ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សន្និសីទ​​អន្តរជាតិ​ស្តី​ពី​ជំងឺ​អេដស៍​បញ្ចប់​ដោយ​មាន​ក្តី​សង្ឃឹម​លើស​ពី​ពេល​មុន


Play Recalls Early Denial of AIDS Crisis
Play Recalls Early Denial of AIDS Crisis
​វ៉ាស៊ីនតោន៖ សន្និសីទ​អន្តរជាតិ​លើក​ទី​១៩​បាន​បញ្ចប់​នៅ​កាលពីថ្ងៃ​សុក្រ​ដោយ​មាន​សញ្ញា​យ៉ាង​ច្បាស់​ថា​ទីបញ្ចប់​នៃ​ការ​ឆ្លង​មេរោគ​អេដស៍​នឹង​អាច​កើត​មាន​បាន​ដោយសារ​តែ​មាន​ការប្តេជ្ញា​ខាងផ្នែក​នយោបាយ​ ជំនួយ​ឧបត្ថម្ភ​ជាប់​ជា​ប្រចាំ​ និង​ការ​ស្រាវជ្រាវ​ពីក្រុម​អ្នក​វិទ្យាសាស្រ្ត។

ជា​ការ​ផ្តល់​ក្តី​សង្ឃឹម​ដល់​សកម្មជនជាង​២០.០០០នាក់​ដែល​បាន​មក​ពី​ជុំ​វិញ​ពិភពលោក​ក្រុម​អ្នក​វិទ្យាសាស្រ្ត​បាន​ចេញ​ផ្សាយ​របាយការណ៍​សិក្សា​មួយ​ដោយ​អះអាង​ថា​អ្នក​ជំងឺ​ដែល​ទទួល​បាន​ការព្យាបាល​ក្នុង​ដំណាក់​កាលដំបូងៗ​នៃ​ការ​ឆ្លង​ហើយ​បាន​បញ្ឈប់​ការ​ប្រើ​ប្រាស់​ថ្នាំ​ពន្យា​អាយុ​គឺ​មិនមាន​សញ្ញា​នៃ​ការ​កើត​វីរុស​នេះ​ឡើង​វិញ​ទេ។

ក្នុង​ចំណោម​វាគ្មិន​ល្បីៗដែល​ចូលរួម​បិទ​សន្និសីទ​រយៈ​ពេល​មួយ​សប្តាហ៍​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​រួម​មាន​លោក​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ប៊ីល ក្លីនតុន​ដែល​ផ្តល់​នូវ​សន្ទុះ​នៃ​ក្តី​សង្ឃឹម​ថែម​ទៀត។

«កាលពីមុន​អ្នក​ជំងឺ​អេដស៍​ប្រៀប​ដូច​ជា​ទទួល​ទោស​ប្រហារ​ជីវិត​ហើយ​យើង​នៅ​មាន​ការចងចាំ​ជាច្រើន​អំពី​មិត្ត​ភក្តិ​របស់​យើង​ដែល​បាន​ស្លាប់​ទៅ ​គឺ​យើង​នៅមាន​ការឈឺចាប់​ថា​មិន​ដឹង​ថា​នឹង​បញ្ចប់​នៅពេល​ណា ​ប៉ុន្តែ​ឥឡូវ​នេះ​យើង​នឹង​មាន​មនុស្ស​ជំនាន់​ថ្មី​មួយ​ដែល​នឹង​មិន​មាន​ផ្ទុក​មេរោគ​អេដស៍​ទៀត​ទេ»។

ក្រុម​អ្នក​វិទ្យាសាស្រ្ត​បាន​ដាក់​ចេញ​នូវ​អាទិភាព​ស្រាវជ្រាវ​ចំនួន​៧​ដើម្បី​ឈាន​ទៅ​រក​វិធី​ព្យាបាល​ជំងឺ​អេដស៍​ឱ្យ​បាន​ជា​ដាច់​ស្រឡះ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រុម​សង្គម​ប្រឆាំង​នឹង​ជំងឺ​អេដស៍​អន្តរជាតិ។​ ក្នុង​ចំណោម​អាទិភាព​នោះ​ រួម​មាន​៖
ការ​កំណត់​នូវ​ប្រភព​ជាលិការ​និង​កោសិការ​នៃ​អ្នក​ជំងឺ​ដែល​ទទួល​ការព្យាបាល​ដោយ​សារ​ថ្នាំ​ពន្យា​អាយុ​រយៈ​ពេល​យូរ ​និង​ធ្វើ​ការ​សិក្សា​ ប្រៀបធៀប​និង​ធ្វើ​ការ​វិភាគ​ដើម្បី​វាស់​វែង​ការឆ្លង​រយៈ​ពេល​យូរ។

ក្នុង​ខណៈ​ពេល​ដែល​អ្នក​វិទ្យាសាស្រ្ត​នៅ​បន្ត​ការស្រាវជ្រាវ​ដើម្បី​រក​វិធី​ព្យាបាល ​ការសិក្សា​ពី​គ្នា​ដើម្បី​ចែក​រំលែក​បទពិសោធន៍​ជោគជ័យ​ក្នុងការ​ទប់​ស្កាត់​ការរីករាលដាល​ជំងឺ​អេដស៍​នៅ​ឯ​សន្និសីទ​អន្តរជាតិ​ដ៏​ធំ​ដូច​នេះ​ជា​ការ​ចាំបាច់។

