មន្រ្តីកម្ពុជានិយាយថា អត្រាលូតលាស់សេដ្ឋកិច្ចជាតិ នឹងឡើងលើសប្រាំពីរភាគរយនៅក្នុងឆ្នាំនេះ។ ក្រុមអ្នកវិភាគហិរញ្ញវត្ថុនិយាយថា ទោះបីជាសេដ្ឋកិច្ចពិភពលោកមានដំណើរយឺតៗក៏ដោយ ក៏ប្រទេសកម្ពុជាបានប្រុងប្រៀបជាស្រេចហើយ ដើម្បីដោះស្រាយបញ្ហានេះ មួយភាគគឺដោយមកពីមានវិនិយោគដ៏ខ្លាំងពីបរទេស។ ក៏ប៉ុន្តែ ប្រាក់ជាច្រើនពាន់លានដុល្លារដែលហូរចូលទៅក្នុងប្រទេសកម្ពុជាក៏ធ្វើឲ្យមានការព្រួយបារម្ភមួយចំនួនដែរ ចំពោះផលប៉ះពាល់នយោបាយនិងសង្គមកិច្ចពីគម្រោងអភិវឌ្ឃន៍ដ៏ច្រើនសន្ធឹកសន្ធាប់នេះ។
ប្រទេសកម្ពុជាបានទទួលការលូតលាស់សេដ្ឋកិច្ចយ៉ាងខ្លាំងក្នុងពេលពីរឆ្នាំចុងក្រោយនេះ ចាប់តាំងពីមានវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ ២០០៨។ វិនិយោគបរទេស ឧស្សាហកម្មទេសចរដែលរីកចម្រើន និងវិស័យកសិកម្មដ៏ខ្លាំងមួយ ជាកត្តាគន្លឹះនៃការលូតលាស់នេះ។
វិស័យសម្លៀកបំពាក់និងវាយនភណ្ឌក៏មានការរីកចម្រើនល្អដែរ ដោយការនាំចេញនឹងត្រូវឡើងដល់ ៤០ ភាគរយនៅក្នុងឆ្នាំនេះ។
លោក ស្ទីវ ហ៊ីកហ្គិនស៍ (Stephen Higgins) ជានាយកប្រតិបត្តិរបស់ធនាគារ ANZ រ៉ូយ៉ាល់ នៅទីក្រុងភ្នំពេញ។
«សេដ្ឋកិច្ចកម្ពុជាប្រហែលជាមានភាពរឹងមាំជាងពេលណាៗទាំងអស់ គឺឥតមានការប៉ះពាល់ពីអ្វីៗដែលកំពុងកើតមានឡើងនៅកន្លែងដទៃទៀតទេនៃពិភពលោក។ ការលូតលាស់សេដ្ឋកិច្ចក្នុងឆ្នាំនេះ យើងគិតថានឹងមានអត្រាពី ប្រាំពីរទៅប្រាំបីភាគរយ ហើយនៅក្នុងបរិយាកាសធម្មតានៃពិភពលោក យើងរំពឹងថានឹងមានអត្រាពី ប្រាំបីទៅដប់ភាគរយនៅក្នុងពេលប៉ុន្មានឆ្នាំខាងមុខទៀត»។
ក៏ប៉ុន្តែ លោក Higgins ថ្លែងថា អតិផរណា ត្រូវគ្រប់គ្រងឲ្យបាន ជាពិសេសទាក់ទងទៅនឹងបញ្ហាម្ហូបអាហារឡើងថ្លៃ។
ទោះបីជាមានភាពមិនទៀងទាត់នៅក្នុងទ្វីប អឺរ៉ុបនិងសហរដ្ឋអាមេរិកក៏ដោយ ក៏ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានកាក់ស្មានថាការលូតលាស់ក្នុងឆ្នាំនេះនឹងមានចំនួន ប្រាំមួយកណ្តក់សញ្ញាប្រាំបីភាគរយ ហើយរំពឹងថាអត្រានឹងចុះទាបតែបន្តិចបន្តួចប៉ុណ្ណោះនៅឆ្នាំក្រោយមួយទៀត។
ក្រុមអ្នកវិភាគ និយាយថាអ្នកវិនិយោគបរទេសពីប្រទេសជប៉ុន កំពុងស្វែងរកជម្រើសផ្សេងពីប្រទេសចិននិងថៃ។ អ្នកវិនិយោគជប៉ុនកំពុងចូលរួមជាមួយអ្នកវិនិយោគជាយូរមកហើយ ដូចជាប្រទេសវៀតណាមនិងកូរ៉េខាងត្បូង។
