ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ខ្វះ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ប្រកប​ដោយ​និរន្តរភាព


លោក​ ហៃ រតនា បេក្ខជន​បណ្ឌិត​នៃ​សាកលវិទ្យាល័យ​ University of California Berkeley​ សហរដ្ឋ​អាមេរិក
លោក​ ហៃ រតនា បេក្ខជន​បណ្ឌិត​នៃ​សាកលវិទ្យាល័យ​ University of California Berkeley​ សហរដ្ឋ​អាមេរិក
ទាញ​យក​ពី​តំណភ្ជាប់​ដើម
វ៉ាស៊ីនតោន៖ កម្ពុជា​ខ្វះ​ហេដ្ឋារចនា​សម្ព័ន្ធ​ប្រកប​ដោយ​និរន្ត​រភាព។ នេះ​បើ​តាម​សម្តី​របស់​លោក​ ហៃ រតនា បេក្ខជន​បណ្ឌិត​នៃ​សាកលវិទ្យាល័យ​ University of California Berkeley​ សហរដ្ឋ​អាមេរិក​ ដែល​បាន​ប្រាប់​សំឡេង​ជំនាន់​ថ្មី​នៃ​វីអូអេ​ កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​២៤ ខែ​មីនា​ កន្លង​ទៅ​នេះ។

«ការ​ខ្វះ​ផ្លូវ​នាំ​ឲ្យ​មានការ​ស្ទះ​ចរាចរណ៍​នៅ​តាម​ផ្លូវ​នៅ​ភ្នំពេញ។ ប្រព័ន្ធ​លូ​នៅ​រដូវ​ភ្លៀងមាន​ភាព​លិច​លង់​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ពិបាល​ធ្វើ​ដំណើរ​»។

ដើម្បី​ធ្វើ​ឲ្យ​ហេដ្ឋារចនា​សម្ព័ន្ធ​មាន​និរន្តរភាព លោក រតនា​ បាន​ឲ្យ​ដឹង​ថា គេ​ត្រូវ​សិក្សា​អំពី​អន្តរកម្ម​និង​ទំនាក់​ទំនង​ផ្សេងៗ​នៃហេដ្ឋារចនា​សម្ព័ន្ធ​។

«មុន​នឹង​ធ្វើ​ផ្លូវ​ថ្នល់​យើង​ត្រូវ​សិក្សា​អំពី​ប្រព័ន្ធលូ​ ប្រព័ន្ធ​ទឹក​ ប្រព័ន្ធ​ខ្សែ​កាប។ តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ឲ្យ​ប្រព័ន្ធ​ទាំង​អស់​ហ្នឹង​ស៊ីសង្វាក់​នឹង​គ្នា។ ហើយ​យើង​ក៏ត្រូវ​សិក្សា​អំពី​ផលប៉ះពាល់​នៃ​គម្រោង​នីមួយៗ​ទៅ​លើ​ផ្នែក​សង្គម​ បរិស្ថាន​ និង​សេដ្ឋកិច្ច​។ តើ​ផលចំណេញ​លើ​វិស័យ​សេដ្ឋកិច្ច​ច្រើន​ជា​ផលប៉ះពាល់​សង្គម​និង​បរិស្ថាន​ដែរ​ឬអត់។ យើង​ត្រូវ​ផ្តោតច្រើនលើ​ផល​ចំណេញ​ក្នុង​រយៈពេល​វែង ហើយ​គួរ​ផ្តោត​តិច​លើ​តម្លៃ​ចំណាយ​ដំបូង»។

លោក ហៃ រតនា និយាយ​ថា ក្រុម​ហ៊ុន​ភាគ​ច្រើន​នៅ​កម្ពុជា​បានយក​បទដ្ឋាន​នៃ​ការ​សាងសង់​អគារ​ពី​បរទេសមក​ប្រើ​ ​ដែល​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដោយសារ​តែ​ គុណភាព​សម្ភារៈសំណង់​ដូច​ជា​បេតុងនិង​ដែក​របស់​កម្ពុជា​ខុស​ពី​គេ ហើយ​បរិយាកាស​ដូចជា​ភ្លៀង​ខ្យល់​នៅក្នុង​ប្រទេស​កម្ពុជា​ក៏​ខុសពី​គេ​ដែរ។ ដូច្នេះ​លោក ហៃ​ រតនា ក៏​ចង់​ឲ្យ​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ជំនាញ​ត្រួត​ពិនិត្យ​គម្រោងសាងសង់​អគារ​ទាំង​ឡាយ​ក្នុង​ប្រទេស​ដើម្បី​ធានា​ដល់​សុវត្ថិភាព​ ​សុខុមាលភាពប្រទេស​ពលរដ្ឋ​ និង​និរន្តរភាព​នៃ​សេដ្ឋកិច្ច​សង្គម​ទាំង​មូល។

ដូច​គ្នា​នេះ​ដែរ លោក យឿន​ ពេជ្រតារារិទ្ធ ដែល​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ពី​សាកល​វិទ្យាល័យ​ស្ទែនហ្វ៊ដ (Stanford University) នៃ​សហរដ្ឋ​អាមេរិក​ ហើយ​បច្ចុប្បន្ន​កំពុង​ធ្វើការជា​អ្នក​គ្រប់​គ្រង​គម្រោង​នៃ​ក្រុមហ៊ុន​ Webcor Building របស់​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​ថា ដោយ​កំណើន​ប្រជាពលរដ្ឋ​កាន់​តែ​ច្រើន កម្ពុជា​នៅ​ខ្វះ​ខាត​សំណង់​និង​ហេដ្ឋារចនា​សម្ព័ន្ធ​កាន់​ខ្លាំង។

«នៅ​ប្រទេស​កម្ពុជា​យើង​មាន​ការ​ខ្វះ​ខាត​ច្រើន​ខាង​ផ្នែក​សំណង់។ ប៉ុន្តែ​ មនុស្ស​ទូទៅ​កំពុង​ខិតខំ​អភិវឌ្ឍ​ច្រើន​និង​ជ្រោមជ្រែង​ក្នុង​ការ​ធ្វើ​ឲ្យ​សំណង់​របស់​ប្រទេស​យើង​អាច​ដើរ​ស្រប​ពេល​ជាមួយ​នឹង​ការ​វិវឌ្ឍ​សំណង់​បរទេស»។

ទាំង​លោក ហៃ រតនា និង​លោក យឿន​ ពេជ្រតារារិទ្ធ បាន​ប្រាប់​វីអូអេ​ថា លោកនឹង​យក​ចំណេះដឹង​និង​បទ​ពិសោធ​ដែល​លោក​ទទួល​បាន​នៅ​សហរដ្ឋ​អាមេរិក​ទៅ​ជួយ​អភិវឌ្ឍ​ផ្នែក​សំណង់​នៅ​កម្ពុជា​វិញ ដោយ​ធ្វើ​ឲ្យ​ការ​សាង​សង់​ដំណើរ​ការ​ទៅ​ប្រកប​ដោយ​ប្រសិទ្ធផល ពោល​គឺ​ប្រើ​ពេលខ្លី​ ចំណាយ​តិច និង​ជាប់​បាន​យូរ៕
XS
SM
MD
LG