ពីធីសម្ពោធចូលកាន់តំណែងអាណត្តិទី២របស់លោកប្រធានាធិបតីសរអាបារ៉ាក់ អូបាម៉ាគ្រោងនឹងធ្វើជាសាធារណៈនៅរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃទី២១ខែមករា ឆ្នាំ២០១៣។ លោកអូបាម៉ាជាជនជាតិអាមេរិកាំងស្បែកខ្មៅលើកដំបូងក្នុងប្រវិត្តិ សាស្ត្រដែលបានជាប់ឆ្នោតជាប្រធានាធិបតីសរអា ហើយបន្តជាប់ឆ្នោតអាណត្តិ ទី២ទៀតកាលពីខែវិច្ឆិកាឆ្នាំ២០១២។ ពលរដ្ឋអាមរិកាំងដើមកំណើតខ្មែរនៅតាម បណ្តារដ្ឋមួយចំនួនចាត់ទុកថាការចូលកាន់តំណែងរបស់លោកអូបាម៉ានឹងផ្តល់ ការលើកទឹកចិត្ត ក្តីសង្ឃឹមនិងបទពិសោធន៍ផ្សេងៗជាច្រើន។
លោក ឈឹម សុធន មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំងហើយមកដល់សរអា ក្នុងឆ្នាំ១៩៧៦។ បច្ចុប្បន្នកំពុងរស់នៅរដ្ឋញូយ៉ក។ លោកជាម្ចាស់ក្រុមហ៊ុនធានា រ៉ាប់រងនិងក្រុមហ៊ុនហិរញ្ញវត្ថុមួយ។ លោកបានថ្លែងថាពិធីសម្ពោធចូលកាន់ តំណែងប្រធានាធិបតីអាណត្តិទី២របស់លោក អូបាម៉ានេះបង្ហាញថាជនជាតិ ភាគតិចផ្សេងៗរួមទាំងខែ្មរអាមេរិកាំងផងមានសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត ជាប្រធានាធិបតី។
«ឃើញថាឱកាសហ្នឹងវាផ្តល់ឲ្យពលរដ្ឋអាមេរិកាំងគ្រប់សញ្ជាតិ រួមទាំងសញ្ជាតិ ខ្មែរជាដើមផងដែរ។ នេះជាចំណុចសំខាន់ដែលយើងចង់ឲ្យខ្មែរយើងមាន មោទនភាពថាយើងអាចធ្វើដូចគាត់អញ្ចឹងដែរ»។
លោក មាស ជា ដែលមានស្រុកកំណើតនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម មក ដល់សរអាកាលពីឆ្នាំ១៩៨៧។ លោកកំពុងរស់នៅសង្កាត់ហ៊្វីឡាដែលហ្វ៊ីយ៉ា (Philadelphia ) រដ្ឋភេស៊ីវីញ៉ា (Pennsylvania) ធ្វើជាមន្ត្រីសង្គមកិច្ច។ លោកថ្លែង ថាលោកអូបាម៉ាផ្តល់ការលើកទឹកចិត្តដល់រូបលោកនិងជនជាតិភាគតិចជាច្រើន ក្នុងការប្រឡូកជាមួយនឹងនយោបាយអាមេរិកាំង។
«ហើយក្នុងនាមយើងជាខ្មែរអាមេរិកាំង យើងខ្ញុំជាសហគមន៍ខ្មែរនេះគឺថាទុក គាត់ជាវីរៈបុរស ទុកគាត់ជាមនុស្សដ៏គំរូដែលយើងអាចចង់ធ្វើដូចគាត់ដែរតទៅអនាគតដើម្បីស្វែងយល់ពីការងារនយោបាយរបស់សរអានិងប្រឡូកជាសកម្ម ជាមួយសង្គមអាមេរិកាំង»។
ដោយមិនគិតពីការិះគន់របស់គណបក្សប្រជែងរបស់លោក អូបាម៉ាទៅលើការ ដឹកនាំប្រទេសនិងបញ្ហាមួយចំនួន ពលរដ្ឋខ្មែរអាមេរិកាំងបានថ្លែងថាពួកគេ រំពឹងថាលោកអូបាម៉ាអាចនឹងដោះស្រាយវិបត្តិសេដ្ឋកិច្ច បញ្ហានយោបាយក្នុង និងក្រៅប្រទេសហើយនឹងបញ្ហាសង្គមផ្សេងៗដែលសរអាកំពុងជួបប្រទះនៅ អាណត្តិទី២នេះ។
