ភ្នំពេញ
ប្រធានវិទ្យុសម្បុកឃ្មុំគឺលោក ម៉ម សូណង់ដូត្រូវបានដោះលែងចេញពីពន្ធនាគារព្រៃសហើយនៅព្រឹកថ្ងៃសុក្រទី១៥ខែមីនានេះ បន្ទាប់ពីជាប់ទោសនៅទីនោះអស់រយៈពេល៨ខែមក។
ការដោះលែងលោកត្រូវបានស្វាគមន៍យ៉ាងអធឹកអធមពីអ្នកគាំទ្ររបស់លោករាប់រយនាក់ដែលនៅរង់ចាំខាងក្រៅបន្ទប់ពន្ធនាគារ។
លោកម៉ម សូណង់ដូត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសកាលពីឆ្នាំមុនឲ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំពីបទញុះញ៉ង់បង្កើតតំបន់អបគមន៍នៅភូមិប្រម៉ា ក្នុងខេត្តក្រចេះ ជាទីកន្លែងដែលមានទំនាស់ដីធ្លីដ៏យូរអង្វែងរវាងក្រុមអ្នកភូមិ និងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចដ៏ចម្រូងចម្រាស់មួយ។
ប៉ុន្តែ កាលពីថ្ងៃព្រហស្បតិ៍ សាលាឧទ្ធរណ៍បានកាត់បន្ថយទោសនោះមកនៅត្រឹម៥ឆ្នាំវិញ ហើយតម្រូវឲ្យលោកជាប់ទោសត្រឹមតែ៨ខែ ដោយព្យួរទោសដែលនៅសល់។
គិតមកត្រឹមថ្ងៃសុក្រនេះ លោកម៉ម សូណង់ដូបានជាប់នៅក្នុងពន្ធនាគារគ្រប់៨ខែល្មម ចាប់តាំងពីលោកត្រូវបានចាប់ខ្លួននៅថ្ងៃទី១៥ខែកក្កដាឆ្នាំមុន។
ចំណាត់ការរបស់តុលាការសាលាឧទ្ធរណ៍នេះបានធ្វើឡើងបន្ទាប់ពីមានការថ្កោលទោសកាន់តែខ្លាំងឡើងពីសហគមន៍ជាតិនិងអន្តរជាតិប្រឆាំងនឹងការកាត់ទោសអ្នកកាសែតវិទ្យុលោកម៉ម សូណង់ដូ ដែលជាអ្នករិះគន់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនជាយូរមកហើយ។
«ខ្ញុំសូមអរគុណបងប្អូនខ្មែរទាំងអស់ទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស។ ដោយសារតែការរួបរួមគ្នាហ្នឹងហើយដែលអនុញ្ញាតឲ្យខ្ញុំមានសេរីភាព។ បន្តិចបន្តួចក៏ជាសេរីភាពដែរ។ ប៉ុន្តែត្រូវយើងរួបរួមគ្នាតទៅទៀតដើម្បីការពារសិទ្ធិសេរីភាព ការពារយុត្តិធម៌ ហើយនឹងពង្រឹងលទ្ធិប្រជាធិបតេយ្យនៅក្នុងស្រុកខ្មែរយើង»។
លោកយឹម សុវណ្ណគឺជាអ្នកនាំពាក្យគណបក្សប្រឆាំងដែលបានរួបរួមគ្នាគឺគណបក្ស សង្គ្រោះជាតិ។
«ការដែលដាក់គាត់នៅក្នុងពន្ធនាគារ៨ខែហ្នឹងគឺវាអយុត្តិធម៌រួចទៅហើយ ពីព្រោះតាំងពីដើមឡើយគាត់អត់មានទោសអ្វីទាំងអស់។ ហើយប្រសិនជាគ្មានការដោះលែងទេ ក៏ប្រឈមមុខនឹងការគាបសង្កត់ពីអន្តរជាតិកាន់តែខ្លាំងដែរ»។
ទោះបីជាមានសេរីភាពវិញក៏ដោយ ក៏លោកម៉ម សូណង់ដូនៅតែជាប់ការចោទប្រកាន់ថ្មីមួយទៀតពីបទបំផ្លាញព្រៃឈើនៅតំបន់ភូមិប្រម៉ានោះដែរ នេះបើយោងតាមមេធាវីរបស់លោក។
ប៉ុន្តែក្រុមគាំទ្រលោកម៉ម សូណង់ដូនិយាយថា ពួកគេមិនជឿថា លោកបានប្រព្រឹត្តដូចបទចោទប្រកាន់នោះទេ។
លោកជាប ជៀនគឺជាអ្នកភូមិម្នាក់មកពីខេត្តព្រៃវែង។
«តុលាការដែលចោទគាត់ថា បានបង្កើតតំបន់អបគមន៍ ឬបំផ្លាញព្រៃឈើ ខ្ញុំមិនទទួលយកបានទេ។ ចំណុចដែលតុលាការចោទប្រកាន់នេះឃើញថា អយុត្តិធម៌ទាំងស្រុងហើយ បានជាខ្ញុំតស៊ូខំប្រឹងមក»។
លោកអ៊ូ វីរៈគឺជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
«បើសិនជាលោកម៉ម សូណង់ដូត្រូវបានចោទទៅលើបទហ្នឹង ខ្ញុំថា រដ្ឋាភិបាលត្រូវតែធ្វើការស៊ើបអង្កេតទៅលើក្រុមហ៊ុននៅក្នុងតំបន់ភូមិប្រម៉ានេះ ថាតើសម្បទានដីនោះស្របច្បាប់ ឬអត់។ ប្រសិនបើកន្លែងនោះជាព្រៃវិញ ការផ្តល់ដីសម្បទាននេះគឺខុសច្បាប់ទាំងស្រុងហើយ»។
ទោះជាយ៉ាងណាក៏ដោយ លោកនិយាយថា ការដោះលែងលោកម៉ម សូណង់ដូនៅថ្ងៃនេះគឺជាការលើកទឹកចិត្តដល់ប្រជាជនគ្រប់គ្នាឲ្យបន្តជំរុញឲ្យមានកំណែទម្រង់ប្រព័ន្ធតុលាការនៅកម្ពុជា៕