ស្ថាបនិកកាសែត ខេមបូឌា ដេលី (The Cambodia Daily) និងកូនស្រីរបស់លោកដែលជាអតីតចាងហ្វាងកាសែត បានសរសេរលិខិតមួយច្បាប់ទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីស្នើសុំការយោគយល់បើកកាសែតឡើងវិញ ដោយភ្ជាប់ជាមួយសារមួយដែលមាន«លក្ខណៈទន់ភ្លន់ទៅរដ្ឋាភិបាល»។
នៅក្នុងលិខិតជាភាសាអង់គ្លេស ចុះថ្ងៃទី៧ ខែកញ្ញា ស្ថាបនិកកាសែត ខេមបូឌា ដេលី លោក Bernard Krisher អាយុ៨៦ឆ្នាំ បានសរសេរពីទីក្រុងតូក្យូនៃប្រទេសជប៉ុនថា លោកនឹងទទួលខុសត្រូវទាំងអស់ តែសុំឲ្យរដ្ឋាភិបាលលើកលែងដល់កូនស្រីរបស់លោកដែលជាចាងហ្វាង។
លោក Bernard បានពន្យល់ថា លោកបានយល់ព្រមក្នុងការលក់ទ្រព្យសម្បត្តិកាសែតទៅឲ្យកូនស្រី នៅក្នុងខែមីនា ឆ្នាំ២០១៧។ ដូច្នេះលោកថា នេះជាការទទួលខុសត្រូវរបស់លោក ចាប់ពីការបង្កើតកាសែតឆ្នាំ ១៩៩៣ ដល់ខែមីនា ឆ្នាំ២០១៧។
លោកបន្តថា កូនស្រីរបស់លោក បានគោរពត្រឹមត្រូវតាមច្បាប់របស់កម្ពុជា។
លោកបានសរសេរនៅក្នុងលិខិតដែលមានអត្ថន័យដើមថា៖ «ខ្ញុំសូមឲ្យអ្នកអនុញ្ញាតឲ្យខ្ញុំទទួលខុសត្រូវចំពោះកាសែត The Cambodia Daily នៅក្នុងរយៈពេលដែលជាការគ្រប់គ្រងរបស់ខ្ញុំ និងកុំដាក់ការទទួលខុសត្រូវនេះ ទៅលើកូនស្រីរបស់ខ្ញុំ។ ខ្ញុំកំពុងរៀបចំធ្វើដំណើរទៅប្រទេសកម្ពុជា ដើម្បីជួយកូនស្រីរបស់ខ្ញុំ»។
លោក Bernard ដែលជាមិត្តភ័ក្តិម្នាក់របស់អតីតព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុ បានពន្យល់បន្ថែមថា លោកបានចំណាយថវិកាផ្ទាល់ខ្លួនរបស់លោក និង ការលក់ពាណិជ្ជកម្មមួយចំនួន ដើម្បីផ្គត់ផ្តង់ការចំណាយរបស់កាសែត។ លោកបានបន្ថែមថា កាសែតមិនដែលទទួលបានជំនួយ ឬការឧបត្ថម្ភពីអង្គការឬអង្គការនយោបាយណាមួយនោះទេ។
លោក Bernard បានបញ្ជាក់ថា៖ «ខ្ញុំបានបង្កើតកាសែតនេះ ក្នុងឆ្នាំ១៩៩៣ ដើម្បីផ្តល់នូវសេវាព័ត៌មានដែលមានគុណភាពខ្ពស់មួយ និងដើម្បីជួយប្រជាជនកម្ពុជា ហើយសម្តេចបានអនុញ្ញាតឲ្យយើងបោះពុម្ពអត្ថបទ ដោយសេរី បើទោះជាអ្នកមិនយល់ស្របនឹងរឿងមួយចំនួនរបស់យើងក៏ដោយ»។
លោកបន្តថា ក្តីសង្ឃឹមរបស់លោក គឺឲ្យកូនស្រីបន្តដឹកនាំកាសែតមួយនេះ ក្រោយលោកទទួលមរណភាព។
កាសែតដេលី បានបិទដំណើរការរបស់ខ្លួន ចាប់តាំងពីថ្ងៃទី៤ ខែកញ្ញា បន្ទាប់ពីដំណើរការជាង២៤ឆ្នាំ នៅក្នុងប្រទេសកម្ពុជា ដោយប្រឈមនឹងការទារឲ្យបង់ពន្ធពីសំណាក់រដ្ឋាភិបាល ចំនួនជាង៦លានដុល្លារអាមេរិក។