លោកមាស ជាបានថ្លែងថាលោកអូបាម៉ាក្នុងអាណត្តិទី២នេះទំនងជាលោក អាចមានលទ្ធភាពសម្រួលទាំងកិច្ចការបរទេស និងកិច្ចការផ្ទៃក្នុងដែលទាក់ ទងនឹងបញ្ហាធានារ៉ាបរងផ្នែកសុខាភាពនិងបញ្ហាសេដ្ឋកិច្ចជូនដល់ពលរដ្ឋ អាមេរិកាំងជាទូទៅបានប្រសើរជាងមុនទោះជាមិនអាចដោះស្រាយបញ្ហា ទាំងអស់ក្តី។
«ដូច្នេះជាដំបូងឡើយលោកប្រធានាធិបតីយអូបាម៉ាត្រូវដោះស្រាយបញ្ហា នយោបាយ ការងារបរទេសហើយបាទ។ ដូច្នេះទី២ពីរឿងបញ្ហាសេដ្ឋកិច្ចហ្នឹង គឺថាធ្វើយ៉ាងណាដើម្បីឲ្យកំណើនហើយធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋខ្មែរ និង ជាតិសាសន៍ដ៏ទៃនិងប្រជាពលរដ្ឋអាមរិកាំងទាំងមូលហ្នឹងឲ្យមានការងារធ្វើ កាន់តែច្រើននៅក្នុងប្រទេសហ្នឹង។ ហើយពីរឿងបញ្ហាសំបុត្រពេទ្យគឺថាសព្វថ្ងៃ ហ្នឹង រដ្ឋកំពុងតែអស់លុយទៅៗ ដូច្នេះកំពុងតែបញ្ហា»។
យល់ឃើញស្រដៀងគ្នាដែរលោក ឈឹម សុធនបានអះអាងថាអាណត្តិទី២របស់ លោក អូបាម៉ាហ្នឹងគឺមានបញ្ហាសេដ្ឋកិច្ចនិងបំណុល ការបញ្ចប់សង្គ្រាមនៅក្រៅ ប្រទេសដើម្បីកាត់បន្ថយចំណាយដែលទំនងជាអាចដោះស្រាយបានច្រើន។ ដោយឡែកការបង្វែរការផ្តោតការយកចិត្តទុកដាក់លើកិច្ចការក្នុងប្រទេសនិង ការស្តារសេដ្ឋកិច្ចទៅមុខក៏ទំនងជាស្ថិតនៅក្នុងគោលនយោបាយរបស់លោកអូបាម៉ាដែរ ។
«គាត់អាចកែរចនាសម្ព័ន្ធនៅក្នុងអាណត្តិថ្មីនេះ។ បើសិនជាការផ្តោតអារម្មណ៍ របស់គាត់ហ្នឹងចេញពីក្រៅប្រទេសមកសេដ្ឋកិច្ចក្នុងប្រទេសវិញ ខ្ញុំឃើញថា ខាងសេដ្ឋកិច្ចខាងបំណុលវាអាចដោះស្រាយបាន»។
ការថ្លែងយ៉ាងដូច្នេះទំនងជាយោងទៅលើការដោះស្រាយបញ្ហាឲ្យមានកំណើន ការងារធ្វើ ការដោះស្រាយវិបត្តិសារពើពន្ធមួយរយៈពេល បញ្ហាកាត់បន្ថយ ចំណាយយោធានិងការបញ្ចប់សង្រ្គាមក្រៅប្រទេសដែលកិច្ចការទាំងនេះត្រូវ បានគេយល់ថាជួយទប់មិនឲ្យសរអាកាន់តែធ្លាក់ចូលទៅក្នុងវិបត្តិប្រាក់បំណុល អតិបរមា។
ពលរដ្ឋខ្មែរប្រមាណ៣សែន៥ម៉ឺនទៅកន្លះលាននាក់ត្រូវគេគិតថាសរអាបាន ទទួលឲ្យរស់នៅបន្ទាប់ពីបានភៀសខ្លួនពីការកាប់សម្លាប់របស់ពួកខ្មែរក្រហម ក្នុងទសវត្សរិ៍១៩៧០។ ពលរដ្ឋខ្មែរអាមេរិកាំងប្រមាណ៧៥ភាគរយ ដែលគេរក ឃើញថាមានជំងឺបាក់ស្បាតនិងជំងឺផ្សេងៗ។ពួកគេប្រឈមមុខនឹងវប្បធម៌ថ្មី និងភាសាផងដែរដែលពួកគេត្រូវការការយកចិត្តដាក់ទុកបន្ថែមទៀតពី រដ្ឋាភិបាលអាមេរិកាំង។
