ភ្នំពេញ៖ ព្រះសពសម្តេចឪនរោត្តម សីហនុ ត្រូវបានដឹកតាមយន្តហោះពិសេសAir China ៧៤៧មកដល់ប្រទេសកម្ពុជាកាលពីវេលាម៉ោងប្រមាណ២និង៤៥នាទីនៅរសៀលថ្ងៃពុធនេះ។ ដោយមានអមព្រះរាជដំណើរដោយព្រះករុណាសម្តេចព្រះបរមនាថនរោត្តម សីហមុន្នី សម្តេចម៉ែនរោត្តមមុនីនាថ សីហនុ សម្តេចក្រុមព្រះនរោត្តម រណឫទ្ឋិ និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
ព្រះបរមសពរបស់ព្រះអង្គត្រូវបានរៀបចំដាក់ក្នុងព្រះបរមកោដិពណ៌ទឹកមាស និងបានតុបតែងលម្អដោយផ្កាពណ៌សព្រមទាំងមានទង់ព្រះបរមរាជវាំងគ្របពីលើ។ នៅក្បែរព្រះបរមកោដិមានមន្ត្រីប្រមាណជាង១០នាក់ក្នុងសម្លៀកបំពាក់ពណ៌ស និងបូរណ៌ពណ៌ខ្មៅពាក់នៅនឹងដៃឈរអមព្រះសពសម្តេចឪ។
ព្រះសពរបស់ព្រះអង្គត្រូវបានដាក់នៅលើព្រះរាជទីនាំងរូបហង្ស។ ចំណែកឯរូបព្រះឆាយាល័ក្ខណ៍របស់សម្តេចឪបានដាក់តាំងនៅលើព្រះទីនាំងខាងមុខដោយមានការតុបតែងដោយផ្កាពណ៌សព័ទ្ឋជុំវិញ។
ព្រះទីនាំងបន្ទាប់ពីរូបព្រះឆាយាល័ក្ខណ៍សម្តេចឪ មានព្រះទីនាំងដែលត្រូវបានតុបតែងជារូបសត្វសុនខ។ ព្រះទីនាំងចុងក្រោយត្រូវបានលម្អដោយរូបនាគក្បាលបីសម្រាប់ឲ្យព្រះសង្ឃគង្គពីលើដើម្បីសូត្រធម៌ជយន្តោតាមប្រពៃណីព្រះពុទ្ឋសាសនា។
ព្រះសង្ឃប្រមាណ៩០អង្គបានសូត្រប្រោសព្រហ្មបួងសួងពេលដែលព្រះសពរបស់សម្តេចឪត្រូវបានដាក់ចេញពីយន្តហោះតាមព្រះទីនាំងរថយន្តមុន និងបន្តដំណើរចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ មន្ត្រីរដ្ឋាភិបាលជាច្រើនរាប់ពាន់នាក់ស្ថិតក្នុងសម្លៀកបំពាក់ពណ៌សបានទៅទទួលព្រះសពរបស់សម្តេចឪដោយបូករួមជាមួយនឹងសមាជិករាជវង្សមួយចំនួន។ សមាជិករាជវង្សទាំងនោះមានសម្តេចក្រុមព្រះនរោត្តម រណឫទ្ឋិ ព្រះអង្គម្ខាស់អរុណរស្មី និងព្រះអង្គម្ខាស់នរោត្តម សេរីវិឌ្ឍមិនបានធ្វើអត្ថធិប្បាយណាមួយចំពោះវីអូអេសំឡេងសហរដ្ឋអាមេរិកទេ។
ក៏ប៉ុន្តែបើតាមអ្នកអង្គម្ខាស់ស៊ីសុវត្ថិ ចក្រីនុពល សមាជិករាជវង្សមួយអង្គបានមានបន្ទូលថា ការបាត់បង់ព្រះជន្មសម្តេចឪគឺជាការបាត់បង់យ៉ាងធំធេងសម្រាប់ប្រទេសកម្ពុជា។
