ភ្នំពេញ៖ តុលាការខេត្តព្រះសីហនុ នៅថ្ងៃច័ន្ទនេះ បានចាប់ផ្តើមកោះហៅជនរងគ្រោះចំនួន៦នាក់មកសាកសួរ បន្ទាប់ពីពួកគេបានសម្រេចដកពាក្យបណ្តឹងកាលពីសប្តាហ៍មុនប្រឆាំងទំទាស់នឹងមហាសេដ្ឋជនជាតិរុស្ស៊ី។ នេះបើតាមការបញ្ជាក់ពីមេធាវីការពារជនរងគ្រោះ។
កាលពីដើមខែមករា សាលាដំបូងខេត្តព្រះសីហនុបានចោទប្រកាន់ជនជាតិរុស្ស៊ីចំនួន៣នាក់ពីបទសង្ស័យថា បានឃុំខ្លួនបុគ្គលិករបស់ខ្លួនចំនួន៦នាក់និងបង្ខំឲ្យពួកគេលោតទឹកសមុទ្រ។
លោកប៉ូឡុនស្គី សេហ្គេ (Po Lonsky Sergie) អាយុ៤១ឆ្នាំ ជាម្ចាស់សណ្ឋាគារនិងភោជនីយដ្ឋានពស់ និងមានសណ្ឋាគារនៅកោះដែកគោលព្រមទាំងពីរនាក់ទៀតជានាយនាវានៃនាវាកំសាន្តមួយនៅខេត្តព្រះសីហនុត្រូវចាប់ខ្លួនក្នុងកណ្តាលសមុទ្រ ដោយកងរាជអាវុធហត្ថខេត្តព្រះសីហនុកាលពីថ្ងៃទី៣០ខែធ្នូ បន្ទាប់ពីពួកគេបានចាប់បង្ខាំងបុគ្គលិកនាវារបស់ខ្លួនចំនួន៦នាក់ នៅក្នុងបន្ទប់ទឹក ដោយប្រើកាំបិតចុងស្រួចភ្ជង់ក រួចបង្ខំឲ្យពួកគេលោតទឹកសមុទ្រ។
ហេតុការណ៍នេះបានកើតមានឡើងនៅចំណុចកោះដូង ដោយមិនមានប្រភពជាក់លក្ខណ៍ណាមួយបង្ហាញអំពីមូលហេតុច្បាស់លាស់ទេ។ក្រោយពីកើតហេតុ ជនជាតិរុស្ស៊ីទាំងបីនាក់ក៏បើកនាវាចេញដំណើរចោលជនរងគ្រោះ។
ជនរងគ្រោះត្រូវបានសង្គ្រោះដោយកងល្បាតសមុទ្រ បន្ទាប់ពីពួកគេបានលោតទឹក នៅពេលដែលនាវាកំពុងធ្វើដំណើរ ហើយពួកគេបានឃើញកងនាវាល្បាត។
បន្ទាប់ពីមានការចរចា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ជនរងគ្រោះជនជាតិខ្មែរទាំង៦នាក់បានសម្រេចដកពាក្យបណ្តឹងប្រឆាំងជនជាតិរុស្ស៊ីពីបទបង្កហិង្សាដោយចេតនា និងបង្ករបួសស្នាម។
លោកអ៊ូច សុភ័ត្រា មេធាវីការពារជនរងគ្រោះ បាននិយាយថា តុលាការបានសាកសួរអំពីមូលហេតុនៃការដកពាក្យបណ្តឹង និងដំណើររឿងដែលនាំឲ្យហេតុការណ៍នេះបានកើតឡើង។
លោកបាននិយាយថា កូនក្តីរបស់លោកមានដំណើររឿងខុសៗគ្នា។ អ្នកខ្លះត្រូវបាននាយនាវាកំសាន្តចាប់បង្ខាំងក្នុងបន្ទុបទឹក ហើយក្រោយមកឲ្យពួកគេដោះសម្លៀកបំពាក់ចេញនៅសល់តែខោខ្លី ហើយបានបង្ខំឲ្យពួកគេលោតចុះទឹកសមុទ្រតែម្តង។
