កម្ពុជា និងអង្គការសុខភាពពិភពលោកទើបតែបានរកឃើញរោគសញ្ញាថ្មីមួយ ដែលបានសម្លាប់កុមារកម្ពុជាយ៉ាងហោចណាស់៥២នាក់ ចាប់តាំងពីជំងឺនេះបានផ្ទុះឡើងកាលពីខែមេសារហូតដល់ថ្ងៃទី៥ ខែកក្កដាកន្លងទៅនេះ។ នេះតាមការបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានរួមគ្នារវាងក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក។
មេរោគថ្មីដែលទើបនឹងរកឃើញនេះមានឈ្មោះថា អ៊ីនធើរ៉ូ វ៉ៃរុស៧១ (Enterovirus-71) ឬអក្សរកាត់ថា EV-71 ដែលបង្កឡើងពងបែកនៅដៃជើង និងក្នុងមាត់។ មេរោគនេះត្រូវបានគេដឹងថា អាចបង្កផលវិបាកធ្ងន់ធ្ងរដល់អ្នកជំងឺ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកសុខ ទូច ប្រធាននាយកដ្ឋានទប់ស្កាត់ជំងឺឆ្លងរបស់ក្រសួងសុខាភិបាល មិនបានធ្វើសេចក្តីអត្ថាធិប្បាយអ្វីបន្ថែមទៀតទេ ដោយលោកគ្រាន់តែបានអះអាងថាឲ្យមើលខ្លឹមសារលម្អិតក្នុងសេចក្តីប្រកាសព័ត៌មានរូមគ្នារវាងក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក។
លោកវេជ្ជបណ្ឌិតសុខ ទូច បានបញ្ជាក់បន្ថែមទៀតថានៅក្នុងពេលនេះកម្ពុជាមិនទាន់ដឹងថាជំងឺអាថកំបាំងថ្មីនេះមានឈ្មោះអ្វីនោះទេ។
ជំងឺដ៏អាថ៌កំបាំងមួយបានផ្ទុះឡើងនៅកម្ពុជា ចាប់តាំងពីខែមេសា រហូតដល់ថ្ងៃទី៥ ខែកក្កដាដែលបានធ្វើឲ្យកុមាររងគ្រោះដោយសារតែជំងឺឡើងដល់៥៩នាក់ ក្នុងនោះមាន៥២នាក់បានស្លាប់បាត់បង់ជីវីត។ កុមារទាំងនោះមានអាយុចាប់ពី៣ខែ រហូតដល់១១ឆ្នាំ ដែលភាគច្រើនអ្នកជំងឺមានអាយុតិចជាង៣ឆ្នាំ។
លោកវេជ្ជបណ្ឌិតមួយរូបនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា ដែលថ្លែងនៅក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មន្ទីរពេទ្យរបស់លោកមិនទាន់មានអ្នកឆ្លងជំងឺថ្មីមកសម្រាកព្យាបាលនៅឡើយទេ។
វត្តមានជំងឺដ៏អាថកំបាំងមួយនេះត្រូវបានរកឃើញដោយមន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យសម្បុរសធម៌មួយទទួលព្យាបាលជំងឺកុមារដែលមិនយកកំរ៉ៃ។ នេះបើតាមការបញ្ជាក់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យនេះ។
អាការៈនៃជំងឺដ៏អាថកំបាំងនេះជាទូទៅ អ្នកជំងឺក្តៅខ្លួន ការបរិភោគអាហារថយចុះ អស់កម្លាំង ហើយភាគច្រើនឈឺបំពង់ក។ ពងបែកក្នុងមាត់ ចាប់ផ្តើមចេញមួយថ្ងៃ ឬពីរថ្ងៃក្រោយរោគសញ្ញានេះចេញ។ ដំបូងមានស្នាមក្រហម ហើយក្រោយមកស្នាមនេះក្លាយជាពងបែក និងដំបៅនៅក្នុងមាត់។ ភាគច្រើនគេឃើញមាននៅអណ្តាត អញ្ចាញ និងផ្នែកខាងក្នុងនៃថ្ពាល់។ អ្នកជំងឺអាចមានស្នាមកន្ទួលរមាស់ភាគច្រើនៅលើបាតដៃ បាតជើង គូថ និងអវៈយវៈភេទ។ អ្នកជំងឺអាចមិនមានរោគសញ្ញាអ្វីទាំងអស់ ឬមានតែស្នាមកន្ទួល ឬពងបែកនៅក្នុងមាត់។
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកបានឲ្យដឹងថា ជំងឺពងបែក ដៃជើង និងក្នុងមាត់ជាជំងឺឆ្លងដែលអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដោយសារតែការប៉ះសំបោរ កំហាក ទឹកមាត់ ទឹករងៃ ដែលចេញពីពងបែក ឬក៏លាមកអ្នកជំងឺ។ អ្នកជំងឺអាចចម្លងដល់អ្នកដទៃបានយ៉ាងខ្លាំងបំផុតនៅក្នុងសប្តាហ៍ទី១ តែអ្នកជំងឺអាចចម្លងជំងឺនេះរហូតដល់សប្តាហ៍ក្រោយៗទៀត។ ជំងឺពងបែក ដៃជើង និងក្នុងមាត់មិនអាចចម្លងពីសត្វចិញ្ចឹម ឬសត្វដទៃទៀតឡើយ៕