ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​និង​ចិន​ជំរុញ​កិច្ច​សហប្រតិបត្តិការ​វប្បធម៌​និង​ទេសចរណ៍​ដើម្បី​ចំណង​មិត្តភាព​រវាង​ប្រជាជន​​នៃ​ប្រទេស​ទាំង​ពីរ​


រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក នេត ភក្រ្តា និង​មន្ត្រីចិន​ម្នាក់​ចាប់ដៃគ្នាក្នុង​កម្មវិធី​ទេសចរណ៍​មួយ​រវាង​កម្ពុជា​និង​ចិន នៅ​ខេត្តយូណាន ប្រទេសចិន កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤។ (Facebook / Neth Pheaktra)
រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក នេត ភក្រ្តា និង​មន្ត្រីចិន​ម្នាក់​ចាប់ដៃគ្នាក្នុង​កម្មវិធី​ទេសចរណ៍​មួយ​រវាង​កម្ពុជា​និង​ចិន នៅ​ខេត្តយូណាន ប្រទេសចិន កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤។ (Facebook / Neth Pheaktra)

កម្ពុជា​និង​ចិន​បន្ត​បង្កើន​ទំនាក់ទំនង​គ្នា​លើ​កិច្ច​សហ​ប្រតិបត្តិការ​វប្បធម៌​ និង​ទេសចរណ៍ ដែល​ជា​ចំណង​មិត្តភាព​រវាង​ប្រជាជន​ និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ ដើម្បី​ជា​គោលដៅ​ទាក់​ទាញ​ទេសចរ និង​ការ​វិនិយោគ​ កាន់​តែ​ច្រើន​ពី​ចិន​ចូល​មក​កម្ពុជា​។

កាល​ពីថ្ងៃ​សុក្រ ​សប្តាហ៍​មុន​ ក្នុង​វេទិកា​សម្ពោធ​កម្មវិធី​បេតិកភណ្ឌ​សំឡេង​មាន​ចំណង​ជើង​ថា«​ដំណើរ​កម្សាន្ត​យូ​ណាន​ទៅ​ទស្សនា​អង្គរ​» លោក នេត ភក្រ្តា រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌មាន​បាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត​យូណាន ប្រទេស​ចិន ជួប​ជា​មួយ​ប្រធាន​នាយក​ដ្ឋាន​ឃោសនា​ នៃ​គណៈ​កម្មាធិការ​បក្ស​កុម្មុយនិស្តចិន និង​បាន​លើក​ឡើង​ពី​ការ​បន្ត​បង្កើន ទំនាក់​ទំនង​កម្ពុជានិងចិន លើ​កិច្ច​សហ​ប្រតិបត្តិការ​វប្បធម៌​ និង​ទេសចរណ៍ ដើម្បី​ជាចំណង​មិត្តភាព​រវាង​ប្រជាជន​ទាំង​ពីរ។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ប៉ែន ប៉ូណា ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ទំនាក់ទំនង​កម្ពុជានិង​ចិន មាន​តាំង​ពី​យូរ​ណាស់​មក​ហើយ រហូត​បាន​ក្លាយ​ជា​ដៃ​គូរ​យុទ្ធសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ និង​កិច្ច​សហ​ប្រតិបត្តិការ​ត្បូង​ពេជ្រ​ ដែល​ជា​ទំនាក់ទំនង​កម្រិត​កំពូល​រវាង​ប្រទេស​ទាំង​ពីរ។ លោក​ថា ការ​បន្ត​បង្កើន​ទំនាក់ទំនង​កម្ពុជានិង​ចិន ធ្វើ​ឡើង​ដើម្បី​ទាក់ទាញ​ទេសចរ និង​ការ​វិនិយោគចូល​មក​កម្ពុជា។

