ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​រក្សា​ក្តី​សង្ឃឹម​សម្រាប់​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា នៅ​មុន​ការ​បោះ​ឆ្នោត​ដែល​មិន​មានបក្ស​ជំទាស់


អ្នកស្រី ព្រំ ចាន់ថា សកម្មជនស្រ្តីថ្ងៃសុក្រ ដែលតែងតវ៉ាទាមទារឲ្យដោះលែងស្វាមីដែលជាមន្រ្តីគណបក្សសង្រ្គោះជាតិ។ (ស៊ុន ណារិន/វីអូអេ)
អ្នកស្រី ព្រំ ចាន់ថា សកម្មជនស្រ្តីថ្ងៃសុក្រ ដែលតែងតវ៉ាទាមទារឲ្យដោះលែងស្វាមីដែលជាមន្រ្តីគណបក្សសង្រ្គោះជាតិ។ (ស៊ុន ណារិន/វីអូអេ)

អ្នកស្រី ព្រំ ចាន់​ថា ធ្លាប់​ស្ថិត​ក្នុង​ស្ថាន​ភាព​លំបាក​មួយ នៅ​ពេល​ដែល​ស្វាមី​របស់​អ្នកស្រី និង​កូន​ប្រុស​ដែល​មាន​ជំងឺ​អូទីហ្សឹម ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ។

អ្នកស្រី​ប្រាប់​វីអូអេ​ថា៖ «ខ្ញុំ​ពិត​ជា​សោក​សង្រេង​ខ្លាំង​មែន​ទែន ដោយ​សារ​ប្រទេស​នេះ គ្រាន់​តែ​ក្មេង​មាន​ជំងឺ​អូទីហ្សឹម ថា​មិន​គ្រប់​ទឹក ចាប់​ប៉ា​គាត់​ហើយ ចោទ​ប្រកាន់​ថា​ប្តី​ខ្ញុំ​ក្បត់​ជាតិ ទម្លាក់​កំហុស​មក​លើ​គ្រួសារ​ខ្ញុំ ហើយ​ធ្វើ​បាប​គ្រួសារ​ខ្ញុំ​គ្រប់​រូបភាព​ទាំង​អស់។ វា​កាន់​តែ​ធ្វើ​ឱ្យខ្ញុំ​ឈឺ​ចាប់​កាន់​តែ​ខ្លាំង មិន​អាច​ដក​ថយ​បាន»។

អ្នកស្រី ថន ចាន់ថា អាយុ​ ៤៦ឆ្នាំ ជា​សកម្មជន​ម្នាក់​ក្នុងក្រុម​ស្រ្តី​ថ្ងៃ​សុក្រ ដែល​ចេញ​មុខ​តវ៉ា​ទាមទារ​ឱ្យដោះ​លែង​ស្វាមី​របស់​អ្នកស្រី គឺ​លោក កាក់ កុម្ភា អតីត​អ្នក​នយោបាយ​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ម្នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី ​៣​ឆ្នាំ​មុន ដោយ​រងការ​ចោទ​ប្រកាន់​ពី​បទ​«ញុះ​ញង់» «រួមគំនិត​ក្បត់» ក្នុង​ការ​គាំទ្រ​ការ​វិល​ត្រឡប់​របស់ ​លោក សម រង្ស៊ី មេដឹក​នាំ​គណ បក្ស​ជំទាស់​ដែល​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​។ ស្វាមី​របស់​អ្នកស្រី​កំពុង​ស្ថិត​ក្នុង​មណ្ឌល ឃុំឃាំង​នៃ​ពន្ធនា​គារ​ព្រៃស​នៅ​ឡើយ។

ក្រុមស្ត្រីថ្ងៃសុក្រ លើកបដា នៅខាងមុខស្ថានទូតម៉ាឡេស៊ី ក្នុងរាជធានីភ្នំពេញ ដើម្បីសុំកិច្ចអន្តរាគមន៍ដោះលែងស្វាមីពួកគេ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣។ (លាស់ លីបលីប/ វីអូអេ)
ក្រុមស្ត្រីថ្ងៃសុក្រ លើកបដា នៅខាងមុខស្ថានទូតម៉ាឡេស៊ី ក្នុងរាជធានីភ្នំពេញ ដើម្បីសុំកិច្ចអន្តរាគមន៍ដោះលែងស្វាមីពួកគេ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣។ (លាស់ លីបលីប/ វីអូអេ)