ប្រទេស​កម្ពុជា​ដែល​មាន​ប្រតិភូ​ចូលរួម​ក្នុង​ការពិភាក្សា​នេះ​ដែរ​បាន​ចែក​រំលែក​ប្រកប​ដោយ​ក្តី​មោទនៈ​នូវ​ជោគ​ជ័យ​របស់​ខ្លួន​ក្នុង​ការ​ទាញ​ទម្លាក់​អត្រា​អ្នក​ឆ្លង​មេរោគ​អេដស៍​មក​នៅ០,៨​ភាគរយ។

លោក ភីធឺ ហ្កដវីន (Peter Godwin) ​ទីប្រឹក្សា​ខាងផ្នែក​ជំងឺ​អេដស៍​ដែល​ធ្លាប់​ធ្វើ​ការ​នៅ​ប្រទេស​កម្ពុជា​បាន​លើក​សរសើរ​ដល់​ការប្តេជ្ញា​ចិត្ត​ខាងផ្នែក​នយោបាយ​របស់​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ការគ្រប់​គ្រង​ល្អ ​ការរក្សា​ភាព​ជា​ដៃ​គូ​ក្នុង​ការ​ធ្វើ​ការ​ជាមួយ​ម្ចាស់​ជំនួយ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ព្រម​ទាំង​វិធីសាស្រ្ត​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កំណត់​កម្មវិធី​ត្រូវ​គោលដៅ។

«ខ្ញុំ​គិត​ថា​គឺ​កត្តា​ទាំងបួន​នោះ​ហើយ​ដែល​នាំ​មក​ជោគជ័យ​បូករួម​នឹង​ការប្តេជ្ញាចិត្ត​ព្រម​ទាំង​សមត្ថភាព​របស់​អ្នក​ដឹកនាំ​ក្មេងៗ​នៅ​កម្ពុជា​ដែល​អាច​គ្រប់​គ្រង​កម្មវិធី​ប្រឆាំង​នឹង​ជំងឺ​អេដស៍​បាន»។

ជាងពេល​ណាៗ​ទាំង​អស់ក្រុម​អ្នក​វិទ្យាសាស្រ្ត​មើល​ឃើញ​ពី​ភាព​បន្ទាន់​ក្នុង​ការ​ស្រាវជ្រាវ​រក​វិធី​ព្យាបាល​ឱ្យ​បាន​ជាដាច់​ស្រឡះ។ ហើយ​ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​នៅតែ​ប៉ុន្មាន​ថ្ងៃ​មុន​ការ​បើក​កិច្ច​ប្រជុំ​នេះ​ អាជ្ញា​ធរ​ម្ហូប​អាហារ​និង​ឱសថ​របស់​សហរដ្ឋ​អាមេរិក​បាន​អនុញ្ញាត​ឱ្យ​ប្រើ​ថ្នាំ​ប្រភេទ​ថ្មី​ឈ្មោះ Truvada ដើម្បី​ជាវិធី​ព្យាបាល​អ្នក​ផ្ទុក​មេរោគ​អេដស៍។

លោក​វេជ្ជ​បណ្ឌិត​ស៊ឹម គឹមសែន ​អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​បាន​បាន​បញ្ជាក់​ថា៖

«ថ្នាំ​នេះ​ប្រសិទ្ធភាព​របស់​វា​គឺ​ទីមួយ​កុំ​ឱ្យ​អ្នកផ្ទុក​មាន​សុខភាព​ទ្រុឌ​ទ្រោម។ ទីពីរ​ទប់​ស្កាត់​មិន​ឱ្យ​អ្នក​ដែល​ផ្ទុក​ចម្លង​ទៅ អ្នក​ដទៃ​បាន។ ថ្នាំ​នេះ​ប្រសិនបើ​ជាវា​ចុះ​ថោក​បន្តិច​យើង​អាច​យក​ទៅ ប្រើ​ប្រាស់​នៅ​ប្រទេសក្រី ក្រ​បាន​គឺ​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍​ដូច​ជា​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ​អាច​យក​ទៅ​ប្រើ​ទៅ យើង​នឹង​មាន​លទ្ធភាព​សង្ឃឹម​ថា​ការចម្លង​ថ្មី​វាថយ​ចុះ»។

វាគ្មិន​និង​សកម្មជន​ប្រឆាំង​នឹង​ជំងឺ​អេដស៍​ដទៃ​ទៀ​ត​បាន​ស្នើ​សុំ​ឱ្យ​ក្រុម​ហ៊ុន​ឱសថ​បន្ធូរ​បន្ថយ​នូវ​សិទ្ធិ​ប៉ាតង់​ដែល​អនុញ្ញាត​ឱ្យ​អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ប្រទេស​ក្រីក្រ​មាន​ឱកាស​ប្រើ​ប្រាស់​ឱសថ​ល្អៗ​បាន។

សម្រាប់​សន្និសីទ​លើក​ទី២០​ដែល​ត្រូវ​រៀបចំ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ខាង​មុខ​ទៀត​នឹង​ធ្វើ​នៅ​ទីក្រុង​ម៉ែលប៊ន ​ប្រទេស​អូស្រ្តាលី៕
XS
SM
MD
LG