ក៏ប៉ុន្តែប្រទេសចិននៅជាអ្នកវិនិយោគធំជាងគេ។ បណ្តាញព័ត៌មានរដ្ឋចិនរាយការណ៍ថាក្រុមអ្នកវិនិយោគបានចំណាយប្រាក់ ប្រាំពាន់ប្រាំរយលានដុល្លារ ក្នុងពេលប្រាំពីរខែដំបូងនៃឆ្នាំនេះ។
ក្នុងចំណោមការវិនិយោគ មានគម្រោងអភិវឌ្ឍន៍ទ្រព្យដ៏ប្រណិតមួយដែលមានតម្លៃ បីពាន់លានដុល្លារ។ ប្រទេសចិនក៏បានផ្តល់ប្រាក់សម្រាប់សំណង់វារីអគ្គិសនីនិងផ្លូវថ្នល់ដែរ។ ហើយធនាគារចិនធំៗពីរ គឺធនាគារពាណិជ្ជនិងឧស្សាហកម្មចិន (Industrial and Commercial Bank of China)និង ធនាគារចិន (Bank of China) បានបើកសាខានៅក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំនេះ។
លោក ភីធើរ ប៊្រិមប៊ិល (Peter Brimble) សេដ្ឋវិទូនៃធនាគារ ADB និយាយថា នៅពេលដែលថវិកាមកពីប្រទេសចិនបានទទួលការស្វាគមន៍ ជំនួយរបស់ចិនអាចមានលក្ខខណ្ឌច្រើន។
«ជំនួយរបស់ចិនមានចំណងច្រើន។ គ្មានការដេញថ្លៃទេ។ ជាពិសសនៅក្នុងករណីប្រាក់កម្ចីជាជាងប្រាក់អំណោយ លោកអ្នកអាចបង់ថ្លៃច្រើនជាងវត្ថុដែលបានទទួល ពីព្រោះចិនមិនមានជំនឿលើការដេញថ្លៃទេ។ ខ្ញុំគិតថារដ្ឋាភិបាលដឹងអំពីរឿងនេះ»។
ពួកអ្នករិះគន់និយាយថា ឥទ្ធពលសេដ្ឋកិច្ចរបស់ចិន មានជាប់ទៅនឹងសេចក្តីព្រួយបារម្ភខាងផ្នែកនយោបាយ។ ពួកគេចង្អុលទៅរកឧប្បត្តិហេតុក្នុងឆ្នាំ ២០០៩ នៅពេលដែលប្រទេសកម្ពុជាបញ្ជូនជនជាតិ វីហ្គួរអ៊ីស្លាម ២០នាក់ ដែលបានសុំសិទ្ធិជ្រកកោន ក្រោយពីបានរត់គេចពីអំពើហិង្សានៅប្រទេសចិន។ មិនយូរក្រោយការចេញដំណើររបស់ជនទាំងនេះ មន្រ្តីជាន់ខ្ពស់ចិនម្នាក់បានទៅដល់ប្រទេសកម្ពុជា ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ១៤ ដែលមានតម្លៃ ៨៥០ លានដុល្លារ។
លោក ដេវីត ការទ័រ (David Carter) ប្រធានសមាគមពាណិជ្ជកម្មអូស្រ្តាលីនៅក្នុងប្រទេសកម្ពុជា បានថ្លែងថា កម្ពុជា បានទទួលស្វាគមន៍វិនិយោគពីប្រទេសចិន។
«ចិនពិតជាមានឥទ្ធពលខ្លាំងនៅទីនេះ។ ស្ពាននិងផ្លូវថ្នល់កំពុងមានសង់។ ដូច្នេះ គេមានអារម្មណ៍ថា មានលុយចិនច្រើននៅទីនេះ។ ក៏ប៉ុន្តែខ្ញុំគិតថា មនុស្សភាគច្រើនដឹងថា មានចំណងនៅក្នុងនោះ។ ដូច្នេះ នេះជាការល្អហើយ តែលោកអ្នកត្រូវបង់ប្រាក់សំណងនៅថ្ងៃណាមួយ»។