អ្នកស្រី ព្រំ ចាន់​ថា បាន​ក្លាយ​ជា​សកម្មជន​ម្នាក់​ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា​ប្រឆាំង​នឹង​ការ​ចាប់​ខ្លួន​នេះ នៅ​គ្រា​ដែល​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ និង​ប្រមូល​ម្តុំ ត្រូវ​បាន​មើល​ឃើញ​ថា​រឹត​បន្តឹង​កាន់​តែ​ខ្លាំង។ ចំណែក​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ត្រូវ​បាន​មើលឃើញ​ថា​កាន់​តែ​ធ្លាក់​ចុះ ដោយ​សារ​ការ​បោះ​ឆ្នោត​នា​ថ្ងៃ​ទី​២៣ ខែ​កក្កដា មិន​មាន​វត្តមាន​គណ​បក្ស​ជំទាស់​ដែល​មាន​សក្តា នុពល​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច។

អ្នក​ស្រី ព្រំ ចាន់​ថា ដែល​ចេញ​មុខ​តវ៉ា​នៅ​តុលាការ និង​តាម​បណ្តា​ស្ថានទូត​ប្រជាធិប​តេយ្យ មួយ​ចំនួន មើល​ឃើញ​ថា​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ មិន​មាន​ន័យ​អ្វី​ឡើយ​សម្រាប់​អ្នកស្រី និង​ប្រជាពលរដ្ឋ​ផ្សេង​ទៀត។

អ្នកស្រី​បញ្ជាក់​ថា៖ «គ្មាន​ន័យ​ទេ​សម្រាប់​ប្រជា​ពលរដ្ឋ។ ប៉ុន្តែ​គាត់​នៅ​តែ​ទៅ​បោះ​អញ្ចឹង​។ សិទ្ធិ​របស់​គាត់ គាត់​ចង់​គូស​ម៉េច ជា​រឿង​របស់​គាត់ សិទ្ធិ​របស់​គាត់»។

អ្នកស្រី ព្រុំ ចាន់ថា ស្រែកទាមទារឱ្យដោះលែងស្វាមីអ្នកស្រី និងសកម្មជនជាប់ឃុំផ្សេងទៀត នៅខាងមុខស្ថានទូតម៉ាឡេស៊ី ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣។ (លាស់ លីបលីប/ វីអូអេ)
អ្នកស្រី ព្រុំ ចាន់ថា ស្រែកទាមទារឱ្យដោះលែងស្វាមីអ្នកស្រី និងសកម្មជនជាប់ឃុំផ្សេងទៀត នៅខាងមុខស្ថានទូតម៉ាឡេស៊ី ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣។ (លាស់ លីបលីប/ វីអូអេ)

អ្នកស្រី​បន្ថែម​ថា​៖ «ហេតុ​អី​ខ្ញុំ​មាន​អារម្មណ៍​សោក​ស្តាយ អំណាច​លើ​គាត់ គាត់​ចង់​ធ្វើ​អី​ក៏​បាន។ អញ្ចឹង​អត់​មាន​អី​ជំទាស់។ អត់​មាន​គណ​បក្ស​ជំទាស់ សួរ​ថា​រីក​ចម្រើន​ត្រង់​ណា? វា​ដូច​ជា​កុម្មុយនីស្ត​សា​ដើម​ឡើង​វិញ​អញ្ចឹង»។

សកម្មជន​សង្គម​ផ្សេង​ទៀត ក៏​កំពុង​បន្ត​សកម្មភាព​របស់​ពួក​គេ​ក្នុង​ការ​ចូលរួម​សកម្មភាព​សង្គម ទាមទារ​រក​យុត្តិធម៌​សង្គម និង​ឈឺ​ឆ្អាល​រឿង​បញ្ហា​បរិស្ថាន​ជា​ដើម។

