ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​តំបន់​អាស៊ី​បូព៌ា​ស្វះ​ស្វែង​ពង្រីក​ទេសចរណ៍​បៃតង


កម្ពុជា​រំពឹង​ថា​នឹង​ទទួល​បាន ទេសចរណ៍​អន្តរជាតិ​ប្រមាណ​៤,៥​លាន​នាក់​នៅ​ឆ្នាំ​២០១៥ និង​ប្រមាណ​៧​លាន​នាក់​នៅ​ឆ្នាំ ២០២០។ (VOA - D. Schearf)
កម្ពុជា​រំពឹង​ថា​នឹង​ទទួល​បាន ទេសចរណ៍​អន្តរជាតិ​ប្រមាណ​៤,៥​លាន​នាក់​នៅ​ឆ្នាំ​២០១៥ និង​ប្រមាណ​៧​លាន​នាក់​នៅ​ឆ្នាំ ២០២០។ (VOA - D. Schearf)
សៀមរាប៖ កម្ពុជា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​ពេញ​អង្គ​លើក​ទី​១២ នៃ​វេទិការ​ទេសចរណ៍​អន្តរតំបន់​អាស៊ី​បូព៌ា (EATOF) រយៈពេល​ពីរ​ថ្ងៃ​នៅ​ខេត្ត​សៀមរាប​ដែល​ជា​រមណីដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​ និង​ជា​ទីក្រុង​វប្បធម៌​នៃ​អាស៊ីបូព៌ា។
មាន​ប្រទេស​ចំនួន​១២​ដែល​ជា​សមាជិក​បាន​ចូល​រួម​ដូចជា​កម្ពុជា ហ្វីលីពីន ថៃ សាធារណៈ​រដ្ឋ​កូរ៉េ ចិន ឡាវ រុស្ស៊ី វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ជប៉ុន និង​ម៉ុងហ្គោលី ដើម្បី​ពិគ្រោះ​យោបល់ និង​ចែក​រំលែក​បទពិសោធន៍​ជំរុញការ​អភិវឌ្ឍ​ទេសចរណ៍​ក្នុង​តំបន់ នេះ​ឲ្យ​កាន់​តែ​មាន​ភាព​រីកលូតលាស់​ទៅ​មុខ​ទៀត​ក្នុង​ពេល​អនាគត។ អាស៊ី​បូព៌ា​ធ្វើ​ឲ្យ មាន​សុទិដ្ឋិនិយម​ចំពោះ​ទេសចរណ៍​បៃតង​ប្រកប​ដោយ​ចិរភាព គឺ​ជា​ប្រធាន​បទសំខាន់​នៃ វេទិកា​ទេសចរណ៍​អន្តរតំបន់​អាស៊ីបព៌ា​លើកទី​១២​នេះ។
លោក​ឧបនាយក​រដ្ឋ​មន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី នៅ​ក្នុង​ឱកាស​បើក​វេទិកា​នេះ​បាន​ថ្លែង​ថា ប្រធានបទ​សម្រាប់​ពិភាក្សា​និង​ការ​ជ្រើស​រើស​ខេត្ត​សៀមរាប​ជា​កន្លែង​សម្រាប់​កិច្ចប្រជុំ​នេះ​គឺ​ពិត​ជា​សក្តិសម​ណាស់ ព្រោះ​សៀមរាប​ជា​ទីក្រុង​ដែល ឡោមព័ទ្ធ​ដោយ​ធម្មជាតិ​បរិស្ថាន​ដែល​គ្មាន​ការ​បំពុល និង​ជា​រមណីដ្ឋាន​បេតិកភណ្ឌ​វប្បធម៌ ដ៏​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ។ លោក​បាន​មាន​ប្រសាសន៍​ថា កម្ពុជា​មាន​អំណោយផល​ធម្មជាតិ​ដ៏​សម្បូរ​បែប​ដែល​ជា​ប្រភព នៃ​ការ​ទាក់ទាញ​និង​បរិស្ថាន​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល​រួម​មាន​ព្រៃ ស្ទឹង​ទន្លេ បឹងបួរ ឆ្នេរ សមុទ្រ​ខ្នាត​អន្តរជាតិ កោះ និង​សត្វ​ព្រៃ ពិសេស​សត្វ​ផ្សោត​មេគង្គ​ដ៏​កម្រ។
«ប្រទេស​យើង​មាន​ប្រវត្តិ​យូរ​អង្វែង​ប្រកប​ដោយ​វប្បធម៌ និង​អរិយធម៌​ដ៏​មហស្ចារ្យ។ បុព្វបុរស​ខ្មែរ​បាន​បន្សល់​ទុក​អោយ​យើង​នូវ​បេតិកភណ្ឌ​រូបីយ​និង​អរូបីយ ជាអាទិ៍​ប្រាង្គ​ប្រាសាទ សិល្បៈ និង​របាំបុរាណ។ សម្បត្តិ​ទាំងនេះ​កម្ពុជា​មាន​ឧត្តម​ភាព​ប្រៀប​ធៀប​ដ៏ខ្លាំង​ក្លា​ក្នុង​វិស័យ​ទេសចរណ៍ ដែល​បន្ត​រីក​ត្រសុំ​ត្រសាយ និង​រួម​ចំណែក​ដល់​កិច្ច​អភិវឌ្ឍន៍​នៃ​ឧស្សាហកម្ម និង​សេវាកម្ម»។
