ភ្នំពេញ
អង្គការឃ្លាំមើលដំណើរការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាគឺអង្គការនីចហ្វិច វិទ្យាស្ថានជាតិប្រជាធិបតេយ្យដែលហៅកាត់ថា NID នៅថ្ងៃព្រហស្បតិ៍បានបង្ហាញពីលទ្ធផលនៃការធ្វើសវនកម្មបញ្ជីឈ្មោះអ្នកបោះឆ្នោតនៅឆ្នាំ២០១២នេះថា បានធ្លាក់ចុះនៃគុណភាព មិនពេញលេញ ភាពត្រឹមត្រូវ និងសុពលភាពចាប់តាំងពីឆ្នាំ២០០៨មក។
ការធ្លាក់ចុះនៃគុណភាពបញ្ជីអ្នកបោះឆ្នោតបានបង្កឲ្យមានការព្រួយបារម្មណ៍ថា ដំណើរការណ៍បោះឆ្នោតដែលគ្រោងធ្វើនៅថ្ងៃទី២៨ខែកក្កដាខាងមុខនេះនឹងមិនអាចប្រព្រឹត្តទៅដោយសេរីនិងយុត្តិធម៌ទេ។
នៅក្នុងរបាយការណ៍សង្ខេបដែលបានចេញផ្សាយនៅថ្ងៃនេះ អង្គការសង្គមស៊ីវិលទាំងនោះបានរកឃើញថា ការធ្លាក់ចុះនូវអត្រាចុះឈ្មោះចាប់ពីឆ្នាំ២០០៨ គឺមានចំនួនអ្នកដែលមានសិទ្ធិបោះឆ្នោត មានត្រឹមតែ៨២,៩%ដែលមានឈ្មោះក្នុងបញ្ជី ហើយកាលពីឆ្នាំ២០០៨មានរហូតដល់៨៧,៩%។
ការរកឃើញនេះបានបង្ហាញនូវភាពខុសគ្នាជាមួយនឹងស្ថិតិដែលបានផ្តល់ដោយគ.ជ.ប.ដែលថា មានចំនួនអ្នកចុះឈ្មោះបោះឆ្នោតរហូតដល់ទៅ១០១,៧%នៃចំនួនអ្នកដែលមានសិទ្ធិបោះឆ្នោតសរុប។
បន្ថែមពីនេះទៅទៀត អង្គការឃ្លាំមើលដំណើរការបោះឆ្នោតទាំងនោះបានរកឃើញថា មានចំនួនប្រមាន១០,៨%នៃអ្នកដែលមានសិទ្ធិបោះឆ្នោតដែលគេជឿថា ខ្លួនបានចុះឈ្មោះមិនអាចរកឃើញនូវឈ្មោះរបស់ខ្លួននៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតទេដែលបង្កជាឧបសគ្គដល់ពួកគេ មិនអាចបោះឆ្នោតបាននៅថ្ងៃបោះឆ្នោត។
មានអ្នកមានឈ្មោះបោះឆ្នោតប្រមាណតែ៦៣,៦%ភាគរយតែប៉ុណ្ណោះដែលរស់នៅទីកន្លែងដែលពួកគេបានចុះឈ្មោះ ខណៈពេលដែល១៧,៩%នៃអ្នកឆ្លើយតបរកឃើញ ប៉ុន្តែភាគរយនៃអ្នករស់នៅកន្លែងផ្សេងនិង១០,៤%គឺមិនអាចរកឃើញទេ។
លោកហង្ស ពុទ្ធា នាយកប្រតិបត្តិអង្គការនិចហ្វិច បាននិយាយថា អ្នកមានសិទ្ធិបោះឆ្នោតចំនួន៩,៤%ក្នុងបញ្ជីលុបឈ្មោះគឺត្រូវបានលុបចេញមិនត្រឹមត្រូវ ហើយទិន្នន័យបញ្ជីឈ្មោះបច្ចុប្បន្នគឺមិនត្រឹមត្រូវដូចឆ្នាំ២០០៨ទេ។ ទិន្នន័យទាក់ទងនឹងថ្ងៃខែឆ្នាំកំណើតដែលស៊ីគ្នានឹងនិន្នន័យគឺមានតែ៦៣%តែប៉ុណ្ណោះ រីឯឆ្នាំ២០០៨មាន៧៨,៨៨%។