លោក កើត សារ៉ាយ អាយុ​ ៣៥ឆ្នាំ ជា​អតីត​ព្រះ​សង្ឃ​ដែល​ធ្លាប់​ជាប់​ពន្ធនាគារ។ បច្ចុប្បន្ន​នេះ លោក​ធ្វើ​សកម្មភាព​ក្នុង​នាម​ជា​ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ។ លោក​ថ្លែង​ថា​ លំហ​នៃ​ការ​ធ្វើ​សកម្មភាព​នយោបាយបច្ចុប្បន្ន​នេះ តូច​ចង្អៀត ដែល​ធ្វើ​ឱ្យ​គណបក្ស​ប្រឆាំង​លំបាក​ក្នុង​ការ​ប្រកួត​ប្រជែង ហើយ​សកម្មជន​គណបក្ស​ជំទាស់​លំបាក​ក្នុង​ការ​ធ្វើ​នយោ​បាយ។

លោក កើត សារ៉ាយ ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ ជាសកម្មជនម្នាក់ដែលតែងតែចេញមុខទាមទារយុត្តិធម៌សង្គម។ (ស៊ុន ណារិន/វីអូអេ)
លោក កើត សារ៉ាយ ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ ជាសកម្មជនម្នាក់ដែលតែងតែចេញមុខទាមទារយុត្តិធម៌សង្គម។ (ស៊ុន ណារិន/វីអូអេ)

លោក​ប្រាប់​វីអូអេ​ថា​៖ «ជាក់​ស្តែង​ថ្មីៗ មាន​ការ​ចាប់​ខ្លួន​សកម្ម​ជន​គណបក្ស​ភ្លើង​ទៀន​ជា​ញឹក​ញយ អាហ្នឹង​ហើយ​បាន​វា​បង្ហាញ​ថា​គម្លាត​នៃ​នយោបាយ​វា​តឹង​ចង្អៀត​ណាស់។ វា​អាក្រក់ ហើយ​វា​នឹង​ធ្វើ​ឱ្យ​ស្ថាន​ភាព​នយោបាយ​នៅ​កម្ពុជា​អស្ថិរភាព​ភាព​នយោបាយ​នៅ​ពេល​ខាង​មុខ»។

ចំណែក​ លោក សាន់ ម៉ាឡា ជា​សកម្មជន​បរិស្ថាន និង​សិទ្ធិ​មនុស្ស​ម្នាក់ ដែល​មាន​វ័យ​ ៣០​ឆ្នាំ ធ្លាប់​ជាប់​ពន្ធនាគារ​ជាង​១០​ខែ ដោយ​សារ​សកម្មភាព​តស៊ូ​មតិ​ក្នុង​ការ​ទប់​ស្កាត់​ការ​បូម​ខ្សាច់​ក្នុង​ខេត្ត​កោះកុង កាល​ពី​ឆ្នាំ​២០១៥។ លោក​ប្រាប់​វីអូអេ​ថា លោក​សោក​ស្តាយ​ដែល​គណបក្ស​ជំទាស់​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់ជាតិ​នេះ។ លោក​ចង់​ឃើញ​កម្ពុជា​មាន​សភា​ដែល​ដឹកនាំ​ដោយ​ចម្រុះ​គណបក្ស។

លោក សាន់ ម៉ាឡា សកម្មជនបរិស្ថាន និងជាអ្នកសរសេរសៀវភៅ «នៅពីក្រោយវាំងននខ្មៅ»។ (រូបថត៖ ផ្តល់ដោយលោក សាន់ ម៉ាឡា)
លោក សាន់ ម៉ាឡា សកម្មជនបរិស្ថាន និងជាអ្នកសរសេរសៀវភៅ «នៅពីក្រោយវាំងននខ្មៅ»។ (រូបថត៖ ផ្តល់ដោយលោក សាន់ ម៉ាឡា)