លោក​ថ្លែងថា​៖«កាល​ពី​ខែ​មករា កន្លង​ទៅ​នេះ​កម្ពុជា​ចិន បាន​ប្រារព្ធ​ពិធី​មួយ​បាន​ប្រកាស​យក​ឆ្នាំ​២០២៤ ជា​ឆ្នាំ​នៃ​ការ​ផ្លាស់ប្តូរ​រវាង​ប្រជាជន​ និង​ប្រជាជន​។ នេះ​ជា​ព្រឹត្តិការណ៍​មួយ​សំខាន់​ណាស់​ មាន​ន័យ​ថា ការ​ផ្លាស់ប្តូរ​ប្រជាជន​ និង​ប្រជាជន​នេះ​ ធ្វើ​ម៉េច​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​យើង​ ហើយ​និង​ប្រជាជន​ចិន​ យល់​គ្នា​ទៅ​វិញ​ទៅ​មក​កាន់​តែ​ច្បាស់។ ជា​ពិសេស​គឺ​ផ្នែក​វប្បធម៌​នេះ​ឯង។ គោលដៅ​គឺ​ ដើម្បី​ទាក់ទាញ​ទេសចរ និង​វិនិយោគ​»។

អ្នក​នាំ​ពាក្យ​រូប​បន្ថែម​ថា នៅ​ពេល​ដែល​ប្រជាជន​ចិន​មានការយល់​ដឹង​ពី​វប្បធម៌​ខ្មែរ​ច្បាស់​លាស់ នោះ​វា​នឹង​ធ្វើ​ឱ្យ​កំណើន​នៃ​ភ្ញៀវ​ទេសចរ​ចិន​ចូល​មក​លេង​ប្រទេស​កម្ពុជា​កាន់​តែ​ច្រើន​។

យ៉ាង​ណា​មិញ​លោក យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព សាទរ​ចំពោះ​ការ​បន្ត​បង្កើន​ទំនាក់ទំនង​កម្ពុជានិង​ចិន ក្នុង​វិស័យ​ទេសចរណ៍​ និង​វប្បធម៌ ដែល​លោក​ថា វា​នឹង​ជួយ​សម្រួល​ដល់​ការ​រក​ចំណូល​របស់​ប្រជាពលរដ្ឋ​។ ប៉ុន្តែ​លោក​ថា រដ្ឋាភិបាល​ក៏​ត្រូវ​តែ​ពិភាក្សា​ជា​មួយ​ភាគី​ចិន​ឱ្យ​ច្បាស់​លាស់​ ដើម្បី​កុំ​ឱ្យ​មាន​ភ្ញៀវ​ទេសចរ​ចិន​ឆ្លៀត​ឱកាស​មក​បង្ក​ភាព​ចលាចល​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លោក​បញ្ជាក់​ថា​៖ «កន្លង​មក​មាន​ពាក់ព័ន្ធ​ជា​មួយ​នឹង​ជនជាតិ​ចិន​ដែល​បង្ក​បញ្ហា​ស្មុគស្មាញ​ច្រើន​ ប្រព្រឹត្ត​បទ​ឧក្រិដ​អី​ផ្សេងៗ​ដែល​ជា​អ្នក​ទេសចរ​បាទ។ អ៊ីចឹង​ រឿង​នេះ​រដ្ឋាភិបាល​លោក​គួរតែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ ហើយ​និង​មាន​ការ​ជជែក​ជា​មួយ​និង​ខាង​ភាគី​ចិន​ហ្នឹង​ ឱ្យ​បាន​ច្បាស់​លាស់​ដែរ​បាទ។ គួរតែ​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​ទេសចរ​របស់​ចិន​ អ្នក​ដែល​ខិលខូច​ អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​ទេសចរ​ដទៃ​ទៀត​របស់​ចិន​ក្តី របស់​បណ្តា​ប្រទេស​ផ្សេងៗ​ក្តី​ ដែល​គេ​មក ចង់​មក​ទស្សនា​កម្ពុជា»។

