ជារៀងរាល់ព្រឹក តាំងពីពេលចាប់ផ្ដើមលក់កាសែតនៅឆ្នាំ១៩៩៦មក អ្នកស្រី ស្រីមុំ តែងទទួលបានកាសែត The Cambodia Daily ជាច្រើនច្បាប់ ជាមួយនឹងព្រឹតិ្តបត្រកាសែតផ្សេងទៀតសម្រាប់លក់រាយ និងចែកចាយនៅតូបកាសែតរបស់អ្នកស្រី ក្នុងខណ្ឌដូនពេញ។
ដូចសព្វមួយដង នៅព្រឹកថ្ងៃចន្ទនេះ អ្នកស្រី ស្រីមុំ ដែលមានប្រភពចំណូលគ្រួសារពឹងផ្អែកទៅលើការលក់កាសែត បានទទួលព្រឹត្តិបត្រកាសែត The Cambodia Daily ព្រមពេលដែលអ្នកដឹកជញ្ជូនកាសែតជាភាសាអង់គ្លេសមួយនេះប្រាប់លោកស្រីថា នេះជាថ្ងៃចុងក្រោយនៃការដឹកជញ្ជូនចែកចាយកាសែតមួយនេះ។
អ្នកស្រី ស្រីមុំ ដែលស្នើសុំមិនបញ្ចេញឈ្មោះពេញជាមួយនឹងការភ័យខ្លាចចំពោះការនិយាយដោយចំហទៅកាន់សាធារណមតិ បានប្រាប់ VOA នៅព្រឹកថ្ងៃចន្ទនេះថា៖
«គេប្រាប់ថា [The Cambodia] Daily ចេញតែថ្ងៃហ្នឹងទៀតទេ លែង ... ឈប់ចេញហើយ»។
កាលពីថ្ងៃអាទិត្យ កាសែតជាភាសាអង់គ្លេសប្រចាំថ្ងៃរាងតូចច្រលឹងមួយនេះបានប្រកាសក្នុងសេចក្ដីថ្លែងការណ៍មួយអំពីការបញ្ចប់ប្រតិបត្តិការណ៍ផ្សាយប្រចាំថ្ងៃរបស់ខ្លួន ក្រោយពីចេញផ្សាយអស់រយៈពេល២៤ឆ្នាំតាំងឆ្នាំ១៩៩៣មក។
ការសម្រេចបិទទ្វាររបស់សារព័ត៌មានជាភាសាអង់គ្លេសនេះ កើតមានចំពេលភាពចម្រូងចម្រាសជាមួយអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ របស់កម្ពុជាដែលកាលពីថ្ងៃទី៤ ខែសីហាកន្លងទៅ បានចេញវិក្កយបត្រពន្ធដែលចែងថាព្រឹត្តិបត្រនេះជំពាក់លុយពន្ធរដ្ឋ ២៥ពាន់លានរៀល (ប្រហែល៦.៣លានដុល្លារអាមេរិក)។
កាសែត The Cambodia Daily បានដាក់ការសង្ស័យទៅលើដំណើរការគណនាឯកតោភាគីរបស់រដ្ឋាភិបាលទៅលើវិក្កយបត្រពន្ធ ហើយកាសែតនេះបានទាមទារម្ដងហើយម្ដងទៀតឱ្យមានការស៊ើបអង្កេត និងធ្វើសវនកម្មឱ្យបានត្រឹមត្រូវ តែមិនទទួលបានជោគជ័យឡើយមកទល់នឹងថ្ងៃបិទទ្វារ។
លើសពីនេះទៅទៀត នាយករដ្ឋមន្ត្រី ហ៊ុន សែន បុរសខ្លាំងនៃកម្ពុជា បានប្រកាសហៅកាសែត The Cambodia Daily ថាជា «មេចោរ» ដោយចោទបន្ថែមទៅលើការទាមទារលុយពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ។
នៅក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃអាទិត្យ កាសែត The Cambodia Daily បានប្រកាសថា៖
«អំណាចនៃការទារពន្ធគឺជាអំណាចនៃការធ្វើឱ្យវិនាស។ នៅបន្ទាប់ពីរយៈពេល២៤ឆ្នាំនិង១៥ថ្ងៃ រដ្ឋាភិបាលបានធ្វើឱ្យខ្ចាត់និរាសកាសែត The Cambodia Daily ដែលជាផ្នែកដ៏សំខាន់ និងល្អឯកមួយនៃសារព័ត៌មានសេរីនៅកម្ពុជា»។
ការបិទទ្វារនៃកាសែត The Cambodia Daily កើតមាននៅចំពេលដែលមានព្រឹត្តិការណ៍នយោបាយកើតឡើងបន្តកន្ទុយគ្នារួមមានការចាប់ខ្លួន លោក កឹម សុខា មេដឹកនាំបក្សជំទាស់ ការបិទទ្វារនិងបណ្ដេញបុគ្គលិកនៃវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ការហាមប្រាមវិទ្យុក្នុងស្រុកមិនឱ្យចាក់កម្មវិធីផ្សាយរបស់វិទ្យុបរទេសរួមមានវិទ្យុសំឡេងសហរដ្ឋអាមេរិ និងវិទ្យុអាស៊ីសេរីជាដើម។
ក៏ប៉ុន្តែសម្រាប់អាជីវករលក់កាសែតដូចជាអ្នកស្រី ស្រីមុំ ថាការបិទទ្វារនៃកាសែត The Cambodia Daily ជាការធ្លាក់ចុះនៃចំណូលប្រចាំថ្ងៃដែលលោកស្រីធ្លាប់រកបានប្រមាណ៧០ច្បាប់ក្នុងមួយថ្ងៃៗ ដែលក្នុងមួយច្បាប់លោកស្រីអាចលក់បានក្នុងតម្លៃឯកតា ២៥០០ រៀល។
«ចំណេញ ចំណេញគ្រាន់បានហូប ... តែដល់តែបិទទៅ វាអស់សង្ឃឹម អស់រលីង។ វាអស់សង្ឃឹមដោយសារតែកាសែតក៏បិទ VOA ក៏បិទ»។
អ្នកស្រី ស្រីមុំ បានបន្ថែមថា៖
«ចង់ឱ្យគាត់ចេញវិញ ដើម្បីឱ្យប្រជាពលរដ្ឋយើង ចេះមើល ចេះដឹងទៅ កាន់តែ Update ដូចថាគំនិត ចំណេះចេះដឹងកាន់តែខ្ពស់ ចង់និយាយអ៊ីចឹង»។
ក្នុងថ្ងៃតែមួយនៅព្រឹកថ្ងៃចន្ទនេះ នៅគ្រប់តូបកាសែតដែល VOA បានទៅដល់ កាសែត The Cambodia Daily បានលក់អស់គ្មានសល់នៅមុនពេលថ្ងៃត្រង់ ឯតូបកាសែតខ្លះទៀត ថែមទាំងបានធ្វើការថតចម្លងព្រឹត្តិបត្រចុងក្រោយនេះ លក់បន្ថែមខណៈដែលអ្នកទិញបានសម្រុកទៅទិញច្បាប់ចុងក្រោយនៅថ្ងៃអវសាន្តកាសែតជាភាសាអង់គ្លេសមួយនេះ។
អ្នកទិញ និងអ្នកលក់កាសែតជាច្រើន សុទ្ធតែបដិសេធមិនហ៊ានផ្ដល់បទសម្ភាសនោះទេនៅថ្ងៃចន្ទនេះ ដោយអះអាងថាពួកគាត់មានការភ័យខ្លាច ខណៈស្ថានភាពនយោបាយក្នុងប្រទេសកំពុងតានតឹង។
នៅក្នុងច្បាប់ចុងក្រោយនៃការផ្សាយរបស់កាសែត The Cambodia Daily ទំព័រមុខ បានផ្ដើមជាមួយរូបថតរបស់លោក កឹម សុខា ប្រធានគណបក្សជំទាស់ដែល ត្រូវបាននគរបាលចាប់វាយខ្នោះ ព្រមនឹងចំណងជើងធំៗថា «ការរអិលធ្លាក់ចូលទៅកាន់អំពីផ្ដាច់ការពេញទី»។
ក្នុងបទសម្ភាសមួយជាមួយ VOA កាលពីល្ងាចថ្ងៃទី៣ ខែកញ្ញាដែលជាថ្ងៃធ្វើការចុងក្រោយរបស់ The Cambodia Daily នៅមុនពេលបិទទ្វារ អ្នកស្រីនិពន្ធនាយិកា Jodie DeJonge បាននិយាយថា ការបាត់បង់នៃកាសែត The Cambodia Daily ជាការបាត់បង់នូវប្រភពព័ត៌មានដ៏គួរឱ្យទុកចិត្តដែលមនុស្សជាច្រើនរំពឹងទៅលើ ដើម្បីស្វះស្វែងរកដំណឹងពិត និងសុក្រឹត។
«យើងមានការសោកស្ដាយដែលត្រួវឃ្លាតឆ្ងាយពីមិត្តអ្នកអានទាំងអស់ ខ្ញុំដឹងថាអ្នកទាំងអស់គ្នានឹងទទួលនូវអារម្មណ៍ថាបាត់បង់អ្វីមួយដោយធ្ងន់ធ្ងរជាមួយនឹងការបាត់បង់ទៅនូវកាសែត The Cambodia Daily។ ហើយបើខ្ញុំត្រូវផ្ដល់ជាសារអ្វីនោះ ខ្ញុំចង់និយាយថា យើងពិតជាចង់[បម្រើលោកអ្នក]បន្តទៀត ហើយយើងជឿជាក់ថាអ្នករាល់គ្នាគួរតែទទួលបានអ្វីដែលល្អជាងនេះ ហើយយើងពិតជាសោកស្ដាយ ដែលយើងនឹងមិនមានវត្តមាននៅទីនេះបន្តទៀតទេ បន្ទាប់ពីថ្ងៃចន្ទទៅ»។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយចេញនៅល្ងាចថ្ងៃទី៤ ខែកញ្ញានេះ ក្លឹបអ្នកកាសែតកម្ពុជាក៏បានសម្ដែងនូវការ «សោកស្ដាយ» ផងដែរ ចំពោះការបិទទ្វាររបស់កាសែត The Cambodia Daily ហើយហៅការបិទទ្វារនេះថាជាការឆកល្វែងធ្វើឱ្យ «បាត់បង់ប្រភពព័ត៌មានមួយសម្រាប់អ្នកអានរបស់ខ្លួន»។
«ក្លឹបអ្នកកាសែតកម្ពុជាសូមអំពាវនាវដល់ម្ចាស់កាសែត The Cambodia Daily គួររកវិធីសម្របសម្រួល ជាមួយអគ្គនាយកដ្ឋានពន្ធដារដើម្បីរកដំណោះស្រាយសមស្របមួយដែលអាចអនុញ្ញាតឱ្យកាសែតមួយនេះដំណើរការឡើងវិញបាន»។
បើទោះជា កាសែត The Cambodia Daily ដែលដំណើរការជាង២៤ឆ្នាំដោយមិនយកប្រាក់កម្រៃត្រូវបង្ខំបិទក្នុងភាព ហ្មងសៅក៏ដោយ ក៏អគ្គនាយកដ្ឋានពន្ធដារនៅតែប្រកាន់ជំហរតឹងរ៉ឹងចំពោះការទាមទារពន្ធពីសំណាក់កាសែតនេះ។ ក្នុងលិខិតមួយរបស់អគ្គនាយដ្ឋានពន្ធដារផ្ញើជូនអគ្គនាយកអន្តោប្រវេសន៍ កាលពីថ្ងៃចន្ទ និងត្រូវផ្សព្វផ្សាយតាមព័ត៌មានក្រុងស្រុក អគ្គនាយដ្ឋានពន្ធដារថាកាសែតនេះនៅតែត្រូវ បង់ថ្លៃជំពាក់ពន្ធ បើទោះណាជាត្រូវបិទទ្វារក៏ដោយ ហើយអ្នកតំណាងអាជីវកម្មបោះពុម្ភផ្សាយនៅកម្ពុជា ត្រូវបានហាមមិនឱ្យចេញពីប្រទេសកម្ពុជាឡើយប្រសិនបើមិនព្រមបង់នោះទេ។
VOA មិនអាចត្រូវបានទាក់ទង មន្ត្រីនិងអ្នកនាំពាក្យក្រសួងព័ត៌មានសុំការបំភ្លឺបានទេនៅថ្ងៃចន្ទនេះ។
លោក មឿន ឈានណារិទ្ធិ អ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ បាននិយាយថាការបិទទ្វារនៃកាសែត The Cambodia Daily នៅចំពេលដែលឧស្សាហកម្មព័ត៌មានបោះពុម្ភផ្សាយកំពុងដាំក្បាលចុះ មិនថាតែនៅកម្ពុជានោះទេ តែជាបាតុភូតសាកលនៅពេលសាធារណជនមិត្តអ្នកអានមានជម្រើសកាន់តែច្រើន។
លោក ឈានណារិទ្ធិ បានបន្ថែមថា ការបាត់បង់កាសែត The Cambodia Daily គឺជារូបភាពមិនល្អសំរាប់មួយសម្រាប់សារព័ត៌មានដទៃ ហើយតម្រូវឱ្យអ្នកសារព័ត៌មានដទៃប្រយ័ត្នប្រយែងសម្ដីជាងមុន លើការរាយការណ៍ព័ត៌មាននានា ជាមួយនឹងការចាប់ពិរុទ្ធខ្លួនឯងមិនសូវហ៊ានសរសេរប៉ះពាល់មន្ត្រីនិងអ្នកមានអំណាចក្នុងស្រុក។
លោក មឿន ឈានណារិទ្ធិ បញ្ជាក់ថា៖
«ប្រសិនបើមានការគំរាមកំហែង ទៅលើសេរីភាពរបស់អ្នកសារព័ត៌មានម្នាក់ ឬក៏អង្គភាពសារព័ត៌មានណាមួយ ក៏អ្នកសារព័ត៌មានទាំងអស់ត្រូវតែមានការព្រួយបារម្ភដែរ ព្រោះអីអាចមិនយូរមិនឆាប់ សម្ពាធហ្នឹងអាចធ្លាក់ដល់អ្នកសារព័ត៌មានដទៃទៀតក៏ថាបានដែរ »។
កាសែត The Cambodia Daily បើកផ្សាយដំបូងនៅខែសីហា ឆ្នាំ១៩៩៣ ដោយអ្នកកាសែតអាមេរិកម្នាក់ឈ្មោះ Bernard Krisher ជាចាងហ្វាងផ្សាយ។ មកដល់ពេលបច្ចុប្បន្ននេះ ជារឿយៗ សារព័ត៌មាននេះតែងរាយការណ៍អត្ថបទព័ត៌មានដែលមានលក្ខណៈរសើប និងរិះគន់ រដ្ឋបាលដឹកនាំប្រទេសបច្ចុប្បន្ន។ អ្នកគាំទ្រ និយមការអាន និងអតីតបុគ្គលិកកាសែត The Cambodia Daily បានសម្តែងក្តីសោកស្តាយ និងខឹងសម្បាចំពោះការ បង្ខំឱ្យកាសែតនេះឈានដល់ការបិទទ្វា៕
អ្នករាយការណ៍អត្ថបទព័ត៌មាននេះធ្លាប់ជាកម្មសិក្សាការីរយៈពេលខ្លីនៅកាសែត The Cambodia Daily កាលពីឆ្នាំ២០១៥