គម្រោងអភិវឌ្ឍន៍ពីប្រាក់វិនិយោគទាំងនោះអាចមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើប្រទេសអាស៊ីអាគ្នេយ៍ដ៏ក្របំផុតមួយនេះ។ នៅពេលដែលមន្រ្តីរដ្ឋាភិបាលបានសម្តែងការស្វាគមន៍ដល់វិនិយោគទាំងនេះដើម្បីតម្លើងគុណភាពហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ក៏មានការបណ្តេញមនុស្សជាច្រើនពាន់នាក់ចេញពីលំនៅដ្ឋាន ដើម្បីជម្រះទីកន្លែងសម្រាប់គម្រោងថ្មីៗផងដែរ។ ក្នុងឆ្នាំ ២០១០ អង្គការសិទ្ធិមនុស្ស កាក់ស្មានថា មានមនុស្ស ៣ ម៉ឺននាក់បានត្រូវអាជ្ញាធរបង្ខំឲ្យចេញពីលំនៅដ្ឋានរបស់ពួកគេ ដោយសារគម្រោងរ៉ែ កសិកម្ម និង វារីអគ្គិសនី។
អង្គការសិទ្ធិមនុស្ស ឈ្មោះ ក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន ដែលបាននិយាយរិះគន់នយោបាយតាំងទីលំនៅថ្មីរបស់រដ្ឋាភិបាល បាននិយាយថា មានមនុស្សដល់ទៅ ១៥ម៉ឺននាក់ដែលអាចត្រូវបង្ខំឲ្យចេញពីលំនៅដ្ឋានរបស់គេ នៅក្នុងពេលប៉ុន្មានឆ្នាំខាងមុខ។ អង្គការនេះនិយាយថា មានមនុស្សយ៉ាងតិច ចំនួន ៨ម៉ឺននាក់ នឹងត្រូវបណ្តេញចេញពីរាជធានីភ្នំពេញតែមួយ។
លោក ហង្ស ឆាយ៉ា នាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរដើម្បីលទ្ធិប្រជាធិតេយ្យ ថ្លែងថា អ្នកវិនិយោគបរទេស ត្រូវគោរពសិទ្ធិមនុស្ស ដើម្បីរក្សាទំនាក់ទំនងឲ្យបានយូរនៅក្នុងប្រទេសកម្ពុជា។
«ទំនាក់ទំនងណាមួយជាមួយប្រទេសចិនត្រូវតែធ្វើ ដោយយោងទៅតាមការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិតេយ្យនៅក្នុងប្រទេស។ ហើយនេះជាករណីដែលមិនមានធ្វើទេនៅក្នុងជម្រើសរបស់រដ្ឋាភិបាលដើម្បីធ្វើការទាក់ទងជាមួយប្រទេសចិន»។
សមិទ្ធិសេដ្ឋកិច្ចរបស់កម្ពុជានឹងលេចឃើញច្បាស់នៅក្នុងឆ្នាំ ២០១២ នៅពេលដែលរាជធានីភ្នំពេញនឹងធ្វើជាអ្នកទទួលភ្ញៀវនៃកិច្ចប្រជុំប្រចាំឆ្នាំក្នុងតំបន់ របស់សមាគមប្រទេសអាស៊ីអាគ្នេយ៍ ហៅកាត់អាស៊ាន(ASEAN)។
ក្រុមអ្នកវិភាគនិយាយថា អនាគតសេដ្ឋកិច្ចរបស់កម្ពុជាមានការពឹងផ្អែកកាន់តែខ្លាំងឡើងទៅលើភ័ព្វវាសនានៃប្រទេសជិតខាងរបស់ខ្លួន ដូចជា ថៃ វៀតណាម ឡាវ និង ប្រទេសជិតខាងនៅឆ្ងាយទៅខាងជើង គឺប្រទេសចិន៕
ប្រែសម្រួលដោយ កែរ យ៉ាន