ភ្នំពេញ៖ ប្រជាពលរដ្ឋប្រមាណជាង២.០០០នាក់មកពីប្រទេសសមាជិកអាស៊ានទាំង១០លើកលែងតែប្រទេសវៀតណាមនៅថ្ងៃសុក្រនេះបានដើរក្បួនដង្ហែដោយសន្តិវិធីមួយប្រមាណ៥០ម៉ែត្រប៉ុណ្ណោះពីអគាររដ្ឋសភាដើម្បីដាក់ញត្តិទៅក្រសួងការបរទេសកម្ពុជា។
ការដាក់ញត្តិនេះត្រូវបានក្រុមសមត្ថកិច្ចប្រដាប់ដោយអាវុធ ខែល និងដំបងឆក់រាំងខ្ទប់មិនឲ្យដាក់ញាត្តិនៅក្រសួងការបរទេសទេក៏ប៉ុន្តែពួកគេបានបង្វែរមកដាក់់ញត្តិនៅរដ្ឋសភាជាតិវិញជាតិ។ ការរាំងខ្ទប់នេះមិនមានការប៉ះទង្គិចគ្នាទេគ្រាន់តែមានការណែនាំខ្លះៗពីកម្លាំងសម្ថកិច្ចប្រាប់ដល់ក្រុមអ្នកដឹកនាំក្បួនដង្ហែតែប៉ុណ្ណោះ។
លោកឧត្តមសេនីយឯក ជួន សុវណ្ណ ស្នងការប៉ូលីសក្រុងភ្នំពេញបាននិយាយថា លោកមិនអនុញ្ញាតឲ្យក្បួនដង្ហែយកញត្តិទៅដាក់នៅក្រសួងការបរទេសទេដោយសារតែពុំមានច្បាប់អនុញ្ញាត និងដើម្បីរក្សាសណ្តាប់ធ្នាប់កិច្ចប្រជុំកំពូលអាស៊ាន។
«ឃើញមានទង់អាស៊ាន មានទង់បណ្តាប្រទេសផ្សេងៗចូលរួម។ អញ្ចឹងយើងត្រូវយល់ថា ពេលនេះមានបណ្តាប្រទេសច្រើនណាស់ដែលយើងគៀងគរឲ្យមកចូលរួមក្នុងសមាគមអាស៊ានរបស់យើង។ហើយយើងក៏ត្រូវយល់ថា ឥឡូវនេះកិច្ចប្រជុំកំពូលអាស៊ានលើកទី២១កំពុងតែរៀបចំចាប់ផ្តើម»។
ក្រុមអ្នកចូលរួមដែលសុទ្ឋសឹងជាអ្នកទទួលរងគ្រោះដោយសារការរំលោភបំពានសិទ្ឋិមនុស្សនៅតាមបណ្តាប្រទេសនិមួយៗបានកាន់ពាក្យស្លោក យកក្រដាសបិទមាត់ និងមានកាន់ទង់ជាតិប្រទេសសមាជិកអាស៊ាននិងទង់របស់អាស៊ានដើរដង្ហែដោយសន្តវិធីចេញពីអគារពាណិជ្ជកម្មរបស់ប្រទេសកូរ៉េដែលមានចម្ងាយប្រមាណ៥០ម៉ែត្រពីអគាររដ្ឋសភា។
«យុត្តិធម៌ត្រូវតែឈ្នះ តស៊ូ!»។
លោកវន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ឋដែលបានដឹកនាំក្បួនដង្ហែនេះបាននិយាយថាសេរីភាពនៅកម្ពុជារដ្ឋាភិបាលកំពុងតែវាស់ដីឲ្យយើងដើរដោយសារតែយើងមានគម្រោងហែក្បួនពីវត្តបុទុមវត្តីតែអាជ្ញាធរមិនអនុញ្ញាត។
លោកបានបញ្ជាក់ថាគោលបំណងនៃការដាក់ញត្តិនេះគឺដើម្បីបង្ហាញនៅភាពអយុត្តិធម៌ក្នុងសង្គមទាំងឡាយដែលបានកើតមានឡើងក្នុងតំបន់អាស៊ានទាក់ទងនិងផ្នែកវិស័យការងារ ផ្នែកវិស័យដីធ្លីនិងផ្នែកធនធានធម្មជាតិ។
«សារៈសំខាន់ទាំងអស់នេះគឺយើងផ្ញើទៅរដ្ឋាភិបាលអាស៊ានដើម្បីឲ្យរដ្ឋាភិបាលអាស៊ានលោកដោះស្រាយបញ្ហា ដូចជាបញ្ហាវិស័យការងារដែលកម្មករក្នុងតំបន់អាស៊ានកំពុងរងទុក្ខវេទនា វិស័យផ្នែកដីធ្លី ដែលខ្មែរក៏ដូចជាតំបន់អាស៊ានមួយចំនួនទៀតកំពុងរងផលលំបាកនិងផលប៉ះពាល់»។
អ្នកស្រី ហ្គី ឡាហ្កា (Ghi Laga) សកម្មជនទាមទារសិទ្ឋអ្នកស្រឡាញ់ភេទដូចគ្នាមកពីប្រទេសម៉ាឡេស៊ីបានប្រាប់វីអូអេភាសាខ្មែរថា ការរំលោភសិទ្ឋិមនុស្សមិនមែនមានតែក្នុងប្រទេសកម្ពុជានោះទេ នៅក្នុងប្រទេសម៉ាឡេស៊ីក៏ជួបបញ្ហានេះស្រដៀងគ្នានិងកម្ពុជាផងដែរ។
អ្នកស្រីបាននិយាយថា ពួកគេមកទីនេះដើម្បីទាមទារឲ្យមេដឹកនាំនៃប្រជាជាតិអាស៊ានគួរតែពង្រឹងការគោរពសិទ្ឋិមនុស្ស។
«ខ្ញុំគិតថានេះជាសិទ្ឋិរបស់យើងក្នុងការប្រមួលផ្តុំគ្នាដើម្បីសម្ដែងមតិហើយយើងគួរតែអនុវត្តសិទ្ឋទាំងនេះ។ រដ្ឋាភិបាលឬក៏អ្នកណាក៏ដោយមិនត្រូវបញ្ឃប់យើងទេចំពោះការបញ្ចេញមតិនិងទស្សនៈបស់យើង»។
ការដើរក្បួនដង្ហែរបស់ប្រជាពលរដ្ឋមកពីសមាជិកអាស៊ានបានកើតមានឡើងក្នុងពេលដែលកម្ពុជាកំពុងបើកកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់សេដ្ឋកិច្ចអាស៊ាននៅក្នុងទីក្រុងភ្នំពេញនិងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅក្នុងខេត្តសៀមរាប៕