ភ្នំពេញ៖ ក្រុមកុមារតូចៗ ដោយបូករួមទាំងប្រជាពលរដ្ឋនៅតំបន់បឹងកក់និងតំបន់បូរីកីឡាបានប្រមូលផ្តុំគ្នាតវ៉ានៅពីមុខតុលាការក្រុងភ្នំពេញនៅថ្ងៃពុធនេះ ដើម្បីស្នើសុំឲ្យដោះលែងអ្នកស្រី យោម បុប្ផា និងគាំទ្រដល់អ្នកភូមិបូរីកីឡាម្នាក់ទៀត ដែលតុលាការបានកោះហៅមកសាកសួរ។
អ្នកស្រី ទឹម សាក់មុន្នី ប្រជាពលរដ្ឋរស់នៅតំបន់បុរីកីឡាត្រូវបានតុលាការចេញដីកាកោះហៅឲ្យចូលមកបំភ្លឺនៅក្នុងសំណុំរឿងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋតាមបណ្តឹងមួយរបស់លោកស្រី ស៊ុយ ស៊ីផាន ប្រធានក្រុមហ៊ុនផានអ៊ីម៉ិច។
ក្នុងខណៈពេលដែលអ្នកស្រីចូលបំភ្លឺ ដោយមានការគាំទ្រពីប្រជាពលរដ្ឋនៅពីមុខតុលាការ លោកចៅក្រម លី លីបម៉េង បានសម្រេចឃុំខ្លួនអ្នកស្រី ទឹម សាក់មុន្នី នៅពន្ធនាគារម២។ ចំណែកឯពលរដ្ឋម្នាក់ផ្សេងទៀតគឺលោកតុប គឹមហុង ប្រធានភូមិបូរីកីឡាត្រូវបានតុលាការសម្រេចឲ្យឃុំខ្លួននៅពន្ធនាគារព្រៃសក្រោមបទចោទប្រកាន់សង្ស័យថា ជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តិអំពើពុករលួយ។
លោក លី លីបម៉េង ចៅក្រមស៊ើបសួរនៃតុលាការក្រុងភ្នំពេញពុំអាចស្នើសុំដើម្បីសេចក្តីអត្ថាធិប្បាយបំភ្លឺបានទេនៅថ្ងៃពុធនេះ ដោយទូរស័ព្ទរបស់លោកត្រូវបានបិទ។
អ្នកស្រី ទឹម សាក់មុន្នី ប្រជាពលរដ្ឋនៅតំបន់បុរីកីឡាបានថ្លែងប្រាប់ក្រុមអ្នកកាសែតនៅពីមុខតុលាការ មុនពេលដែលអ្នកស្រីចូលបំភ្លឺនៅក្នុងតុលាការថា អ្នកស្រីមិនបានញុះញង់ឲ្យប្រជាពលរដ្ឋប្រើអំពើហិង្សាទេ។ អ្នកស្រីបាននិយាយថាការចោទប្រកាន់របស់អ្នកស្រី ស៊ុយ ស៊ីផាន ដោយសារតែអ្នកស្រីនិងកូនប្រុសមិនព្រមទទួលយកដី ដែលអ្នកស្រីបានផ្តល់ឲ្យនៅភ្នំបាត និងតំបន់ទួលសម្បូរណ៍។
«នាងខ្ញុំមិនបានដឹងសោះថា ញុះញង់ដោយប្រព្រឹត្តបទឧក្រិដ្ឋហ្នឹងដោយវិធីណា របៀបណា ព្រោះអីនាងខ្ញុំមិនសូវយល់ច្បាប់ហើយមិនចេះច្បាប់ទៀតផង។ ព្រោះខ្ញុំល្ងង់ គាត់គិតថាប្រជាពលរដ្ឋល្ងង់ខ្លៅ ចេះតែដើរញុះញង់គេបានទៅ។ គឺមិនមែនទេ។ គឺខ្ញុំឥតមានទេ គឺខ្ញុំធ្វើដើម្បីតែផ្ទះកូនខ្ញុំទេ ឯបងប្អូនដទៃទៀតក៏គេធ្វើដើម្បីផ្ទះគេដែរ»។
កាលពីថ្ងៃអង្គារ អ្នកស្រី យោម បុប្ផា សកម្មជនតវ៉ារឿងវិវាទដីធ្លីដ៏លេចធ្លោមួយរូបនៅតំបន់បឹងកក់ ត្រូវបានតុលាការបានបញ្ជូនទៅឃុំឃាំងនៅពន្ធនាគារព្រៃស ក្រោមបទសង្ស័យថាជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ហិង្សាដោយចេតនាក្នុងរឿងទំនាស់ឯកជនមួយ។ ក៏ប៉ុន្តែតុលាការបានដោះលែងប្តីរបស់អ្នកស្រីមកវិញឲ្យមានសេរីភាព ដោយយល់ឃើញថាមិនមានភាពចាំបាច់ ដែលត្រូវជាប់ឃុំ។
លោក លួស សាខន អាយុ៥៦ឆ្នាំ ស្វាមីរបស់អ្នកស្រីយោម បុប្ផា បានទ្រហ៊ោយំនៅពេលដែលលោកបានឃើញក្រុមអ្នកតវ៉ាកាន់រូបថតភរិយារបស់លោកមកតវ៉ានៅពីមុខតុលាការក្រុងភ្នំពេញ។
«ប្រពន្ធរបស់ខ្ញុំឥតមានកំហុសអីទេ។ បើខ្ញុំមានទោស ហើយខ្ញុំមានទោសទៀតខ្ញុំមិនតូចចិត្តទេ តែនេះធ្វើដោយបំពាន ដោយគ្មានយុត្តិធម៌។ ដោយគ្មានច្បាប់ច្បាស់លាស់»។
ក្រុមអ្នកតវ៉ាបានស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ និងមានចងបូរពណ៌សនៅលើក្បាល ព្រមទាំងមានកាន់រូបថត និងបដាជាច្រើនផ្ទាំងដើម្បីទាមទារឲ្យតុលាការដោះលែងអ្នកស្រី
យោម បុប្ផា ឲ្យមានសេរីភាពឡើងវិញ។
អ្នកស្រី ទេព វន្នី តំណាងប្រជាពលរដ្ឋនៅតំបន់បឹងកក់បាននិយាយថា សម្លៀកបំពាក់ពណ៌ខ្មៅនេះគឺពួកគេកាន់ទុក្ខចំពោះការចាប់ខ្លួនអ្នកស្រីយោម បុប្ផា និងស្វាមីកន្លងមកដោយអយុត្តិធម៌។
«ការដែលធ្វើបែបនេះ គឺដើម្បីបំភិតបំភ័យបំបាក់ស្មារតីពួកខ្ញុំ មិនឲ្យពួកខ្ញុំហ្នឹងមានទឹកចិត្តក្លាហានក្នុងការទាមទារ និងការពារដីចំនួន១២,៤៤ហិកតាដែលសម្តេចបានប្រទានកម្មឲ្យ»។
លោក អំ សំអាត មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់អង្គការលីកាដូបាននិយាយថាចំណាត់ការរបស់តុលាការជាទង្វើមួយបំបាក់ស្មារតីដល់សហគមន៍បឹងកក់ និងបូរីកីឡាកុំឲ្យហ៊ានចេញមុខតវ៉ាប្រឆាំងរឿងវិវាទដីធ្លី៕