លោកបាននិយាយថា មានចំនួន១០,៤%គឺមានតែឈ្មោះ ប៉ុន្តែគ្មានមនុស្សពិតប្រាកដ។
«១០,៤%ដែលក្រុមការងារសវនកម្មបានរកឃើញនេះ ប្រសិនបើមានតែឈ្មោះក្នុងបញ្ជីបានន័យថា បញ្ជីហ្នឹងខ្ពស់ បញ្ជីហ្នឹងច្រើន ហើយអ្នកបោះឆ្នោតពិតប្រាកដនឹងធ្វើឲ្យក្រាហ្វិចនៃតួលេខអ្នកមិនទៅបោះឆ្នោតឃើញមានភាគរយច្រើន»។
អ្នកស្រីឡូរ៉ា ថនថុន នាយិកាជាន់ខ្ពស់NDIប្រចាំប្រទេសកម្ពុជា បាននិយាយថា ការមានតែឈ្មោះនៅក្នុងបញ្ជីឈ្មោះ តែគ្មានមនុស្សអាចជាការព្រួយបារម្ភមួយនៅពេលបោះឆ្នោតដែលគណបក្សណាមួយអាចនឹងបញ្ជួនមនុស្សពីកន្លែងផ្សេងមកបោះឆ្នោតបាន។
លោកគួយ ប៊ុនរឿន អ្នកតំណាងរាស្ត្រគណបក្សប្រឆាំងទទួលបន្ទុកកិច្ចការបោះឆ្នោត បាននិយាយថា បញ្ជីឈ្មោះបោះឆ្នោតសម្រាប់ជ្រើសតាងអ្នកតំណាងរាស្ត្រអណត្តិទី៥នេះមានបញ្ហាធំៗជាច្រើនគឺមានប្រជាពលរដ្ឋប្រមាន១៧%ដែលមានសិទ្ធិបោះឆ្នោត តែមិនបានទទួលសិទ្ធិចុះឈ្មោះបោះឆ្នោតបាន។
លោកបាននិយាយថា ប្រជាពលរដ្ឋដែលមានឈ្មោះបោះឆ្នោតកាលពីឆ្នាំ២០០៨និង២០១២ ក៏ប៉ុន្តែនៅឆ្នាំ២០១៣បានបាត់ឈ្មោះរហូតដល់ជិត៨%ថែមទៀត។
«ការរៀបចំការបោះឆ្នោតឆ្នាំ២០១៣នេះគឺមិនធានាយុត្តិធម៌ដល់គណបក្សនយោបាយទេ ដោយសារប្រព័ន្ធនិងយន្តការនៃការរៀបចំដំណើរការនៃការរៀបចំបញ្ជីឈ្មោះអត់តម្លាភាព អត់សុក្រិតភាព ហើយនិងបញ្ជីគ្មានគុណភាព»។
លោកទេព នីថា អគ្គលេខានៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលហៅកាត់ថា គ.ជ.ប.បាននិយាយថា ការលើកឡើងនៅក្នុងរបាយការណ៍សវនកម្មនេះមិនត្រឹមត្រូវទេ។លោកបាននិយាយថា គ.ជ.ប.និងទាមទារឲ្យអង្គការទាំងនោះផ្តល់បញ្ជីឈ្មោះដល់យើង។
«មានការសង្ស័យច្រើនដែលករណីនេះគ.ជ.ប.បានធ្វើលិខិតទៅNDI ដើម្បីឲ្យគាត់ផ្តល់បញ្ជីឈ្មោះឲ្យយើង។ ទីមួយគាត់ថា មានឈ្មោះបោះឆ្នោតតែឈ្មោះត្រូវលុបចេញពីបញ្ជីឈ្មោះបោះឆ្នោត យើងចង់ដឹងថា ឈ្មោះហ្នឹងគេរាយការណ៍ត្រឹមត្រូវទេ។ គាត់មានឈ្មោះបោះឆ្នោតពីឆ្នាំណា?»
លោកទេព នីថាបានបញ្ជាក់ទៀតថា ប្រធានភូមិមិនអាចស្គាល់ឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតទាំងអស់បានទេ ពីព្រោះថា បញ្ជីបោះឆ្នោតមិនមែនបញ្ជីក្នុងភូមិទេ៕