ភ្នំពេញ៖ ភាពយន្តឯកសារចុងក្រោយមួយរបស់អ្នកកាសែតម្នាក់បង្ហាញថា ការសាងសង់ទំនប់វារីអគ្គិសនីសាយ៉ាបូរីរបស់ប្រទេសឡាវកំពុងបន្តធ្វើ បើទោះបីជារដ្ឋាភិបាលឡាវបានសន្យាផ្អាកការសាងសង់នោះក៏ដោយ។ ខ្សែភាពយន្តនេះត្រូវបានចាក់បញ្ចាំងនៅឯសាលារៀនមួយក្នុងទីក្រុងភ្នំពេញកាលពីពេលថ្មីៗនេះ។
ភាពយន្តឯកសារក្នុងកំណែចុងក្រោយមួយដែលមានចំណងជើងថា «តើត្រីទាំងអស់បាត់ទៅណាអស់ហើយ? ការសម្លាប់ទន្លេមេគង្គដោយទំនប់ម្តងមួយៗ» ត្រូវបានបញ្ចាំងកាលពីពេលថ្មីៗនេះនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាអង់គ្លេស ACEក្នុងទីក្រុងភ្នំពេញ។
ខ្សែភាពយន្តនេះបង្ហាញពីសកម្មភាពសាងសង់កំពុងកើតឡើងនៅឯការដ្ឋានទំនប់សាយ៉ាបូរីដ៏ចម្រូងចម្រាស់នៅក្នុងប្រទេសឡាវ។
វាក៏បង្ហាញផងដែរអំពីផលប៉ះពាល់ដែលអាចកើតមានឡើងពីការសាងសង់ទំនប់នោះនៅលើដងទន្លេមេគង្គ។
លោកគន្ធា ភិរម្យគឺជានិស្សិតអាហារូបករណ៍ម្នាក់ដែលកំពុងរៀនត្រៀមចេញទៅសិក្សានៅបរទេស។
«ខ្សែភាពយន្តនេះផ្លាស់ប្តូរផ្នត់គំនិតខ្ញុំបានខ្លះ ពីព្រោះពីមុន ខ្ញុំគិតថា ទំនប់វារីអគ្គិសនីសាយ៉ាបូរីហ្នឹងអាចជួយមួយផ្នែកដល់សេដ្ឋកិច្ចឡាវ ដែលជាប្រទេសក្រីក្រជាងគេមួយក្នុងតំបន់ ដោយអាចរកចំណូលបានពីទំនប់នេះប៉ុន្តែបន្ទាប់ពីឃើញផលប៉ះពាល់អវិជ្ជមានជាច្រើន និងជម្រើសផ្សេងៗទៀតក្នុងការបង្កើតថាមពលក្នុងប្រទេសឡាវនោះ ខ្ញុំគិតថា វាមិនមែនជាជម្រើសដ៏ល្អបំផុតសម្រាប់ប្រទេសឡាវទេ»។
ខ្សែភាពយន្ត ដែលកំណែមុនរបស់វាធ្លាប់ត្រូវបានចាក់បញ្ចាំងម្តងនៅក្នុងទីក្រុងភ្នំពេញកាលពី២ឆ្នាំមុននោះ ត្រូវបានថតនៅទីតាំងផ្សេងៗក្នុងប្រទេសកម្ពុជា វៀតណាម ថៃនិងឡាវ។
វាក៏បង្ហាញពីទំនប់ដ៏ធំមហិមាមួយដែលកំពុងត្រូវបានសាងសង់នៅលើទន្លេមេគង្គក្នុងប្រទេសចិន ហើយក៏បង្ហាញពីបទសម្ភាសន៍ជាច្រើនជាមួយសកម្មជននិងអ្នកជំនាញបរិស្ថានដែលបានព្រមានអំពីផលប៉ះពាល់ដែលមិនអាចព្យាករណ៍បានទៅលើបរិស្ថាននិងជីវភាពរស់នៅរបស់ប្រជាជន ប្រសិនបើទំនប់សាយ៉ាបូរីនឹងត្រូវបានសាងសង់មែននោះ។
លោក ថម ហ្វាស្រូប(Tom Fawthrop )គឺជាផលិតករភាពយន្តនេះ។
