ប្រទេសកម្ពុជាបានឈ្នះពានរង្វាន់សម្រាប់កំណត់ត្រាពិភពលោក Guinness នៅថ្ងៃអាទិត្យនេះក្នុងការផលិតក្រមាប្រជាប្រិយប្រវែង ១.១០០ ម៉ែត្រ។ ដោយមានការគាំទ្រពីចលនាយុវជនរបស់គណបក្សកាន់អំណាច មនុស្សជាង ២ម៉ឺន៣ពាន់នាក់បានចូលរួមក្នុងការប្រឡងប្រកួតប្រជែងត្បាញរយៈ៦ខែនៅខាងក្រៅព្រះបរមរាជវាំងក្នុងរាជធានីភ្នំពេញ។
មនុស្សវ័យក្មេងរាប់ពាន់នាក់បានចេញទៅលាតក្រមានៅតាមដងផ្លូវមួយនៅរដ្ឋធានីកាលពីថ្ងៃអាទិត្យសម្រាប់មន្ត្រី Guinness វាស់ផលិតផលតម្បាញនេះ។
លោក Swapnil Dangarikar អ្នកសម្របសម្រួលរបស់ Guinness បានប្រាប់ហ្វូងមនុស្សដែលសប្បាយរីករាយនោះថា «ក្រមាប្រវែង១ពាន់១៤៩ម៉ែត្រ៨តឹកនេះគឺជាកំណត់ត្រាតម្បាញពិភពលោកថ្មីរបស់ Guinness!»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានកាន់អំណាចដ៏យូរ បានផ្ដល់ប្រសិទ្ធពរដល់យុទ្ធនាការនេះតាមរយៈការត្បាញក្រមានេះពីរបីសរសៃជានិមិត្តរូប។ កូនប្រុសពៅរបស់លោកហ៊ុនសែនគឺលោក ហ៊ុន ម៉ានី ដែលមានសក្តានុពលកើនឡើងយ៉ាងឆាប់រហ័ស អាចជាអ្នកស្នងតំណែងរបស់ឪពុករបស់លោកនេះបានធ្វើជាតំណាងលោកនាយករដ្ឋមន្រ្តីអាយុ៦៥ឆ្នាំក្នុងកម្មវិធីនៅថ្ងៃអាទិត្យនេះ។ លោកបាននិយាយនៅឯព្រឹត្តិការណ៍នេះថា «កំណត់ត្រាពិភពលោក Guinness នេះគឺសម្រាប់ប្រជាជនកម្ពុជាទាំងអស់» ។
នៅប៉ុន្មានឆ្នាំថ្មីៗនេះ លោកហ៊ុន សែនបានខិតខំប្រឹងប្រែងទាក់ទាញយុវជនដោយចាប់ផ្តើមបើកទំព័រហ្វេសប៊ុក និងបង្ហាញពីភាពត្រេកត្រអាល ហើយចេញដើរជាសាធារណៈ។
ព្រឹត្ដិការណ៍ Guinness នេះធ្វើឡើងប៉ុន្មានសប្តាហ៍មុនការបោះឆ្នោតដ៏ចម្រូងចម្រាសដែលលោកហ៊ុនសែនត្រៀមខ្លួនឈ្នះរួចជាស្រេច បន្ទាប់ពីការរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំមុន។ ក្រុមអ្នកវិភាគនិយាយថា លោកនាយករដ្ឋមន្រ្តីក៏កំពុងព្យាយាមស្ថាបនាសន្តតិវង្សដោយការដាក់កូនប្រុសបីនាក់របស់លោកកាន់មុខតំណែងដឹកនាំ។
លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកត្រូវបានដំឡើងឲ្យកាន់តួនាទីយោធាជាន់ខ្ពស់និងមានអំណាច ខណៈដែលកូនប្រុសទី២របស់លោកគឺលោក ហ៊ុន ម៉ានីត គឺជាអគ្គនាយកស្រាវជ្រាវចារកិច្ចរបស់ក្រសួងការពារជាតិ៕