លោកស្រី គួច ធានវី មានស្រុកកំណើតនៅខេត្តបាត់ដំបងបានភៀសខ្លួនមក កាន់សហរដ្ឋអាមេរិកតាំងពីឆ្នាំ១៩៨១តាមរយៈជំរំខាវអ៊ីដាង ប្រទេសថៃ។ លោក ស្រី ធានវីបច្ចុប្បន្នជានាយិកាសមាគមគាំទ្រសុខភាពខ្មែរនៅរដ្ឋខុននេទីកេត (Connecticut) បានថ្លែងថា៖
«ពិធីសម្ពោធតំណែងលើកទី២របស់លោកប្រធានាធិបតីអូបាម៉ានេះមានសារៈ សំខាន់ណាស់សម្រាប់ជនជាតិផ្សេងៗទៀត ហើយជាពិសេសចំពោះសុខភាព សហគមន៍ខ្មែរយើងនៅសរអានេះ។ គាត់មានកម្មវិធី Obama care ឬកម្មវិធី សុខភាពអូបាម៉ាហ្នឹង អាចផ្តល់ឲ្យមានការជ្រើសរើសនូវការទទួលជំនួយ សុខភាពដែលមិនមានពីមុនមក»។
លោកស្រីបន្ថែមថាពលរដ្ឋខ្មែរចំនួន ៣៣ភាគរយដែលកំពុងទទួលបណ្ណសុខ ភាពពីរដ្ឋគឺ Medicaid និង Medicare ក្រៅពីទទួលបានសេវាកម្មតាមបច្ចេកវិជ្ជា ទំនើបផ្សេងទៀត។ លោកស្រីធានវីបានអះអាងថាទោះបីជាលោកស្រីមិនមាន ជាប់ទាក់ទិននឹងគណបក្សនយោបាយមែនតែលោកស្រីសម្តែងក្តីរីករាយចំពោះ ការសម្ពោធចូលកាន់តំណែងរបស់លោកអូបាម៉ាអាណតិទី២នេះដែរ។
លោក យ័ប គឹម ទឹង មកពីរដ្ឋវីជីនៀជាវិស្វករនិងប្រធានអង្គការសិទ្ធិមនុស្សមួយ បានផ្តល់តម្លៃយ៉ាងខ្លាំងចំពោះពិធីសម្ពោធចូលកាន់មុខតំណែងរបស់លោក អូបាម៉ាដោយអះអាងថាលោកនឹងចូលរួមដោយផ្ទាល់ដូចជាជនជាតិខ្មែរ អាមេរិកាំងផ្សេងទៀតឬជាតិសាសន៍ដ៏ទៃទៀតដែរ។
«ព្រោះប្រធានាធិបតីអាមេរិកាំងគេជ្រើសរើសបួនឆ្នាំម្តង ហើយខ្ញុំនឹងនាំកូនខ្ញុំ ទៅដែរដើម្បីឲ្យកូនខ្ញុំដឹងថានេះជាការ ផ្លាស់ប្តូរប្រធានាធិបតីអាមេរិកាំង ហើយខ្ញុំក៏នឹងប្រៀបធៀបទៅនឹងការផ្លាស់ប្តូរ អ្នកដឹកនាំយើងនៅស្រុកខ្មែរឲ្យកូនស្តាប់ ពីព្រោះថានៅស្រុកនេះគេផ្លាស់ប្តូរមើលទៅដូចស្រួលនៅពេលស្រុកខ្មែរយើង ផ្លាស់ប្តូរម្តងៗដូចតឹង»។
លោកថ្លែងយ៉ាងដូច្នេះដោយយោងទៅលើការផ្លាស់ប្តូរអំណាចដោយរដ្ឋប្រហារ ឆ្នាំ១៩៧០ ដើម្បីទម្លាក់សម្តេចព្រះនរោត្តមស៊ីហនុ ដោយលោកសេនាប្រមុខ លន់ ណុល និង ការផ្លាស់ប្តូរអំណាចដោយពួកខ្មែរក្រហមក្នុងឆ្នាំ១៩៧៥ ដែល មានពលរដ្ឋខ្មែរជាង១លាន៧សែននាក់បាត់បង់ជីវិតនិងការផ្លាស់ប្តូរអំណាច ដ៏ប្រទាញប្រទង់នៅឆ្នាំ១៩៩៣ ក្រោយការបោះឆ្នោតដែលត្រូវរៀបចំដោយ អសបឬហៅថាអ៊ុនតាក់នោះ។
ក្រុមពលរដ្ឋខ្មែរអាមេរិកាំងមួយចំនួនចាត់ទុកការផ្ទេរតំណែងប្រធានាធិបតី សរអាឬការឈ្នះចាញ់ក្នុងការប្រកួតប្រជែងពេលបោះឆ្នោតជាដំណើរការ ប្រកបដោយសន្តិភាពនិងប្រជាធិបតេយ្យ។ ពួកគេចាត់ទុកថាដំណើរការនេះអាចជាគំរូនិងពិសោធន៍សម្រាប់ប្រទេសកម្ពុជាទៅថ្ងៃអនាគត។