«ផលប្រយោជន៍ស្អីក៏ដោយដែលប្រទេសឡាវអាចទទួលបានពីការលក់អគ្គិសនីនោះ ប្រហែលជាមិនច្រើនលើសពីការបំផ្លិចបំផ្លិចដ៏ធំសម្បើមដែលទំនប់នេះនឹងបង្កដល់ទន្លេមេគង្គ និងប្រព័ន្ធអេកូឡូស៊ីរបស់វានោះទេ ហើយបានត្រឹមតែធ្វើឲ្យគ្រោះថ្នាក់ដល់សន្តិសុខស្បៀងនៃប្រទេសទាំងអស់នៅតាមដងទន្លេមេគង្គប៉ុណ្ណោះ ដោយរួមទាំងប្រជាជនឡាវខ្លួនឯងផងដែរ»។
សាយ៉ាបូរី គឺជាទំនប់មួយក្នុងចំណោមទំនប់យ៉ាងតិច១១ដែលគេគ្រោងនឹងសាងសង់នៅលើដងទន្លេមេគង្គខ្សែទឹកខាងក្រោម។
គេជឿថា មនុស្សរហូតដល់៦០លាននាក់ដែលកំពុងរស់នៅតាមដងទន្លេមេគង្គនេះនឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ ប្រសិនបើទំនប់ទាំងនេះនឹងត្រូវបានសាងសង់នោះ។
លោក ហ្គ័រដិន ខងដិន (Gordon Congdon)គឺជានាយកអភិរក្សធនធានវារីសាស្ត្រទឹកសាបនៃអង្គការអភិរក្ស WWF។
លោកមានប្រសាសន៍ថា ភាពយន្តឯកសារនេះបានលើកឡើងនូវសំណួរសំខាន់ៗជាច្រើនដូចជា ថាតើដំណើរការរបស់គណៈកម្មការទន្លេមេគង្គមានប្រសិទ្ធិភាពដែរ ឬទេ បើគេគិតអំពីការសាងសង់ទំនប់វារីអគ្គិសនីដែលកំពុងតែបន្តនេះ។
«មកត្រឹមពេលនេះ វាឆាប់ពេកហើយនិយាយដោយស្មោះត្រង់ទៅ ខ្ញុំគិតថា គេគ្មានការទទួលខុសត្រូវទេ ក្នុងការបន្តសាងសង់ទំនប់នេះ មុនពេលដែលគេអាចឆ្លើយតបនឹងសំណួរសំខាន់ៗទាំងនេះ»។
ប្រទេសកម្ពុជានិងវៀតណាមចង់ឲ្យមានការសិក្សាបន្ថែមទៀតអំពីផលប៉ះពាល់នៃទំនប់សាយ៉ាបូរីរបស់ប្រទេសឡាវនោះ មុនពេលការសាងសង់ចាប់ផ្តើម។
លោក ឈិត សំអាត គឺជានាយកប្រតិបត្តិនៃអង្គការ NGO Forum នៅកម្ពុជា។
«គាត់សាងសង់ទៅចំណេញគាត់មែន ប៉ុន្តែគាត់ត្រូវថា តើមានផលប៉ះពាល់អ្វីខ្លះមកដល់ប្រទេសខាងក្រោម។ អញ្ចឹងជម្រើសដែលល្អសម្រាប់ឡាវហ្នឹង គឺធ្វើការពិគ្រោះយោបល់ ធ្វើការសិក្សាឡើងវិញ ហើយរកវិធានការដោះស្រាយក្តីព្រួយបារម្ភ ឬផលប៉ះពាល់របស់ប្រទេសនៅក្រោមខ្សែទឹកហ្នឹងឲ្យបាន មុនហ្នឹងគាត់ចាប់ផ្តើម ពីព្រោះទន្លេនេះគឺជាទន្លេរួមមួយដែលយើងប្រើទឹករួមគ្នានៅក្នុងតំបន់»។
លោកបន្ថែមថា ប្រសិនបើប្រទេសនីមួយៗគិតតែចង់ចំណេញរៀងៗខ្លួន នៅទីបំផុតអ្នកដែលខាតបង់នោះគឺប្រជាជនខ្លួនឯង៕