រដ្ឋាភិបាលកម្ពុជាបានបញ្ជូនជនជាតិចិន ៥០ នាក់ និងជនជាតិតៃវ៉ាន់ ១៣ នាក់ ទៅកាន់ប្រទេសចិន ពាក់ព័ន្ធនឹងការចោទប្រកាន់ថាបានប្រព្រឹត្តិបទឧក្រិដ្ឋតាមប្រព័ន្ធអ៊ីនធឺណិត ដែលការបញ្ជូននេះគឺធ្វើឡើងទៅតាមសំណើរបស់រដ្ឋាភិបាលក្រុងប៉េកាំង នេះបើតាមការបញ្ជាក់របស់មន្ត្រីប៉ូលិសជាន់ខ្ពស់មួយរូបនៅថ្ងៃពុធនេះ។
លោកឧត្ដមសេនីយ៍ អ៊ុក ហៃសិលា ប្រធានផ្នែកស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ជនសង្ស័យទាំងនេះ ត្រូវបានបញ្ជូនចេញពីប្រទេសកម្ពុជាកាលពីថ្ងៃអង្គារម្សិលមិញ។ លោកបន្ថែមថា រដ្ឋាភិបាលចិនបានបញ្ជូនយន្តហោះពិសេសមួយគ្រឿងពីទីក្រុងប៉េកាំងដើម្បីដឹកជនទាំងនេះទៅកាន់ប្រទេសចិន។
ជនសង្ស័យទាំង ៦៣ នាក់នេះ ត្រូវបានចាប់ខ្លួនកាលពីចុងខែមុននៅក្នុងផ្ទះជួលមួយកន្លែងនៅក្នុងទីក្រុងភ្នំពេញ។ ពួកគេត្រូវបានចោទប្រកាន់ថាបានបោកប្រាស់ជនរងគ្រោះនៅក្នុងប្រទេសចិន តាមរយៈការទំនាក់ទំនងទូរស័ព្ទតាមប្រព័ន្ធអ៊ីនធឺណិត។
លោកអ៊ុក ហៃសិលា បានបន្ថែមថា ចាប់តាំងពីឆ្នាំ ២០១២ មក យ៉ាងហោចណាស់មានជនជាតិចិននិងជនជាតិតៃវ៉ាន់ចំនួន ៩៨២ នាក់ ដែលត្រូវបានចោទប្រកាន់ថាបានពាក់ព័ន្ធជាមួយឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅកាន់ប្រទេសចិន។
សកម្មជនសិទ្ធិមនុស្ស និងអាជ្ញាធរតៃវ៉ាន់ បាននិយាយថា ការបញ្ជូនខ្លួនជនសង្ស័យទាំងនេះត្រឡប់ទៅកាន់ប្រទេសចិនវិញ បង្ហាញពីឥទ្ធិពលដ៏ខ្លាំងក្លាដែលប្រទេសចិនមានលើប្រទេសកម្ពុជា តាមរយៈការផ្ដល់ជំនួយ និងការវិនិយោគ។
ប្រទេសចិនជាសម្ព័ន្ធមិត្ត និងជាដៃគូសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសកម្ពុជា។ ប្រទេសចិនបានផ្ដល់ជំនួយ និងធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជាក្នុងទឹកប្រាក់ច្រើនលានដុល្លារអាមេរិកកន្លងមក៕