«ទុក្ខដ៏ធំបំផុតនៅក្នុងឆាកជីវិតរបស់ខ្មុំនៅពេលនេះគឺថា ខ្ញុំត្រូវបាត់បង់ព្រះអយ្យកោដែលជាទីគោរពសក្ការៈ។ ខ្ញុំមានភាពរន្ឋត់ក្រៃលែងរកពាក្យអ្វីមកប្រៀបផ្ទឹមពុំបានទេ»។
លោកខៀវ កាញារិទ្ឋអ្នកនាំពាក្យរដ្ឋាភិបាលបានថ្លែងប្រាប់ក្រុមអ្នកកាសែតនៅឯអាកាសយានដ្ឋានថា ការបាត់បង់សម្តេចឪ គឺជាជួងមួយដែលបានបង្ហាញថា ខ្មែរយើងចេះស្រឡាញ់រួបរួមគ្នា។
«ទោះយ៉ាងម៉េចក៏ដោយប្រវត្តិសាស្រ្តកម្ពុជាបានផ្សារភ្ជាប់ទៅនឹងជីវិតរបស់លោក។ ហើយឥឡូវនេះលោកគឺជានិម្មិតរូបមួយនៃការឯកភាពជាតិ បង្រួបបង្រួមជាតិ។ អញ្ចឹងគឺចំពោះយើងការបាត់បង់ព្រះអង្គនេះជាការសោកស្តាយ។ ទន្ទឹមនេះគឺជាជួងមួយដើម្បីអោយខ្មែរចេះស្រឡាញ់រួបរួមគ្នាកសាងប្រទេសតទៅទៀត។ នេះបើតាមបណ្តាំរបស់លោក»។
ព្រះតេជគុណ ឃឹម សន ព្រះមេគុណរាជធានីភ្នំពេញបានមានសង្ឃដិកាថា ទាំងព្រះសង្ឃ និងពុទ្ធបរិស័ទនៅក្នុង និងក្រៅប្រទេសពិតជាមានការសោកស្តាយ និងមានការគោរពដ៏ខ្ពង់ខ្ពស់ណាស់ចំពោះសម្តេចឪដែលព្រះអង្គធ្លាប់មានគុណធំធេងសម្រាប់ប្រទេសជាតិ។
«មានទាំងលើកនូវការកងកា មហាកុសលនិងទាំងព្រះសង្ឃទាំងប្រជារាស្ត្រពុទ្ឋបរិស័ទថ្វាយចំពោះព្រះបរមវិញ្ញាណក្ខន្ឋរបស់ព្រះអង្គសូមព្រះអង្គបានយាងទៅកាន់ទីបរមសុខគឺសុខគតិភពកុំបីឃ្លាងឃ្លាតឡើយ»។
លោកយឹម សុវណ្ណអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបាននិយាយថា លោកមានការសោកស្តាយយ៉ាងខ្លាំងឥតឧបមាហើយលោកសង្ឃឹមថា ខ្មែរៗជំនាន់ក្រោយនឹងដឹកនាំប្រទេសយកតាមគំរូវីរភាពរបស់សម្តេចឪ។
«វីរភាពដែលបានបង្ហាញការរំដោះប្រទេសជាតិចេញពីអាណានិគមក៏ដូចជាកសាងសង្គមរាស្ត្រនិយមដែលជាសង្គមមួយនៅក្នុងក្រអៅបេះដូងខ្មែរគ្រប់ៗរូប។ ជាសង្គមមួយដែលស្អាតស្អំ ជាសង្គមមួយដែលមានការរីកចម្រើន ជាសង្គមមួយដែលមានយុត្តិធម៌»។
លោកយឹម សុវណ្ណបានបញ្ជាក់ទៀតថា នៅក្នុងពេលឆាប់ៗខាងមុខនេះលោកសម រង្ស៊ីមេដឹកនាំគណបក្សសង្គ្រោះជាតិ និងបានវិលមកក្នុងប្រទេសដើម្បីចូលរួមគោរពវិញ្ញាណក្ខន្តដល់សម្តេចឪ៕