ការបិទកាសែតដ៏ល្បីមួយនេះ នាំឲ្យមានការរិះគន់ពីអ្នកអានក្នុងស្រុក ក្រៅស្រុក និងសហគមន៍អន្តរជាតិ និងត្រូវបានមើលឃើញថាជាគំនាបទៅលើប្រព័ន្ធផ្សព្វផ្សាយនៅមុនការបោះឆ្នោតសកលឆ្នាំ២០១៨។
ចំណែកនៅក្នុងលិខិតមួយច្បាប់ជាភាសាខ្មែរ ចុះថ្ងៃទី៩ ខែកញ្ញា ដែលត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គម និងសារព័ត៌មានក្នុងស្រុក អ្នកស្រី Deborah Krisher-Steele ដែលជាអតីតចាងហ្វាងកាសែត បានសរសេរពីប្រទេសជប៉ុនថា អ្នកស្រី និងឪពុករបស់អ្នកស្រី មិនមានបំណងគេចវេសពីការទទួលខុសត្រូវចំពោះច្បាប់ពន្ធដារ និងច្បាប់នានារបស់កម្ពុជាឡើយ។
នៅក្នុងលិខិតដែលមានអត្ថន័យទន់ភ្លន់ទៅរដ្ឋាភិបាល អ្នកស្រី Deborah បានសរសេរថា៖ «ខ្ញុំពិតជាសោកស្តាយដែលមានអត្ថាធិប្បាយជាច្រើនពីមជ្ឈដ្ឋានក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស បានចាត់ទុក ការបិទព្រឹត្តិបត្រឌឹខេមបូឌា ដេលី ភ្ជាប់ទៅនឹងរឿងនយោបាយ ហើយបានចោទរាជរដ្ឋាភិបាលព្យាយាមបំបិទសិទ្ធិសេរីភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា»។
អ្នកស្រីបានបន្ថែមថា៖ «ខ្ញុំមានបំណងគោរពសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាពិនិត្យពិចារណា និងជួយរកដំណោះស្រាយ ស្របតាមច្បាប់ប្រទេសកម្ពុជា និងឈរលើគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី»។
អ្នកស្រីក៏បានស្នើឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួយដោះស្រាយបញ្ហានេះ ដើម្បីជួយឲ្យកាសែតដំណើរការឡើងវិញ និងជួយបុគ្គលិកខ្មែរ ៤៥នាក់ ដែលបានបាត់បង់ការងារ។
ទោះជាយ៉ាងណា វាជារឿងចម្លែកមួយដែលលិខិតរបស់អ្នកស្រី Deborah មិនមានសរសេរជាភាសាអង់គ្លេសនោះទេ។ អ្នកស្រី Deborah បានបដិសេធអត្ថាធិប្បាយបន្ថែមលើលិខិតមួយច្បាប់នេះ។
មុនការបិទកាសែតនេះ អ្នកកាសែតជើងចាស់ ដែលស្និទ្ធិនឹងរដ្ឋាភិបាល និងជាម្ចាស់គេហទំព័រព័ត៌មាន ក្នុងស្រុកមួយ ឈ្មោះដើមអម្ពិល គឺលោក សយ សុភាព បានជួបជាមួយថ្នាក់ដឹកនាំកាសែត ហើយបានព្យាយាមផ្តល់យោបល់ ដើម្បីជួយកាសែតមួយនេះ។
លោក សយ សុភាព បានថ្លែងប្រាប់ VOA នៅថ្ងៃអាទិត្យថា លោកចាត់ទុកលិខិតរបស់ស្ថាបនិក និងចាងហ្វាងកាសែតឌឹ ខេមបូឌា ដេលី ជាលិខិតមួយដែលបង្ហាញ «ភាពទន់ភ្លន់» ចំពោះរដ្ឋាភិបាល។
លោកមានប្រសាសន៍ថា៖ «យើងឃើញថាជាលិខិតមួយដែលមានកាយវិការទន់ភ្លន់ គោរពនូវមេដឹកនាំប្រទេសខ្មែរ។ គោរពនូវច្បាប់ខ្មែរ។ ខ្ញុំយល់ថា នេះជាលិខិតមួយដែលមានសុជីវធម៌ចំពោះថ្នាក់ដឹកនាំយើង ក៏ដូចជាប្រជាជាតិយើងដែរ»។
លោកបន្ថែមថា៖ «អញ្ចឹងខ្ញុំគិតថានេះជាចំណុចមួយ ដែលកំពុងតែដើរលើផ្លូវដែលត្រូវ។ តែត្រង់ថាយ៉ាងម៉េចទៀត ខ្ញុំក៏មិនដឹងដែរ»។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានថ្លែងប្រាប់ VOA នៅថ្ងៃអាទិត្យថា លិខិតរបស់កាសែត ខេមបូឌា ដេលី មិនមានឥទ្ធិពលអ្វីនោះទេ ដោយសារករណីនេះជាកាតព្វកិច្ចនៃការបង់ពន្ធ គឺមិនពាក់ព័ន្ធនឹងនាយករដ្ឋមន្រ្តី។
លោកបានមានប្រសាសន៍ថា៖
«សម្តេចលោកបានលើកឡើងថា មិនមានរឿងពាក់ព័ន្ធនឹងនាយករដ្ឋមន្រ្តីទេ។ វាពាក់ព័ន្ធតែពីរឿងការងាររបស់ស្ថាប័នពន្ធហ្នឹងឯង។ ដូច្នេះគេគួរតែទៅទាក់ទង ទៅនិយាយទៅដោះស្រាយជាមួយពន្ធហ្នឹងឯង។ ទៅទៅ វាចប់ហើយ។ ជាជាងដើរធ្វើយុទ្ធនាការ វាយអាក្រក់ ឲ្យគេយល់ច្រឡំ មកលើរាជរដ្ឋាភិបាលកម្ពុជា»។
កន្លងទៅ លោក ហ៊ុន សែន បានហៅកាសែត ខេមបូឌា ដេលី ជា«មេចោរ» មិនបង់ពន្ធ ហើយថា កាសែតមួយនេះតែងតែសរសេរប្រឆាំងរូបលោក។
រដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យកាសែតមួយនេះដំណើរការជាង២៤ឆ្នាំ ដោយមិនបានរំឭករឿងបង់ពន្ធនោះទេ។
អតីតអ្នកកាសែត ខេមបូឌា ដេលី លោក អូន ភាព អាយុ៥៣ឆ្នាំ ដែលបានបំពេញការងារនៅកាសែតតាំងពីឆ្នាំ២០១១ មានប្រសាសន៍ថា លោកមិនមានជំនឿថា រដ្ឋាភិបាលនឹងអនុញ្ញាតឲ្យកាសែតមួយនេះដំណើរការឡើងវិញនោះទេ។
លោកមានប្រសាសន៍ថា៖
«ចំពោះខ្ញុំ ខ្ញុំយល់ថា សង្ឃឹមគឺមានតិចតួចណាស់ ពីព្រោះថារដ្ឋាភិបាលគេមានបំណងបិទកាសែត ខេមបូឌា ដេលីហ្នឹង យូរហើយ មិនមែនទើបតែឥឡូវនេះទេ។ អញ្ចឹងវាជាឱកាសមួយ ឱកាសល្អសម្រាប់គេ ដែលគេបិទ Forever(រហូត)តែម្តង »។
លោក ភាព ដែលតែងតែរាយការណ៍ព័ត៌មានអំពីជម្លោះដីធ្លី ការកាប់បំផ្លាញព្រៃឈើ ការនាំចេញឈើខុសច្បាប់ និងកំពុងប្រឈមនឹងពាក្យបណ្តឹងរបស់អាជ្ញាធរខេត្តរតនគិរី ទៅលើការរាយការណ៍អំពីការ បោះឆ្នោត មានប្រសាសន៍ថា លោកបានរាយការណ៍ព័ត៌មានដែលជាការពិត តែលោកថា រដ្ឋាភិបាល និងអ្នកមានអំណាចមួយចំនួន មិនពេញចិត្តនឹងការរាយការណ៍របស់លោកនោះទេ។
