សកម្មជនបរិស្ថាននៃអង្គការចលនាមាតាធម្មជាតិចំនួន៣នាក់និងអ្នកការពារសិទ្ធិមនុស្សម្នាក់ត្រូវបានអាជ្ញាធរកម្ពុជាឃាត់ខ្លួនមួយរយៈពេលខ្លីកាលពីថ្ងៃព្រហស្បតិ៍ក្នុងពេលដែលពួកគេមកតវ៉ានៅមុខរដ្ឋសភាជាតិប្រឆាំងនឹងការបូមខ្សាច់នៅខេត្តកោះកុង។
យុវជនសកម្មជនបរិស្ថានទាំង៣នាក់ គឺលោក សន ចាន់ដារ៉ា សហស្ថាបនិកចលនាមាតាធម្មជាតិ លោក ឌឹម គុណឌី និង លោក ចេក នីត្រា ហើយមន្ត្រីព័ត៌មានរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក គឺលោក ឌិត សុធី ក៏ត្រូវចាប់ខ្លួនយកមកអប់រំណែនាំខណៈមន្ត្រីសង្គមស៊ីវិលរូបនេះចុះឃ្លាំមើលការតវ៉ានោះ។
អង្គការចលនាមាតាធម្មជាតិចោទថា ក្រុមហ៊ុនបូមខ្សាច់ International Rainbow Co., Ltd.ដែលធ្វើអាជីវកម្មបូមខ្សាច់ នៅស្រុកគិរីសាគរ ខេត្តកោះកុង កំពុងបង្កឲ្យបាត់បង់ព្រៃកោងកាង នៅតំបន់សមុទ្រ និងបាត់មុខរបរប្រជានេសាទជាង៣០០គ្រួសារ។ ហើយពួកគេបានព្យាយាមដាក់ញត្តិមកសភាជាតិដើម្បីសុំឱ្យមានអន្តរាគមន៍។
អាជ្ញាធរមានសមត្ថកិច្ចអះអាងថាការចាប់ខ្លួនជនទាំងនោះ គឺដើម្បីរៀបចំសណ្ដាប់ធ្នាប់សាធារណៈ បញ្ចៀសការកកស្ទះចរាចរណ៍ និងដោយសារអ្នកទាំងនោះធ្វើការតវ៉ាដោយមិនបានជូនដំណឹងជាមុន។ អាជ្ញាធរបានដោះលែងក្រុមយុវជនទាំងនោះវិញបន្ទាប់ពីឱ្យពួកគេធ្វើការសន្យាថានឹងជូនដំណឹងទៅអាជ្ញាធរជាមុនសិនមុននឹងធ្វើការតវ៉ាដទៃទៀតក្នុងពេលអនាគត។
ចលនាមាតាធម្មជាតិត្រូវបានគេស្គាល់ជាទូទៅថា បានធ្វើសកម្មភាពតស៊ូមតិយ៉ាងស្វិតស្វាញដើម្បីឱ្យមានការការពារតំបន់អារ៉ែងកុំឱ្យក្រុមហ៊ុនចិនស៊ីណូហាយដ្រូ (Sinohydro) មកអភិវឌ្ឍទំនប់វារីអគ្គិសនីដោយសារតែពួកគេមើលឃើញថា នឹងប៉ះពាល់ដល់ជីវភាពរបស់នៅរបស់ប្រជាពលរដ្ឋជនជាតិដើមផង និងបំផ្លាញដល់ធនធានធម្មជាតិ។
ក្នុងពេលកន្លងមកអាជ្ញាធរកម្ពុជាក៏បានបណ្តេញសហស្ថាបនិកជនជាតិអេស្ប៉ាញគឺលោកអាឡិច សាន់ដឺ ហ្កន់សាឡេស ដាវីតសុន ចេញពីប្រទេសកម្ពុជាដោយសារតែសកម្មភាពតវ៉ាក្នុងពេលអតីតកាលផងដែរ។ បច្ចុប្បន្នលោកអាឡិចកំពុងស្ថិតនៅសហរដ្ឋអាមេរិកដើម្បីទាក់ទាញការគាំទ្រនិងរៃអង្គាសថវិកា៕