អ្នក​នាំពាក្យ​ក្រសួង​ទេសចរណ៍ ​លោក ​តុប សុភ័ក ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ក្នុង​ឆ្នាំ​ ២០២៤​ នេះ គឺ​ជា​ឆ្នាំ​នៃ​ផ្លាស់​ប្តូរ​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​ កម្ពុជានិង​ចិន ក្នុង​ការ​បង្កើន​ទំនាក់ទំនង​វប្បធម៌ និង​ទេសច​ផ្លាស់​ប្តូរ​គ្នា​ទៅវិញ​ទៅ​មក​ ដើម្បី​ជា​ផល​ប្រយោជន៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ផល​ប្រយោជន៍​ពី​ទេសចរ​ក្នុង​ការ​រក​ចំណូល​ជូន​ជាតិ​ផង​ដែរ។

លោក​ថា ទេសចរ​ចិន​គឺ ជា​ទីផ្សារ​ទេសចរ​ដ៏​ធំ​មួយ​ ដែល​បណ្តា​ប្រទេស​ជុំវិញ​ពិភព​លោក​តែងតែ​រៀបចំ​ផែនការ​យុទ្ធសាស្រ្ត​ឬ​ទីផ្សារ​សម្រាប់​ទាក់ទាញ​ទេសចរ​ចិន​ មិន​មែន​សម្រាប់​តែ​កម្ពុជា​មួយ​នោះ​ទេ។

លោកថា៖ «កម្ពុជា​យើង​ក៏​ដូច​គ្នា​ ក៏​យើង​មាន​យុទ្ធសាស្រ្តក្នុង​ការ​ទាក់ទាញទេសចរ​ចិន​មក​លេង​កម្ពុជា​ដែរ តែ​មិនមែន​មាន​ន័យ​ថា​កម្ពុជា​ទទួល​យក​តែ​ទេសចរ​ចិន​ប៉ុណ្ណឹង​ទេ យើង​ទទួល​យក​គ្រប់​ទេសចរ​ទាំង​អស់​។ ជា​ពិសេស ​នៅ​ខេត្ត​សៀមរាប​នៅ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​ទេសចរ​ពី​ខាង​ អ៊ឺរ៉ុប​ពី​អាមេរិក​មក​គឺ​មាន​ចំនួន​ច្រើន»។

លោក តុប សុភ័ក ថា​ រដ្ឋាភិបាល​បាន​ដាក់​ចេញ​កម្មវិធី​ពិសេសៗ​ជា​ច្រើន​ ក្នុង​ខេត្ត​សៀមរាប​ដែល​ជា​គោលដៅ​ទាក់ទាញ​ទេសចរ​សំខាន់ជាង​គេ ក្នុង​ការ​ទាក់ទាញ​ទេសចរ​ចិន ឱ្យ​បាន​ច្រើន​ដល់​កម្រិត​មួយ​មុន​វិបត្តិ​កូវីដ១៩។

លោក​ថ្លែងថា​៖ «យើង​ត្រូវ​ការ​បង្កើត​នូវ​កម្មវិធី​ពិសេសៗ​ឱ្យ​បាន​ច្រើន​នៅ​ខេត្ត​សៀមរាប​នេះ ដើម្បី​ទាក់ទាញ​ទេសចរ​ ទាំង​ឆ្នាំ​នៃ​ការ​ផ្លាស់​ប្តូរ​ប្រជាជន​ និង​ប្រជាជន​ចិន​ក៏​ដូច​ជា​ឆ្នាំ​នៃ​ទេសចរ ​វប្បធម៌ កម្ពុជាឥណ្ឌា ដែល​សុទ្ធ​តែ​យើង​បាន​គ្រោង​នឹង​រៀបចំ​នៅ​ខេត្ត​សៀមរាប​នេះ​ជា បន្ត​បន្ទាប់​សំដៅ​ទាក់ទាញ​ទេសចរ​ មិន​ចំពោះ​តែ​ទេសចរ​ចិន​មួយ​ទេ គឺ​គ្រប់​ទេសចរ​ទាំង​អស់​ ដែល​មក​លេង​កម្ពុជា​យើង​»។

