ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជានិង​ម៉ាឡេស៊ី​ប្តេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ និង​បង្កើន​ទំនុក​ចិត្ត


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ចាប់​ដៃ​ជាមួយ​សមភាគី​ម៉ាឡេស៊ី​របស់​លោក​គឺលោក​​នាយករដ្ឋមន្ត្រី Anwar Ibrahim ក្នុង​អំឡុងពេល​លោក​ធ្វើ​ទស្សនកិច្ច​នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៣។ (Kok Ky/Cambodia's Government Cabinet via AP)
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ចាប់​ដៃ​ជាមួយ​សមភាគី​ម៉ាឡេស៊ី​របស់​លោក​គឺលោក​​នាយករដ្ឋមន្ត្រី Anwar Ibrahim ក្នុង​អំឡុងពេល​លោក​ធ្វើ​ទស្សនកិច្ច​នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៣។ (Kok Ky/Cambodia's Government Cabinet via AP)

នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​មក​កម្ពុជា​រយៈ​ពេល​មួយ​ថ្ងៃ គឺ​ចាប់​ផ្តើម​នា​ថ្ងៃ​ចន្ទ​នេះ លោក Anwar Ibrahim នាយក​រដ្ឋមន្រ្តី​ម៉ាឡេស៊ីនិង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ជួប​ពិភាក្សា​ទ្វេ​ភាគី ដោយ​បាន​ប្តេជ្ញា​បន្ត​លើក​កម្ពស់​ថែម​ទៀត​នូវ​កិច្ច​សហ​ប្រតិ​បត្តិ​លើ​គ្រប់​វិស័យ និង​បង្កើន​ទំនុក​ចិត្ត​រវាង​គ្នា។ នេះ​បើ​តាម​ការ​ថ្លែង​របស់​លោក ហ៊ុន សែន នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ជាមួយ​សមភាគី​ម៉ាឡេស៊ី​របស់​លោក​។

លោក ហ៊ុន សែន បញ្ជាក់​ថា​ភាគី​ទាំង​ពីរ​បាន​ប្តេជ្ញា​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ រួម​មាន​ពាណិជ្ជកម្ម វិនិយោគ​ អប់រំ ទេស​ចរណ៍ ថាម​ពល ការ​តភ្ជាប់ និង​ទំនាក់​ទំនង​រវាង​ប្រជាជន​និង​ប្រជា​ជន។

ទំហំ​ពាណិជ្ជកម្មទ្វេ​ភាគី​រវាង​ប្រទេស​ទាំង​ពីរ​សម្រេច​បាន​៦២០​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០២២ ដែល​កើន២៤% ធៀប​នឹង​ឆ្នាំ​២០២១។ នេះ​បើ​តាម​លោក ហ៊ុន សែន។

ភាគី​ទាំង​ពីរ​ក៏​ចង់​ឃើញ​ដំណើរ​ទស្សនកិច្ច​ជាន់​ខ្ពស់​រវាង​ប្រទេស​ទាំង​ពីរ​កាន់​តែ​ញឹក​ញាប់​ផង​ដែរ។

លោក ហ៊ុន សែន ថ្លែង​ថា៖ «យើង​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ភាគី​ទាំង​ពីរ​បន្ត​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​ជាន់​ខ្ពស់​ឲ្យ​កាន់​តែ​ញឹក​ញាប់ និង​គ្រប់​កម្រិត ដើម្បី​ពង្រឹង​មិត្តភាព​ឲ្យ​កាន់​តែ​ជិត​ស្និទ្ធ បង្កើន​ទំនុក​ចិត្ត​ឲ្យ​កាន់​តែ​ខ្ពស់ និង​ពង្រីក​វិសាល​ភាព​នៃ​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេ​ភាគី ឲ្យ​កាន់​តែ​ទូលំទូលាយ​ថែម​ទៀត»។

កាល​ពី​ដើម​ឆ្នាំ​២០២២ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​បរិហារ​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស​ម៉ាឡេស៊ី លោក Saifuddin Abdullah ថា«ព្រហើន» ក្រោយ​ប្រមុខ​ការ​ទូត​ម៉ាឡេស៊ី​រូប​នេះ​បាន​ចេញ​មុខ​រិះ​គន់​អភិក្រម​ការ​ទូត​របស់​ទីក្រុង​ភ្នំពេញ ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​របប​សឹក​ក្រុង​ណៃពិដោរ ដែល​កាល​នោះ​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា​ចេញ​ផ្សាយ​កាល​ពី​សប្តាហ៍​មុន «ទស្សន​កិច្ច​របស់​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី នឹង​បង្កើត​ឱ្យ​មាន​សន្ទុះ​ថ្មី​ដល់​ទំនាក់​ទំនង​ទ្វេ​ភាគី​ដ៏​រឹងមាំ​លើ​គ្រប់វិស័យ ជាមួយ​កម្ពុជា»។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ កម្ពុជា​និង​ម៉ាឡេស៊ី​ក៏​បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​ស្តីពី​ការ​ជ្រើស​រើស និង​ការ​ធ្វើ​មាតុភូមិន៍​និវត្ត​ពលករ និង​ជំរុញ​លើក​កម្ពស់​ការ​ការ​ពារ​សិទ្ធិ​ពលករ​កម្ពុជា ដែល​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ផង​ដែរ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​គ្នា លោក Anwar Ibrahim នាយក​រដ្ឋមន្រ្តី​ម៉ាឡេស៊ី ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​អាជ្ញាធរ​កម្ពុជា​ក្នុង​ការ​ជួយ​ប្រជាជន​ម៉ាឡេស៊ី​ដែល​ត្រូវ​បាន​ជួញ​ដូរ​កម្លាំង​ក្នុង​អំពើ​បោក​ប្រាស់​តាម​អ៊ីនធឺណិត ដែល​កើត​ឡើង​លើ​ទឹក​ដី​កម្ពុជា។

បើ​តាម​លោក ហ៊ុន សែន ភាគី​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​លើ​បញ្ហា​អនុ​តំបន់ តំបន់ និង​អន្តរជាតិ ដែល​ជា​ផល ប្រយោជន៍ និង​ក្តីបារម្ភរួម រួម​មាន​បញ្ហា​មីយ៉ាន់ម៉ា និង​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ម៉ាឡេស៊ី​ជា​ភាគី​ជម្លោះ​ជាមួយ​ប្រទេស​ចិន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG