ភ្នំពេញ - អ្នកវិភាគមើលឃើញថាការបង្ហាញជំហររបស់សហរដ្ឋអាមេរិកក្នុងការនៅតែចង់រក្សាជំនួយរបស់ខ្លួននៅមូលដ្ឋានទ័ពសមុទ្ររាមរបស់កម្ពុជាគឺដើម្បីចាំឃ្លាំមើលសកម្មភាពចិននៅទីនោះនិងនៅក្នុងតំបន់។
មន្ត្រីជាន់ខ្ពស់អាមេរិកាំងបានបង្ហាញចេតនាម្ដងទៀតក្នុងការបន្តជួយផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋានទ័ពសមុទ្ររាម មួយថ្ងៃបន្ទាប់ពីមានការបញ្ជាក់ថាអគារទីពីរជាជំនួយអាមេរិកទើបត្រូវបានវាយកម្ទេចនៅទីនោះ។
រដ្ឋមន្ត្រីការពារជាតិកម្ពុជា លោក ទៀ បាញ់ កាលពីថ្ងៃអង្គារ បានទទួលស្គាល់ថាអគារជួសជុលថែទាំនាវាខ្នាតតូចនៅមូលដ្ឋានសមុទ្ររាម សាងសង់នៅឆ្នាំ២០១៧ក្រោមជំនួយអាមេរិក ពិតជាត្រូវបានរុះរើចេញ កាលពីដើមខែវិច្ឆិកានេះ។
បើតាមលោក ទៀ បាញ់ ការរុះរើនេះពាក់ព័ន្ធការរើទីតាំង ទីបញ្ជាការមុខគណៈកម្មាធិការជាតិសន្ដិសុខលម្ហសមុទ្រពីផែរាម ទៅកោះព្រាប នៅទំនប់រលក ដែលនាំឱ្យមានការវាយអគារជំនួយអាមេរិកមួយខ្នងរួចមកហើយនៅខែកញ្ញា។
ប្រមុខការពារជាតិកម្ពុជាបានឱ្យដឹងថា ការរុះរើនេះគឺដើម្បីបើកផ្លូវឱ្យមានការ«ប្រើប្រាស់ធ្វើកន្លែងអភិវឌ្ឍន៍»នៅមូលដ្ឋានសមុទ្ររាម ដែលលោកមិនបានបញ្ជាក់ច្បាស់នោះទេ។
តែមន្ត្រីជាន់ខ្ពស់កងទ័ពជើងទឹកកម្ពុជាធ្លាប់ប្រាប់សារព័ត៌មានជប៉ុន Nikkei ពីជំនួយចិននៅផែយោធារាមលើការសង់ផែនាវាថ្មី រោងជួសជុលទូក និងការបូមខ្សាច់បង្កើនជម្រៅទឹកនៅឆកសមុទ្រដែលនៅក្បែរខាង។
លោក Atul Keshap ឧបការីរងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបានទាញភ្ជាប់ការវាយកម្ទេចអគារជំនួយអាមេរិកម្ដងជាពីរដងនេះ ទៅនឹងក្ដីសង្ស័យអំពីអនាគតនៃវត្តមានយោធាចិននៅរាម។
មន្ត្រីការទូតជាន់ខ្ពស់អាមេរិកកាំងរូបនេះ បានថ្លែងដូច្នេះក្នុងសិក្ខាសាលាអនឡាញមួយរៀបចំដោយមជ្ឈមណ្ឌលដើម្បីការសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ CSIS កាលពីយប់ថ្ងៃអង្គារ។
ដោយមិនបានបង្ហាញតឹកតាងអ្វីបន្ថែម លោក Keshapបានថ្លែងថា៖ «យើងកំពុងបារម្ភថាការកម្ទេចអគារប្រហែលជាពាក់ព័ន្ធនឹងគម្រោងនានាដើម្បីទទួលតាំងទីនៃគ្រឿងយោធានិងសេនាធិការពលទាហាននៃសាធារណរដ្ឋប្រជាមានិតចិននៅរាម»។
សុន្ទរកឋារបស់លោក Keshap ក្នុងសិក្ខាសាលាCSIS អំពីមូលដ្ឋានសមុទ្ររាម កាលពីថ្ងៃអង្គារស្ទើរតែដូចគ្នាបេះបិទទៅនឹងសេចក្ដីថ្លែងការណ៍របស់លោក Chad Roedemeier អ្នកនាំពាក្យស្ថានទូតអាមេរិកនៅភ្នំពេញ ដែលបានចែកចាយឱ្យអ្នកសារព័ត៌មានកាលពីថ្ងៃទី៧ ខែតុលា កន្លងទៅ។
លោក Keshap បានរៀបរាប់សាជាថ្មីអំពីជំហរអាមេរិក ដែលថាវត្តមានយោធាចិននៅកម្ពុជា អាចនឹងបង្ក«អស្ថិរភាព»និង«បំផ្លាញសេរីភាពនាវាចរណ៍និងការហោះហើរសេរី»នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
លោកបញ្ជាក់ថា៖ «យើងនៅតែស្វាគមន៍កិច្ចសន្ទនាពីតម្រូវការកម្ពុជានិងដើម្បីកំណត់ថាអំពីលទ្ធភាពដែលយើងអាចជួយលើហេដ្ឋារចនាសម្ព័ន្ធនៅរាម ប្រយោជន៍ដើម្បីកម្ពុជាឯករាជ្យនិងបណ្ដាប្រជាជាតិដែលគាំទ្រឥណ្ឌូប៉ាស៊ីហ្វិកដែលសេរីនិងបើកចំហ»។
រដ្ឋាភិបាលកម្ពុជាបានបង្ហាញការបដិសេធម្ដងហើយម្ដងទៀតអំពីការសង្ស័យរបស់អាមេរិកនិងសម្ព័ន្ធមិត្តថាកម្ពុជាគ្រោងទទួលវត្តមានយោធាចិននៅរាម និងនៅកោះកុង។
លោកឧត្ដមនាវីទោ ម៉ី ឌីណា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាមបានសម្ដែងការស្វាគមន៍ចំពោះជំនួយរបស់សហរដ្ឋអាមេរិក ដែលពីមុនជួយតែគណៈកម្មាធិការជាតិសន្ដិសុខលម្ហសមុទ្រមិនទាន់បានជួយមូលដ្ឋានសមុទ្ររាមដែលជាម្ចាស់ផ្ទះឡើយ។ ទោះយ៉ាងណាលោកថាអ្វីៗសម្រេចនៅលើក្រសួងការពារជាតិ។
«អ្ហេហ៍ មាន[ការស្វាគមន៍] អាចតើ បើសិនជាគាត់[អាមេរិក]ចង់ជួយ។ ប៉ុន្តែអាហ្នឹង សិទ្ធិត្រឹមខ្ញុំអី មិនមែនសិទ្ធិត្រូវទទួលឬក៏សិទ្ធិត្រូវទៅទំនាក់ទំនងអីទេ គឺខាងលើ និយាយរួមទៅ ខាងក្រសួងការពារជាតិ ឬក៏ខាងទីបញ្ជាការរបស់កងទ័ពជើងទឹក»។
នៅពេលសួរបញ្ជាក់អំពីគម្រោងដែលប្រទេសចិនចង់ជួយមូលដ្ឋានទ័ពរាមដូចដែលមន្ត្រីជើងទឹកកម្ពុជាប្រាប់សារព័ត៌មានជប៉ុនកាលពីខែតុលា ដែលរួមមានរោងជួសជុលនាវាជាដើម លោកឧត្ដមនាវីទោ តបថា៖
«អាហ្នឹង ខ្ញុំក៏មិនច្បាស់ដែរ ប៉ុន្តែប្រហែលជាមាន អាហ្នឹងតាមព័ត៌មានដែលគាត់លើកឡើង ប្រហែលជាមានថ្ងៃក្រោយ។ព្រោះអី ធម្មតាកន្លែងទីតាំងរបស់អង្គភាពវាងាយ[មានឧបករណ៍គ្រប់គ្រាន់ធ្វើការ] វាទាល់តែមានកន្លែងរោងជាង ព្រោះសព្វថ្ងៃមានរោងជាងដែរតែដូចរោងជាងជួសជុលរថយន្តដែរ មិនមែនសម្រាប់ឡើងកប៉ាល់ ឡើងអីណា វាអត់មាន»។
ខណៈដែល VOA សួរបញ្ជាក់អំពីជំនួយចិននៅមូលដ្ឋានសមុទ្ររាម លោក ម៉ី ឌីណាថាមិនទាន់មានសកម្មភាពសាងសង់ថ្មីអ្វីនៅឡើយទេ តែនៅក្បែរផែយោធា មានការបូមខ្សាច់ដោយលក្ខណៈឯកជន។