វេទិកា​ទេសចរណ៍​តំបន់​អាស៊ី​បូព៌ា​តាម​អោយ​ដឹង គឺ​ត្រូវ​បាន​បង្កើត​កាល​ពី​១២​ឆ្នាំ​មុន ហើយ​គឺ​ជា​វេទិការ​មួយ​ដើម្បី​ពង្រឹង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​តំបន់ និង​ជំរុញ​ឲ្យ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​វិស័យ​ជាច្រើន ពិសេស​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច សង្គម និង​ទេសចរណ៍ ដែល​ក្នុង​នោះ​វិស័យ​ទេសចរណ៍​បាន​ដើរ​តួរ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ នាំមក​នូវ​ទំនាក់​ទំនង​ពល​រដ្ឋ​ពី​ផ្នែក​ផ្សេងៗ​គ្នា​នៃ​ពិភពលោក។ កម្ពុជា​ក្លាយ​ជា​សមាជិក​នៃ​វេ ទិកា​នេះ​ក្នុង​ឆ្នាំ​២០០៩។
លោក​ឧប​នាយក​រដ្ឋ​មន្ត្រី សុខ អាន បាន​ថ្លែង​ទៀត​ថា វេទិកា​នេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ខិតខំ​ប្រឹង​ប្រែង និង​ការ​ប្តេជ្ញា​ចិត្ត​ដ៏​រឹង​មាំ​របស់​ប្រទេស​ដែល​ចូលរួម​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព​នៃ​ទេ​សចរណ៍​បៃតង និង​បង្កើត​យុទ្ធសាស្ត្រ​ដ៏​សមរ្យ​មួយ​ដើម្បី​ជម្នះ​បញ្ហា​ប្រឈម​នានា​ក្នុង​វិស័យ​ទេសចរណ៍​រៀងៗ​ខ្លួន​ក្នុង​ទីផ្សារ​ទេសចរណ៍​ប្រកប​ដោយ​ការ​ប្រកួត​ប្រជែង។
លោក​បាន​បញ្ជាក់​ថា ដោយ​មាន​យុទ្ធសាស្ត្រ​ជា​ច្រើន​ពាក់​ព័ន្ធ​ និង​វិស័យ​ទេសចរណ៍​កម្ពុជា​បាន​ទទួល​នូវ​កំណើន​ភ្ញៀវ​ទេសចរណ៍​ជា​ប្រចាំ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ លោក​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​១០​ខែ ឆ្នាំ​២០១២​នេះ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេស ចរណ៍​២,៨​លាន​នាក់ កើន​២៣,៧​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នា​ឆ្នាំ​២០១១ ហើយ​រំពឹង ថា​នឹង​បាន​ចំនួន​៣,៣​លាន​នាក់​នៅ​ឆ្នាំ​២០១២​នេះ។
លោក​ឧប​នាយករដ្ឋមន្ត្រី​សុខ អាន បាន​បញ្ជាក់​ថា ជាមួយ​នឹង​បេតិកភណ្ឌ​វប្បធម៌​ធម្មជាតិ សម្បូរ​បែប អរិយធម៌​រុងរឿង ស្ថិរភាព​នយោបាយ កម្ពុជា​រំពឹង​ថា​នឹង​ទទួល​បាន ទេសចរណ៍​អន្តរជាតិ​ប្រមាណ​៤,៥​លាន​នាក់​នៅ​ឆ្នាំ​២០១៥ និង​ប្រមាណ​៧​លាន​នាក់​នៅ​ឆ្នាំ ២០២០។
បើ​ទោះបី​ជា​មាន​កំណើន​ទេសចរណ៍ និង​ប្រាក់​ចំណូល​ច្រើន​ពី​វិស័យ​ទេសចរណ៍​ក៏​ដោយ​ក៏​កម្ពុជា​ជានិច្ចកាល​ត្រូវ​បាន​ដឹង​ថា បាន​រង​ការ​រិះគន់ ដោយសារ​តែ​ប្រាក់​ចំណូល ទាំង​នោះ​មិន​បាន​បម្រើ​ប្រយោជន៍​របស់​ប្រជាពល​រដ្ឋ​ខ្លួន។
គួរ​បញ្ជាក់​ថា វេទិកា​ទេសចរណ៍​អន្តរ​តំបន់​អា​ស៊ី​បូព៌ា​ក៏​នឹង​ពិភាក្សា​ផង​ដែរ​លើ​ប្រធានបទ​មួយ​ចំនួន​ទៀត​ដូចជា​ការ​សិក្សា​ស្រាវជ្រាវ​ទេសចរណ៍​ពាណិជ្ជកម្ម និង​វិនិយោគ៕
XS
SM
MD
LG