សាលាឧទ្ធរណ៍ កាលពីថ្ងៃពុធម្សិលមិញនេះ បានតម្កល់ទុកការសម្រេចរបស់តុលាការក្រុងភ្នំពេញដែលបានឃុំខ្លួនលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភានៃគណបក្សសម រង្ស៊ី ក្រោមការចោទប្រកាន់ពីបទ«ក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារក្លែងក្លាយ និងញុះញង់»។ នេះបើតាមការបញ្ជាក់ពីមេធាវីដែលការពារក្តីឲ្យសមាជិកព្រឹទ្ធសភារូបនេះ និងការបញ្ជាក់ពីសកម្មជនសិទ្ធិមនុស្ស។
លោក ហុង សុខហួរត្រូវបានចាប់ខ្លួនកាលពីពាក់កណ្តាលខែសីហា ក្រោយពីមានបទបញ្ជាពីលោកនាយករដ្ឋមន្រ្តីហ៊ុន សែនដែលបានចោទថា សមាជិកព្រឹទ្ធសភារូបនេះបានប្រព្រឹត្តអំពើក្បត់ជាតិទាក់ទងនឹងការបង្ហោះ និងពន្យល់ពីសន្ធិសញ្ញាមួយដែលប្រទេសកម្ពុជានិងវៀតណាមបានចុះហត្ថលេខានៅខែកុម្ភៈឆ្នាំ១៩៧៩។ ការចាប់ខ្លួនសមាជិកព្រឹទ្ធសភាទាំងមានអភ័យឯកសិទ្ធិជាប់នឹងខ្លួននេះ ត្រូវបានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយការប្រកាសនូវបទបញ្ជាដោយលោកនាយករដ្ឋមន្ត្រី។
លោកជួង ជូងី មេធាវីម្នាក់ក្នុងចំណោមមេធាវីបីរូបដែលការពារក្តីឲ្យលោកហុង សុខហួរ បានមានប្រសាសន៍ប្រាប់ VOA ថា លោក ឃុន លាងម៉េង ប្រធានក្រុមប្រឹក្សាអង្គជំនុំជម្រះ បានច្រានចោទពាក្យបណ្តឹងឧទ្ធរណ៍របស់លោកប្រឆាំងនឹងការសម្រេចរបស់តុលាការក្រុងភ្នំពេញ។ តុលាការសាលាឧទ្ធរណ៍សំអាងថា ខ្លួនមិនចង់ឃើញលោកហុង សុខហួរប្រព្រឹត្តខុសសារជាថ្មីទៀត។
«គេបានសម្រេចច្រានចោលបណ្តឹងឧទ្ធរណ៍របស់ខ្ញុំចោល ហើយតម្កល់សម្រេចដីការសម្រាប់ឃុំខ្លួនទុកជាបានការដដែល ដោយសាលាឧទ្ធរណ៍យល់ឃើញថា ដើម្បីបញ្ចប់បទល្មើស កុំឲ្យបទល្មើស កើតជាថ្មី និងរក្សាជនត្រូវចោទ ទុកជូនតុលាការចាត់ការតាមនីតិវិធី និងដើម្បីរារាំងកុំឲ្យមានភាពវឹកវរដល់សង្គម»។
លោកមេធាវីបញ្ជាក់បន្ថែមថា លោកមិនអាចទទួលយកការសម្រេចរបស់តុលាការសាលាឧទ្ធរណ៍នេះបានទេ ហើយថា លោកនឹងប្តឹងទៅតុលាការកំពូលទៀត។
លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ីដែលកាន់សញ្ជាតិបារាំងខ្មែរ កំពុងស្ថិតនៅក្នុងពន្ធនាគារព្រៃស បន្ទាប់ពីតុលាការក្រុងភ្នំពេញបានសម្រេចឃុំខ្លួនលោកកាលពីថ្ងៃទី១៦ ខែសីហាឆ្នាំ២០១៥។