ទោះជាយ៉ាងណា លោកក៏បានបង្ហាញក្តីព្រួយបារម្ភអំពីការបាត់បង់ការងារ ខណៈលោកមិនទាន់រកការងារធ្វើបាន ហើយមានកូន៤នាក់នៅក្នុងបន្ទុក។
លោក អូន ភាព មានប្រសាសន៍ថា៖«អញ្ចឹងខែក្រោយយើងអត់មានការងារ ហ្នឹងបើសិនក្នុងករណីយើងរកអត់បាន។ អញ្ចឹងវាប៉ះពាល់ធ្ងន់ធ្ងរទៅលើការចំណាយផ្សេងៗ»។
នៅថ្ងៃបិទកាសែត អគ្គនាយកដ្ឋានពន្ធដារ បានដាក់ពាក្យបណ្ដឹងពីរផ្សេងគ្នា ប្រឆាំងនឹងថ្នាក់ដឹកនាំរបស់ កាសែត ខេមបូឌា ដេលី។
បើតាមពាក្យបណ្តឹងនោះ អគ្គនាយកដ្ឋានពន្ធដារ បានប្តឹងស្ថាបនិក លោក Bernard Krisher អ្នកស្រីចាងហ្វាង Deborah Krisher Steele និងអ្នកចាត់ការទូទៅ គឺលោក Douglas Eric Steele ដែលជាស្វាមីរបស់អ្នកស្រី Deborah ពីបទគេចវេសពន្ធ និងបទធ្វើឱ្យរាំងស្ទះដល់ការអនុវត្តបទប្បញ្ញត្តិពន្ធតាមមាត្រា១៣៥ និងមាត្រា១៣៦នៃច្បាប់ស្ដីពីសារពើពន្ធ។
ចំណែកនៅក្នុងពាក្យបណ្តឹងមួយទៀត អ្នកស្រី Deborah Krisher Steele ត្រូវបានប្តឹងពីបទបរិហារកេរ្តិ៍ តាមមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ទាក់ទងនឹងការចោទប្រកាន់ការទម្លាយឯកសារពន្ធជាសាធារណៈ ហើយទាមទារប្រាក់ប៉ះប៉ូវជំងឺចិត្ត៨០០លានរៀល (ប្រហែល២០ម៉ឺនដុល្លារអាមេរិក)។
ស្ថាប័នអន្តរជាតិនានាក៏បានចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់ ប្រតិកម្មទៅនឹងការបិទទ្វារដោយបង្ខំរបស់កាសែតជាភាសាអង់គ្លេសមួយនេះ។ ខណៈការបង្ខំឲ្យបិទកាសែតមួយនេះ វិទ្យុVOA វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងប្រជាធិបតេយ្យ(VOD) ក៏ត្រូវបានបញ្ឈប់ការជួលម៉ោងផ្សាយរបស់ខ្លួន។
អ្នកវិភាគនយោបាយ និងបញ្ហាសង្គម លោក មាស នី មានប្រសាសន៍ថាលោកមិនមានជំនឿថា កាសែត ខេមបូឌា ដេលី នឹងអាចដំណើរការឡើងវិញ មុនការបោះឆ្នោតនោះទេ។
លោកមានប្រសាសន៍ថា៖ «សម្រាប់ខ្ញុំ ខ្ញុំមើលទៅ រហូតមកដល់ថ្ងៃនេះ ខ្ញុំមិនទាន់មើលឃើញ លទ្ធភាពដែល ដេលី ខ្លួនឯងទាមទារ ដើម្បីសុំឲ្យមានការវិលត្រឡប់ ដើម្បីធ្វើការផ្សព្វផ្សាយធម្មតាឡើងវិញ។ ខ្ញុំគិតថា មិនទាន់ឈានដល់ប៉ុណ្ណឹងទេបាទ លើកលែងតែមានការសម្រុះសម្រួល ឬការដាក់សម្ពាធពីអន្តរជាតិបន្ថែមទៀត អាហ្នឹងបានអាចមានឈានចូលដល់ការត្រឡប់មកវិញ របស់ ខេមបូឌា ដេលី»។
លោក មាស នី បានចោទជាសួរថា ហេតុអ្វីបានជារដ្ឋាភិបាល បណ្តោយឲ្យកាសែត ខេមបូឌា ដេលី មិនបានបង់ពន្ធជាច្រើនឆ្នាំ ហើយទើបតែមកចាត់ការនៅពេលនេះ៕