កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះសពពលការិនីម្នាក់ដែលបានបម្រើការងារតាមផ្ទះនៅប្រទេសម៉ាឡេស៊ីត្រូវបានដឹកជញ្ជូនតាមយន្តហោះមកកាន់ប្រទេសកម្ពុជាវិញតាមច្រកព្រលានយន្តហោះភ្នំពេញអន្តរជាតិ។
ជនរងគ្រោះឈ្មោះ អ៊ុប សុខគួន អាយុ ៤៧ ឆ្នាំ បានស្លាប់បាត់បង់ជីវិត កាលពីខែវិច្ឆិកា ឆ្នាំ២០១១ ហើយសពអ្នកស្រីទើបតែបញ្ជូនមកប្រទេសកម្ពុជាក្រោយពីស្លាប់បាត់បង់ជីវិតអស់រយៈពេលបួនខែ។
តាមរបាយការណ៍ក្រុមហ៊ុននាំពលករទៅប្រទេសម៉ាឡេស៊ីបានឲ្យដឹងថាជនរងគ្រោះបានស្លាប់ដោយសារតែការធ្វើការហួសកម្លាំង។ ប៉ុន្តែរបាយការណ៍នេះផ្ទុយគ្នានឹងរបាយការណ៍ធ្វើកោសល្យវិច័យរបស់មន្ទីរពេទ្យនៃប្រទេសម៉ាឡេស៊ី បានអះអាងថា ជនរងគ្រោះ បានស្លាប់បាត់បង់ជីវិតដោយសារតែជំងឺរលាកសួត។
លោក ជា មុន្នី អាយុ ៥៤ ឆ្នាំ បងប្អូនជីដូនមួយរបស់ជនរងគ្រោះបាននិយាយថាលោកមិនជឿទៅលើរបាយការណ៍សន្និដ្ឋានទាំងនោះទេ។ លោកបានមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាគួរតែធ្វើសហប្រតិបត្តិការជាមួយនឹងប្រទេសម៉ាឡេស៊ីដើម្បីធ្វើការស៊ើបអង្កេតឲ្យបានច្បាស់លាស់ចំពោះការស្លាប់បាត់បង់ជីវិតរបស់អ្នកស្រីអ៊ុប សុខគួន។
«ការធ្វើកោសល្យវិច័យ វាឥតមានលិខិតតូបករណ៍ណាអំណះអំណាងឲ្យវាទុកចិត្ត។ មិនដឹងគ្នារងគ្រោះយ៉ាងម៉េច ខ្ញុំមិនដឹង។ អញ្ចឹងថាឲ្យក្រុមហ៊ុនវីស៊ីហ្នឹង គេឲ្យមានលិខិតតូបករណ៍ហ្នឹង មកពីម៉ាឡេអីយ៉ាងម៉េច ឲ្យគេបំភ្លឺឲ្យខ្ញុំទៅ»។
ក្រុមហ៊ុនវីស៊ីម៉ែនផៅវើដែលបាននាំពលករនៅបម្រើការនៅប្រទេសម៉ាឡេស៊ី បានផ្តល់ទឹកប្រាក់ ១,០០០ដុល្លារសហរដ្ឋអាមេរិក។ ចំណែកឯម្ចាស់ផ្ទះនៃប្រទេសម៉ាឡេស៊ីបានផ្តល់ទឹកប្រាក់ចំនួន ៣០០ ដុល្លារសហរដ្ឋអាមេរិកដល់ក្រុមគ្រួសារសព។
លោក ជា មុន្នី បានមានប្រសាសន៍ថាលោកគ្រោងនឹងដាក់ពាក្យបណ្តឹងទៅស្ថាប័នពាក់ព័ន្ធដើម្បីរកយុត្តិធម៌ដល់ជនរងគ្រោះនិងទាមទារសំណងឲ្យបានសមរម្យ។
ក្រុមហ៊ុនវីស៊ីម៉ែនផៅវើ ព្រមទាំងលោក អាន ប៊ុនហាក់ ប្រធានក្រុមហ៊ុននាំពលករទៅក្រៅប្រទេសមិនអាចស្នើសុំទំនាក់ទំនងបានទេនៅថ្ងៃអង្គារនេះ។
លោក សេង សក្កដា អគ្គនាយក នៃអគ្គនាយកដ្ឋានការងារនៃក្រសួងការងារក៏មិនអាចស្នើសុំដើម្បីទំនាក់ទំនងបានដែរ។
ចំណែកឯលោក ហែម មុន្នី ប្រធាននាយកដ្ឋានមុខរបរនិងហត្ថកម្មនៃក្រសួងការងារបាននិយាយថាលោកមិនទាន់បានទទួលព័ត៌មាននេះនៅឡើយដោយសារតែលោកកំពុងមានជំងឺ។
«ខ្ញុំឥតដឹងរឿងហ្នឹងផង។ ជួនអីទៅផ្នែកផ្សេងទៅការិយាល័យទៅអី។ ខ្ញុំឥតដឹង ព្រោះខ្ញុំឈឺ»។
លោក ហ៊ុយ ពេជ្រសុវណ្ណ មន្ត្រីផ្នែកកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បាននិយាយថាមានពលករខ្មែរភាគច្រើនដែលបានបម្រើការងារនៅក្រៅប្រទេសត្រូវបានគេបង្ខំឲ្យធ្វើការហួសកម្លាំងរហូតដល់ជាង ១០ ម៉ោងក្នុងមួយថ្ងៃ។ លោកបានមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាគួរតែធ្វើកិច្ចព្រមព្រៀងគ្នាមួយជាមួយនឹងប្រទេសម៉ាឡេស៊ីដើម្បីការពារសិទ្ធិពលករខ្មែរនៅក្រៅប្រទេស។
«សុំឲ្យរដ្ឋាភិបាលខ្មែរយើង ចាត់ចែងជាមួយនឹងរដ្ឋាភិបាលម៉ាឡេស៊ី ដើម្បីធ្វើយ៉ាងម៉េច ឲ្យពួកគាត់ធ្វើការតែរយៈពេល៨ម៉ោងឲ្យត្រូវនឹងអនុសញ្ញាអង្គការ ILO អង្គការពលកម្មអន្តរជាតិដែលបានអនុម័តនៅពេលថ្មីៗនេះថា អ្នកធ្វើការតាមផ្ទះក៏ជាអ្នកធ្វើការដែរ។ ដូច្នេះគាត់ត្រូវការត្រឹម៨ម៉ោងក្នុងមួយថ្ងៃហើយ ៦ ថ្ងៃក្នុងមួយអាទិត្យ»។
លោកស្រី មូរ សុខហួរ អ្នកតំណាងរាស្រ្តគណបក្សប្រឆាំង ដែលបានធ្វើការងារយ៉ាងសកម្មក្នុងការទប់ស្កាត់ការនាំពលករទៅក្រៅប្រទេស បាននិយាយថា មានពលករខ្មែរ ៩ករណី បានស្លាប់ក្នុងប្រទេសម៉ាឡេស៊ី។ អ្នកស្រីបាននិយាយថា អ្នកស្រីបានសរសេររបាយការណ៍ទៅគណៈកម្មការសិទ្ធិមនុស្សម៉ាឡេស៊ី ដើម្បីឲ្យជួយធ្វើអន្តរាគមន៍។ ក៏ប៉ុន្តែរហូតមកដល់ពេលនេះពុំទាន់មានដំណោះស្រាយនៅឡើយ។
«ជំរុញឲ្យរដ្ឋាភិបាលខ្មែរយើង យកនូវការណ៍ពិត។ ខ្ញុំមិនជឿថា អ្នកដែលស្លាប់ហ្នឹង ស្លាប់មួយកន្លែង នៅថ្ងៃហ្នឹង ដោយឥតមានជំងឺអីសោះ។ ស្រាប់តែថ្ងៃស្លាប់ហ្នឹង ថាមានជំងឺសួត។ បើសិនជាអ្នកហ្នឹង ស្លាប់ដោយសារជំងឺសួតហេតុអ្វីបានជាធ្វើការងាររហូតដល់មានជំងឺសួតហើយរហូតដល់ស្លាប់»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីចុងឆ្នាំ២០១១ បានសម្រេចផ្អាក មិនក្រុមហ៊ុនឯកជននាំពលករខ្មែរទៅបម្រើការងារនៅប្រទេសម៉ាឡេស៊ី។
នៅក្នុងឆ្នាំ២០១១ យ៉ាងតិចមានពលករខ្មែរចំនួន១២ នាក់បានស្លាប់ក្នុងប្រទេសម៉ាឡេស៊ី។ ក្នុងនោះមានអ្នកបម្រើការងារតាមផ្ទះចំនួន៩នាក់បានស្លាប់ កម្មករនៅតាមរោងចក្រផ្សេងៗបីនាក់ បានស្លាប់បាត់បង់ជីវិត។ នេះបើតាមការបញ្ជាក់របស់លោក ហ៊ុយ ពេជ្រសុវណ្ណ មន្ត្រីផ្នែកកម្មវិធីសិទ្ធិការងារ នៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍៕