ភ្នំពេញ៖ តុលាការខេត្តព្រះសីហនុនៅថ្ងៃពុធនេះបានចាប់ផ្តើមសាកសួរជនជាតិរុស្ស៊ីចំនួនបីនាក់ក្រោមបទចោទប្រកាន់បង្ខាំងមនុស្សខុសច្បាប់និងប្រើអំពើអំពើហិង្សាទៅលើជនរងគ្រោះជនជាតិខ្មែរចំនួន៦នាក់កាលពីចុងខែធ្នូ។នេះបើតាមការបញ្ជាក់ពីអ្នកបកប្រែ។
លោកតឹល សាមុតអ្នកបកប្រែភាសាររុស្ស៊ីបាននិយាយថាជនជាតិរុស្ស៊ីទាំងបីនាក់ត្រូវបានតុលាការបានចោទប្រកាន់ខុសៗគ្នា។ លោកបាននិយាយថាលោក ប៉ូឡុនស្គី សេហ្គេ (Polonsky Sergei)ត្រូវបានតុលាការចោទប្រកាន់ពីបទបង្ខាំងមនុស្សខុសច្បាប់និងប្រើអំពើហិង្សា។ ចំណែកជនជាតិរុស្ស៊ីពីរនាក់ផ្សេងទៀតត្រូវបានចោទប្រកាន់ពីបទឃុបឃិតនិងផ្សំគំនិត។
លោកបាននិយាយថានៅក្នុងបន្ទប់សាកសួរមានលោកស្រីចៅក្រមស៊ន លីនណានិងលោកព្រះរាជអាជ្ញារងហួត វិចិត្រនិងមានវត្តមានជនជាប់ចោទរុស្ស៊ីទាំងបីនាក់តែពួកគេពុំមានមេធាវីការពារក្តីទេ។
លោកបាននិយាយថាលោកប៉ូឡុនស្គី សេហ្គេបានបដិសេធថាលោកមិនបានប្រព្រឹត្តដែលនាំទៅរកការចាប់បង្ខាំងមនុស្សនិងប្រើប្រាស់អំពើហិង្សាទេ។
«គ្រប់សំណួរទាំងអស់គាត់ឆ្លើយថាមិនដឹងចំពោះមហាសេដ្ឋីហ្នឹង»។
លោកស្រីចៅក្រមស៊ើបសួរ ស៊ន លីនណានិងលោកព្រះរាជអាជ្ញារងហួត វិចិត្រមិនអាចស្នើសុំដើម្បីសេចក្តីអត្ថាធិប្បាយបានទេដោយទូរស័ព្ទមិនមានអ្នកទទួល។
លោកប៉ូឡុនស្គី សេហ្គេ (Polonsky Sergei) អាយុ៤១ឆ្នាំ ជាម្ខាស់សណ្ឋាគារនិងភោជនីយដ្ឋានពស់និងមានសណ្ឋាគារនៅកោះដែកគោលព្រមទាំងជនជាតិរុស្ស៊ីពីរនាក់ទៀតនៅខេត្តព្រះសីហនុត្រូវចាប់ខ្លួនក្នុងកណ្តាលសមុទ្រកាលពីថ្ងៃទី៣០ខែធ្នូ ឆ្នាំមុនបន្ទាប់ពីពួកគេបានចាប់បង្ខាំងបុគ្គលិកនាវារបស់ខ្លួនចំនួន៦នាក់ នៅក្នុងបន្ទប់ទឹក ដោយប្រើកាំបិតចុងស្រួចភ្ជុងក រួចបង្ខំឲ្យពួកគេលោតទឹកសមុទ្រ។ នេះបើតាមរបាយការណ៍របស់សមត្ថកិច្ច។
ហេតុការណ៍នេះបានកើតមានឡើងនៅចំណុចកោះដំឡូងចម្ងាយប្រមាណ១៥ម៉ែត្រពីកោះ ហើយក្រោយពីកើតហេតុរួចមកជនជាតិ រុស្ស៊ី ទាំងបីនាក់ក៏បើកនាវាចេញដំណើរចោលជនរងគ្រោះ។ នេះបើតាមការបញ្ជាក់នៅក្នុងរបាយការណ៍ដដែល។
កាលពីថ្ងៃច័ន្ទមេធាវីការពារក្តីជនជាតិរុស្ស៊ីបានដាក់ពាក្យទៅតុលាការដើម្បីស្នើសុំឱ្យនៅក្រៅឃុំ។
ជនជាតិរុស្ស៊ីទាំងបីនាក់ត្រូវបានអនុរក្សពន្ធនាគារយកទៅរក្សាទុកនៅមន្ទីរឃុំឃាំងក្នុងពន្ធនាគារខេត្តវិញបន្ទាប់ពីតុលាការបានកោះហៅមកសាកសួររួចមក។
លោកតាន់ សារ៉េតអនុប្រធានពន្ធនាគារខេត្តព្រះសីហនុបាននិយាយថាជនជាតិរុស្ស៊ីទាំងបីនាក់ដាក់ក្នុងបន្ទប់ឃុំឃាំងជាមួយគ្នាជាមួយនឹងអ្នកទោសជនជាតិខ្មែរពីរនាក់ផ្សេងទៀតដែលជាប់ចោទពីបទជួញដូរគ្រឿងញៀននិងអំពើលួច។
លោកបាននិយាយថាជនជាតិរស្ស៊ីមានសិទ្ធិដូចអ្នកទោសខ្មែរផ្សេងទៀតដែរ។
«អត់អីទេនៅជាមួយអ្នកទោសខ្មែរយើងដល់ពេលម៉ោងគេចូលទៅចូលជាមួយគេដែរហើយបរិស្ថានយើងធ្វើបន្ទប់ទឹកនិងបង្គន់អនាម័យគេចេះថែទាំខ្លួនគេហើយ»។
លោកបាននិយាយថាបន្ទប់ឃុំឃាំងជនជាតិរស្ស៊ីទាំងបីនាក់នោះទំហំប្រមាណ៣ម៉ែត្របួនជ្រុង។នៅក្នុងបន្ទប់មានទូរទស្សន៍និងកង្ហាហើយលោកមានសុខភាពល្អធម្មតាទេ៕