លោក​ប្រាប់​វីអូអេ​ថា៖ «យើង​មិន​ចង់​ឃើញ​រដ្ឋស​ភា​ឯកបក្ស​ ដែល​មិន​មាន​សំឡេង​ពី​គណបក្ស​ផ្សេង​ទេ ដូច​យើង​ឃើញ​រយៈ​កាល​កន្លង​មក នៅ​ពេល​រដ្ឋសភា​ខ្វះ​សំឡេង​ពី​គណ​បក្ស​ផ្សេង ច្បាប់​ឬ​ក៏​អ្វី​ទាំង​ឡាយ​ដែល​ជា​ផល​ប្រយោជន៍​របស់​គណ​បក្ស​កាន់​អំណាច​តែង​តែ​ត្រូវ​បាន​អនុម័ត​ដោយ​រលូន និង​គ្មាន​ការ​ជំទាស់»។

លោក​ព្រួយ​បារម្ភ​ថា ​រដ្ឋាភិបាល​នឹង​បន្ត​រឹត​បន្តឹង​សិទ្ធិសេរី​ភាព​ក្នុង​ការ​សម្តែង​មតិ ការ​ជួបជុំ​ប្រមូល​ផ្តុំ​របស់​ប្រជាពលរដ្ឋ​នៅ​ពេល​ខាង​មុខ។

លោក​បញ្ជាក់​ថា៖ «សម្រាប់​យើង​ជា​សកម្មជន ជា​សង្គម​ស៊ីវិល អ្វី​ដែលយើង​អាច​ធ្វើបាន គឺ​បន្ត​បណ្តុះ​បណ្តាល​ប្រជា​ពលរដ្ឋ​លើកទឹក​ចិត្ត និង​ផ្តល់​ភាព​កក់​ក្តៅ​ទៅ​ដល់​ក្រុម​អ្នក​ដែល​គាត់​មាន​សេចក្តី​ក្លាហាន​នៅ​ក្នុងការ​ចូលរួម​សម្តែង​មតិ​ ក្នុង​ការ​ចូលរួមសកម្មភាព​សាធារណៈ​ឱ្យ​មាន​ភាព​កក់​ក្តៅ និង​មិន​មាន​អារម្មណ៍​ឯកោ។ បច្ចុប្បន្ន​នេះ​យើង​កំពុង​កសាង​នូវ​ស្មារតី​សាមគ្គី​ភាព​ជា​មួយគ្នា ធ្វើ​ម៉េច​បន្ត​ធ្វើដំណើរ​នៅ​លើ​ផ្លូវ​មួយ​ត្រឹម​ត្រូវ រួម​ចំណែក​កសាង​ប្រជាធិប​តេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​យើង»។

ចំណែក​សកម្មជន​នយោបាយ​គណបក្ស​ជំទាស់​ក៏​ប្រឈម​នឹង​ការ​លំបាក​ដូច​គ្នា ប៉ុន្តែ​នៅ​តែ​ចង់​ឈរ​ឈ្មោះ​ឱ្យគេ​បោះ​ឆ្នោត​ឱ្យនៅ​ពេល​ខាង​មុខ បើ​ទោះ​ត្រូវ​ប្រឈម​នឹង​ច្បាប់​បោះ​ឆ្នោត​ថ្មី​ដែល​ស្នើ​ដោយ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយ​ត្រូវ​បាន​ប្រកាស​ឱ្យប្រើប្រាស់​កាល​ពី​ដើម​ខែកក្កដា។

លោក ថន ចន្ថា ប្រធាន​ស្ដីទី​ចលនា​យុវជន​ថ្នាក់​ជាតិ​គណ​បក្ស​ភ្លើង​ទៀន អាយុ​៣៧​ឆ្នាំ​ ថ្លែង​ថា​លោក​នឹង​ទៅ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា ដើម្បី​រក្សា​សិទ្ធិ​ឈរ​ឈ្មោះ​ឱ្យគេ​បោះ​ឆ្នោត​ឱ្យនា​ពេល​ខាង​មុខ។