លោកបាននិយាយថា លោកមិនដឹងមូលហេតុពិតប្រាកដទេ ថាហេតុអ្វីបានជាកូនក្តីរបស់លោកមានទំនាស់ជាមួយជនជាតិរុស្ស៊ីទាំងនោះទេ។
«គាត់តែងតែបញ្ជាក់ហើយថា មូលហេតុអ្វីបានដកបណ្តឹង ហើយយើងក៏បានបញ្ជាក់ទៅវិញថា យើងទទួលបានសំណងហើយ យើងអត់មានអ្វីត្រូវប្តឹងទៀតទេ»។
បន្ទាប់ពីមានការចរចាគ្នា ជនជាតិរុស្ស៊ីបានផ្តល់សំណងចំនួន២ម៉ឺនដុលា្លរសហរដ្ឋអាមេរិកដល់ជនរងគ្រោះ។ ក៏ប៉ុន្តែជនរងគ្រោះទាំង៦នាក់ទទួលបានតែ១០០០ដុល្លារតែប៉ុណ្ណោះក្នុងម្នាក់ៗ។
លោកផេង ធឿន អ្នកមើលការខុសត្រូវផ្ទះសំណាក់ និងភោជនីយដ្ឋានពស់ដែលចេញមុខរៀបចំការសម្របសម្រួល បាននិយាយថា ប្រាក់ផ្សេងៗទៀតត្រូវបង់សេវាមេធាវី និងបង់សោហ៊ុយដល់ប្រេងសាំងសម្រាប់នាវាជួយសង្គ្រោះ។
«មុនហ្នឹង វាប្រជុំគ្នា វាព្រមទទួលសំណងប៉ុនហ្នឹងម្នាក់ ហើយនិងថ្លៃមេធាវីថ្លៃអី។ គេគិតសរុបគត់ៗ មិនឲ្យមានសល់អ្វីទេ»។
វីអូអេបានព្យាយាមទាក់ទងលោកស្រីស៊ លីនណា ចៅក្រមស៊ើបសួរខេត្តព្រះសីហនុ ដើម្បីសុំអត្ថាធិប្បាយបំភ្លឺ តែមិនអាចទាក់ទងបានទេ ដោយទូរស័ព្ទរបស់អ្នកស្រីទទួលការហៅចូលហើយ តែគ្មានអ្នកទទួល។
កាលពីសប្តាហ៍មុន នាយកដ្ឋានព័ត៌មាននៃក្រសួងការបរទេសប្រទេសរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍មួយដោយទាមទារឲ្យមានការស៊ើបអង្កេតឲ្យបានហ្មត់ចត់លើករណីចាប់ខ្លួនជនជាតិរុស្ស៊ីបីនាក់នៅខេត្តព្រះសីហនុ។
សេចក្តីថ្លែងការណ៍ដដែលបាននិយាយថា «យោងតាមសភាពធ្ងន់ធ្ងរនៃបទចោទប្រកាន់យើងចាត់ទុកថា វាមានភាពចាំបាច់ត្រូវមានការស៊ើបអង្កេតឲ្យគ្រប់ជ្រុងជ្រោយ និងរកយុត្តិធម៌ឲ្យបានច្បាស់លាស់នូវគ្រប់កាលានុវត្តភាពចំពោះករណីនេះ»។
សេចក្តីថ្លែងការណ៍ដដែលបានលើកឡើងថា ស្ថានទូតរុស្ស៊ីប្រចាំទីក្រុងភ្នំពេញបានទាក់ទងជាប្រចាំដើម្បីការពារផលប្រយោជន៍ដល់ជនជាតិរបស់ខ្លួនដើម្បីធានាថា អ្នកដែលជាប់ឃុំឃាំងទទួលបានមេធាវី និងអ្នកបកប្រែ៕