយសារតែរដ្ឋាភិបាលហាក់ដូចជាគាបសង្កត់សេរីភាពនៃអ្នកតវ៉ា»។
សកម្មជននិងមន្ត្រីរបស់គណបក្សសង្គ្រោះជាតិត្រូវបានចាប់ឃុំខ្លួនជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ក្នុងនោះក៏មាន លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភានៃគណបក្សសម រង្ស៊ី ដែលមានសញ្ជាតិបារាំងផងដែរ។ ដោយ តុលាការក្រុងភ្នំពេញចោទរូបលោកពីបទ «ក្លែងបន្លំឯកសារ សាធារណៈ ប្រើប្រាស់ឯកសារក្លែងក្លាយ និងញុះញង់» ក្រោយពីលោកបានបង្ហោះកិច្ចព្រមព្រៀងនាឆ្នាំ១៩៧៩ទៅលើទំព័រហ្វេសប៊ុក ដែលក្នុងនោះលោកបង្ហាញថា វៀតណាមចូលក្នុងទឹកដីកម្ពុជា ច្រើនជាងកម្ពុជាចូលទៅវៀតណាម៕