លោក​ប្រាប់​វីអូអេ​ថា៖ «សម្រាប់​ខ្ញុំ ខ្ញុំ​នឹង​ទៅ​បោះ​ឆ្នោត ដោយ​សារ​យើង​ធ្វើ​ទៅ​តាម​ច្បាប់។ ខ្ញុំ​ចូល​រួម​សកម្ម​ភាព​នយោ​បាយ ខ្ញុំ​ជា​ថ្នាក់​ដឹកនាំ​មួយ​របស់​គណបក្ស​ភ្លើង​ទៀន ហើយ​ខ្ញុំ​មាន​បំណង​នឹង​ឈរ​ជា​បេក្ខជន​អ្វី​មួយ​នៅ​ពេល​ខាង​មុខ ដូច្នេះ​ហើយ​ខ្ញុំ​មាន​តែ​ធ្វើ​ទៅ​តាម​ច្បាប់ ធ្វើ​ទាំង​បង្ខំ​ចិត្ត​ទៅ​តាម​ច្បាប់»។

សកម្មជន​នយោបាយ​រូប​នោះ ក៏​ស្នើ​ប្រទេស​ប្រជាធិប​តេយ្យ​ដែល​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស ដែល​នាំ​កម្ពុជា​មាន​ការ​បោះ​ឆ្នោត​តាំង​ពី​ឆ្នាំ​១៩៩៣ ពិនិត្យ​មើល​ស្ថាន​ភាព​នយោ​បាយ​ក្នុង​ប្រទេស​កម្ពុជា។

លោក​ថ្លែង​ថា៖ «អាច​ឱ្យគ្រប់​ភាគី​ដែល​មាន​និន្នា​ការ​ប្រឆាំង​ក៏​ដោយ ស្រប​ក៏​ដោយ គឺ​អាច​ចូល​រួម​ប្រកួត​ប្រជែង ដោយ​ស្មើ​ភាព​ដោយ​សេរី ដោយ​ត្រឹម​ត្រូវ​ចំពោះ​មុខ​ច្បាប់»។

អ្នកនាំ​ពាក្យរដ្ឋាភិបាល លោក ផៃ​ ស៊ីផាន​ ប្រាប់វី​អូ​អេ​ថា​ ការ​ស្តាយ​ស្រណោះ​ដែល​គណបក្ស​ភ្លើង​ទៀន​មិន​អាច​ចូលរួម​ការ​បោះ​ឆ្នោត​បាន វា​ហួស​ពី​ការ​ពន្យល់​របស់​លោក។ លោក​បន្ថែម​ថា​ គណបក្ស​ភ្លើង​ទៀន​មិន​បាន​រៀប​ចំខ្លួន ដើម្បី​ចូល​រួមក្នុង​ការ​បោះ​ឆ្នោត​នេះ​ឡើយ។

អ្នកស្រី ព្រំ ចាន់ថា សកម្មជន​ស្រ្តី​ថ្ងៃ​សុក្រ និង​ជា​អ្នក​តំណាង​ក្រុម​ដែល​តែង​តែ​ចេញ​តវ៉ា​ទាម​ទារ​ឱ្យដោះ​លែង​ស្វាមី ចង់​ឃើញ​ប្រទេស​កម្ពុជា​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិប​តេយ្យ​ពេញ​លេញ​នៅ​ពេល​ខាង​មុខ ហើយ​ស្វាមី​របស់​អ្នកស្រី ដែល​ជា​អ្នកន​យោបាយ​គណបក្ស​ជំទាស់​មួយ​អាច​ធ្វើ​នយោបាយ​បាន​ដោយ​សេរី។

អ្នកស្រី​ថ្លែង​ថា៖ «ធម្មតា​មិន​មែន​កាន់​អំណាច​រហូត​ទេ។ អញ្ចឹង​ការ​ផ្លាស់​ប្តូរ​នឹង​មាន។ ខ្ញុំ​នៅ​តែ​មាន​សង្ឃឹម​ជានិច្ច​សម្រាប់​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិ​មនុស្ស»៕

XS
SM
MD
LG