លោកណៃ វ៉ង់ដា អនុប្រធានស៊ើបអង្កេតសិទ្ធិមនុស្ស និងច្បាប់នៃសមាគមអាដហុក បានមើលឃើញថា ការសម្រេចរបស់តុលាការសាលាឧទ្ធរណ៍នេះគឺស្ថិតនៅក្រោមកំសួលនយោបាយដែលកំពុងកើនឡើងសារជាថ្មីទាក់ទិននឹងបញ្ហាបូរណភាពទឹកដី។ លោកនិយាយថា វាជារឿងចម្លែកទៅវិញទេ ប្រសិនបើតុលាការសាលាឧទ្ធរណ៍ព្រមធ្វើតាមពាក្យបណ្តឹងរបស់មេធាវីការពារក្តីឲ្យលោកហុង សុខហួរនោះ។
ថ្លែងនៅក្នុងពិធីបើកសន្និបាតតំណាងសមាគមអតីតយុទ្ធជនទូទាំងប្រទេសនៅវិទ្យាស្ថានជាតិអប់រំ កាលពីព្រឹកថ្ងៃពុធនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនក៏បានចំអកឲ្យមេដឹកនាំគណបក្សប្រឆាំង ដោយនិយាយថា លោកកុហកអ្នកគាំទ្ររបស់ខ្លួនអំពីការដោះលែងមន្ត្រី និងសកម្មជនរបស់ខ្លួននេះ។
«ឥឡូវដោះទៅ! លោកឯងស្រែកថា ខែ៨។ ឥឡូវចូលខែ៩ដោះអត់ចេញផង។ លោកឯងភូតស្អីទៀត ភូតថ្លុកភូតត្រពាំង កុំភូតណា៎។ ចុះមកដល់ សុទ្ធតែថា «អូ!ខែ៨ដោះចេញ»។ ឥឡូវខែ៩ដោះអត់ចេញ លោកឯងថាម៉េច? ប្រជាពលរដ្ឋដែលជាអ្នកគាំទ្រលោកឯង តើនិយាយថាម៉េច ឥឡូវហ្នឹង។ បើគេប្រកាសក្តែងៗថា ខែ៨ដោះរួចហើយឥឡូវខែ៩ ដោះមិនទាន់រួច ឥឡូវធ្វើម៉េច?»
លោកនាយករដ្ឋមន្ត្រីបន្តថា៖ «បើជ្រុលភូត ភូតសមុទ្រអាត្លង់ទិក ប៉ាស៊ីហ្វិកឯណោះ កុំភូតត្រឹមឈូងសមុទ្រថៃស្អីៗនេះ ហោចណាស់ ភូតប៉ុនសមុទ្រចិនខាងត្បូងទៅ វាធំជាងបន្តិច»។
ទោះបីជាយ៉ាងណាក៏ដោយ លោកគង់ គាំ ប្រធានគណបក្សសម រង្ស៊ី ឲ្យដឹងថា ក្រុមសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ីបានដាក់លិខិតទៅប្រមុខរដ្ឋស្តីទីគឺលោកសាយ ឈុំ ប្រធានព្រឹទ្ធសភា ដើម្បីស្នើសុំឲ្យអង្គតុលាការ និងអង្គនីតិប្រតិបត្តិទម្លាក់ចោលការចោទប្រកាន់ទៅលើលោកហុង សុខហួរ។ លោកអះអាងថា លោកហុង សុខហួរនៅមានអភ័យឯកសិទ្ធិក្នុងនាមជាសមាជិកព្រឹទ្ធសភានៅឡើយ។
ប៉ុន្តែលោកអ៊ុំ សារិទ្ធ អ្នកនាំពាក្យនៃព្រឹទ្ធសភានិងជាអគ្គលេខាធិការព្រឹទ្ធសភា បានថ្លែងថា សំឡេងភាគច្រើននៃសមាជិកព្រឹទ្ធសភាបានសម្រេចរួចហើយកាលពីខែសីហា ថា មិនឲ្យតុលាការផ្អាកដំណើរការក្តីក្តាំនេះទេ។ លោកថា បញ្ហាអភ័យឯកសិទ្ធិគឺជារឿងមួយដាច់ដោយឡែក។
លោកហុង សុខហួរត្រូវបានចាប់ខ្លួនដោយកងអន្តរាគមន៍ពិសេសនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងបានដាក់ឲ្យលោកស្ថិតក្នុងពន្ធនាគារជាបណ្តោះអាសន្ន ក្រោយពីលោកបានបង្ហោះកិច្ចព្រមព្រៀងនាឆ្នាំ១៩៧៩នៅលើទំព័រហ្វេសប៊ុក ដែលក្នុងនោះលោកបង្ហាញថា វៀតណាមចូលក្នុងទឹកដីកម្ពុជាច្រើនជាងកម្ពុជាចូលទៅវៀតណាម៕