«ខ្ញុំមិនហ៊ានអះអាងទេ ព្រោះថាកម្រិតខ្ញុំអីហ្នឹងមិនអាចអះអាងបានទេ ដោយសារយើងមិនមានអីជាក់លាក់បើលោកចង់ដឹងសួរទៅខាងលើទៅ ព្រោះយើងខាងនេះខាងអនុវត្ត ប្រតិបត្តិករ ហើយខាងលើជាអ្នកបញ្ជា ហើយយើងជាអ្នកទទួលអនុវត្ត»។
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិនិងលោក ឈុំ សុជាត ជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាមិនបានឆ្លើយតបនឹងសារសុំសេចក្ដីអត្ថាធិប្បាយរបស់ VOA ឡើយ គិតត្រឹមល្ងាចថ្ងៃពុធនេះ។
លោកបណ្ឌិត Collin Koh អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាង(NTU)នៅសិង្ហបុរី បានថ្លែងថា អាមេរិកចង់ជួយមូលដ្ឋានសមុទ្ររាម ព្រោះត្រូវឃ្លាំមើលសកម្មភាពចិននៅទីនោះនិងនៅក្នុងតំបន់ឈូងសមុទ្រថៃ។
អ្នកជំនាញសន្ដិសុខលម្ហសមុទ្ររូបនេះបានសរសេរប្រាប់ VOA តាមសារអ៊ីមែលថា៖
«រាម ដែលត្រដែតឡើងតាមរយៈទីតាំងយុទ្ធភូមិសាស្ត្ររបស់ខ្លួន មុខជាផ្ដល់ឱ្យយ៉ាងមានប្រយោជន៍ដល់វត្តមានអាមេរិក នៅក្នុងតំបន់ជាពិសេសនៅអាស៊ីអាគ្នេយ៍ដីគោក តំបន់ដែលជាប្រពៃណីទៅហើយវៀរលែង តែវៀតណាមចេញមួយ ជារង្វង់គោចរដែលចិនពន្លាតឥទ្ធិពលរបស់ខ្លួន»។
លោក Collin Koh បានបន្ថែមថាភាពមិនចុះសម្រុងផ្នែកនយោបាយរវាងភ្នំពេញនិងវ៉ាស៊ីនតោនបានបង្កឧបសគ្គដល់ទំនាក់ទំនងសឹករវាងប្រទេសទាំងពីរ តែថាអាមេរិកក៏ចង់រក្សាតាំងទីឥទ្ធិពលរបស់ខ្លួន មុនពេលចិនអាចសម្រេចការសាងសង់ព្រែកជីកក្រា ឬច្រកក្រា ភ្ជាប់ឈូងសមុទ្រថៃ ទៅសមុទ្រអាន់ដាម៉ាន់និងមហាសមុទ្រឥណ្ឌា។
«ហើយបើទោះជាថៃមិនបន្តគំរោងព្រែកជីកឬច្រកដីគោកក្រាក៏ដោយ វត្តមានតាំងទីរបស់អាមេរិកនៅរាមនឹងបន្តជាការធ្វើតល្យកម្មប្រឆាំងតបរបស់អាមេរិកតទល់ទៅនឹងឥទ្ធិពលចិនដែលចេះតែកើនឡើងនៅកម្ពុជានិងអាស៊ីអាគ្នេយ៍ដីគោក»។
ស្ថានទូតចិននៅភ្នំពេញមិនទាន់ឆ្លើយតបអ្វីនឹងសំណើសុំការបំភ្លឺរបស់ VOA នៅឡើយ គិតត្រឹមល្ងាចថ្ងៃពុធនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ហៅរបាយការណ៍ Wall Street Journal ដែលចេញផ្សាយកាលពីខែកក្កដា ឆ្នាំ២០១៩អំពី «កិច្ចព្រមព្រៀងសម្ងាត់» ដែលឱ្យចិនប្រើប្រាស់មូលដ្ឋានសមុទ្ររាម ថារឿង«ប្រឌិត»ហើយថ្មីៗនេះលោកបានអំពាវនាវឱ្យអ្នកដែលសង្ស័យចេញមុខបង្ហាញភស្ដុតាងទៀតផង៕