បើ​តាម​ទិន្នន័យ​ដែល​ផ្តល់​ដោយ​មន្រ្តី​ក្រសួង​ទេសចរណ៍​កម្ពុជា ​ក្នុង​រយៈ​ពេល​ ១០ ​ខែ​ ដើម​ឆ្នាំ​ ២០២៣​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន​ប្រមាណ​ ៤៥ ​ម៉ឺន​នាក់។​ ចំនួន​នេះ​បាន​ធ្លាក់​ចុះ​ពី​កំណត់​ត្រា​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ ២​លាន ​៣​សែន​នាក់ ​ក្នុង​ឆ្នាំ​ ២០១៩​ ដែល​ជា​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​លំដាប់​លេខ ១ ​ក្នុង​ប្រទេស​កម្ពុជា។ ​យោង​តាម​តួលេខ​របស់​ក្រសួង​ទេសចរណ៍ ​ភ្ញៀវ​ទេសចរ​ចិន​មាន​តែ​ ៩​ម៉ឺន​នាក់​ប៉ុណ្ណោះ​ បាន​មក​ប្រទេស​កម្ពុជា ​ក្នុង​ឆ្នាំ​ ២០២២។

គួរ​បញ្ជាក់​ថា ភ្ញៀវ​ទេសចរ​បរទេស​ប្រមាណ ​៨០​ ម៉ឺន​នាក់​មក​ទស្សនា​រមណីយ​ដ្ឋាន​អង្គរ ​ក្នុង​ឆ្នាំ​ ២០២៣ ​ដែល​ចំនួន​នេះ​កើន​ឡើង​ប្រមាណ​ ១៧០% ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២២។ ​ប៉ុន្តែ​ចំនួន​នេះ​នៅ​ទាប​នៅ​ឡើយ ​បើ​ធៀប​នឹង​ឆ្នាំ​ដែល​ពិភព​លោក​មិន​ទាន់​ជួប​នឹង​វិបត្តិ​ជំងឺ​កូវីដ​១៩​ ដែល​ក្នុង​មួយ​ឆ្នាំ ភ្ញៀវ​បរទេស​ជាង​២​លាន​នាក់​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយ​ដ្ឋាន​អង្គរ។

ទោះ​ជា​យ៉ាង​ណា​ កម្ពុជា​កំពុង​បន្ត​តស៊ូ​ដើម្បី​សម្រេច​គោល​ដៅ​របស់​ខ្លួន​ ក្លាយ​ជា​មជ្ឈ​មណ្ឌល​ទេសចរ​ចិន​ ដោយ​បាន​កសាង​កេរ្តិ៍​ឈ្មោះ​ជា​គោល​ដៅ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ មុន​ជំងឺ​រាត​ត្បាត​កូវីដ​១៩ ហើយ​កាល​ពី​ចុង​ឆ្នាំ​២០២៣​កន្លង​ទៅ ​កម្ពុជា​បាន​ដាក់​ឱ្យ​ដំណើរ​ការ​ព្រលាន​យន្តហោះ​ថ្មី​មួយ​ដែល​ជា​ជំនួយ​ដោយ​ប្រទេស​ចិន​ ក្រោម​គម្រោង​គំនិត​ផ្តួច​ផ្តើម​ ផ្លូវ​ក្រវាត់​ពាណិជ្ជ​កម្ម​ (Belt and Road Initiative ឬBRI) ​ដែល​នៅ​មិន​ឆ្ងាយ​ពី​ប្រាសាទ​អង្គរ​វត្ត​ក្នុង​ខេត្ត​សៀមរាប ​ដែល​ជា​តំបន់​បេតិក​ភណ្ឌ​ពិភព​លោក​នៃ​អង្គការ​យូណេស្កូ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG