ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កាល់តិក​បាត់​ចំណូល​រាប់​សែន​ដុល្លារ​ខណៈ​បុគ្គលិក​​​បន្ត​កូដកម្ម​ថ្ងៃ​ទី​៣


 ស្ត្រី​​ម្នាក់​បិទ​ sticker មួយ​នៅ​លើ​មុខ​ដែល​មាន​សរសេរ «យើង​ត្រូវការ​ $160» នៅ​ក្នុង​ការ​តវ៉ា​មួយ​នៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាលតិក (Caltex) មួយ​នៅ​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៤។ បុគ្គលិក​ក្រុមហ៊ុន​កាល់តិក​ទាមទារ​ឲ្យ​មាន​ការ​តំឡើង​ប្រាក់​បៀវត្ស​គោល​រហូត​ដល់​១៦០​ដុល្លារ។
ស្ត្រី​​ម្នាក់​បិទ​ sticker មួយ​នៅ​លើ​មុខ​ដែល​មាន​សរសេរ «យើង​ត្រូវការ​ $160» នៅ​ក្នុង​ការ​តវ៉ា​មួយ​នៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាលតិក (Caltex) មួយ​នៅ​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៤។ បុគ្គលិក​ក្រុមហ៊ុន​កាល់តិក​ទាមទារ​ឲ្យ​មាន​ការ​តំឡើង​ប្រាក់​បៀវត្ស​គោល​រហូត​ដល់​១៦០​ដុល្លារ។
ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិក​របស់​ក្រុមហ៊ុន ​Chevron​ តាម​ការ​ប៉ាន់​ប្រមាណ​ បាន​បាត់បង់​ចំណូល​រាប់​សែន​ដុល្លារដោយសារ​កូដកម្ម​របស់​បុគ្គលិកខ្លួន​ក្នុង​អំឡុង​ពេល​បី​ថ្ងៃ​មក​នេះ។​

ក្រុម​បុគ្គលិក​ក្រុមហ៊ុន​កាល់​តិក​ប្រមាណ​៣០០​នាក់​បាន​ធ្វើ​កូដកម្ម​នៅ​តាម​ស្ថានីយរៀងៗខ្លួន​ចំនួន​១៨​ទូទាំង​ក្រុង​ភ្នំពេញចាប់​តាំង​ពី​ថ្ងៃ​ច័ន្ទមកម៉្លេះដោយ​ទាមទារ​ការ​ដំឡើង​ប្រាក់ខែ​រហូត​ដល់​១៦០​ដុល្លារ​ក្នុង​មួយ​ខែ​និង​ទាមទារ​ឱ្យ​មាន​ប្រាក់​ខែ​ទី​១៣។​

តាម​បទ​សម្ភាសន៍​របស់​វីអូអេ ខេមរភាសាជាមួយ​បុគ្គលិក​ផ្នែក​ចាក់​សាំង​នៅ​តាម​ស្ថានីយកាល់​តិក​នានា​ក្នុង​ក្រុង​ភ្នំពេញ ​ដូចជា​នៅ​ស្ថានីយផ្សារ​ដើម​គ ស្ថានីយបូកគោ និង​ស្ថានីយបឹង​ត្របែក ឱ្យ​ដឹង​ថា​ ក្នុង​មួយ​ស្ថានីយមាន​អ្នក​ចូល​ចាក់​សាំង​និង​ប្រេង​ម៉ាស៊ូត​ចន្លោះ​ពី​៥​ពាន់​ទៅ​១​ម៉ឺន​លីត្រក្នុង​មួយ​ថ្ងៃ។​

ដូច្នេះ​តាម​ការ​ប៉ាន់​ប្រមាណ ស្ថានីយកាល់តិក​ទាំង​១៨​ទីតាំង​នៅ​ភ្នំពេញ​ អាច​លក់​ប្រេង​សាំង​និង​ម៉ាស៊ូត​បាន​ចន្លោះ​ពី​៩០.០០០​ដល់​១៨០.០០០​លីត្រ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​នៅ​ក្រុង​ភ្នំពេញ ឬ​២៧០.០០០​ទៅ​៥៤០.០០០​លីត្រ​ក្នុង​អំឡុង​ពេលកូដកម្ម​រយៈពេល​៣​ថ្ងៃ​នេះ។​

ប្រេង​ម៉ាស៊ូត​មាន​តម្លៃ៥០០០​រៀល ប្រេងសាំង​ធម្មតា​តម្លៃ​៥២០០​រៀល និង​សាំង​ស៊ូពែរ៥.៤០០​រៀល។ ដូច្នេះ​កូដកម្ម​នា​ពេល​កន្លង​មក​ធ្វើឲ្យ​ស្ថានីយកាល់តិច​បាត់បង់​ចំណូល​របស់​ខ្លួន​ចន្លោះ​ពី​៣៥​ម៉ឺន​ទៅ​៧០​ម៉ឺន​ដុល្លារ។

ដោយ​ឡែក​លោកស្រី តាន់ ចាន់ឡេក មន្ត្រី​ទំនាក់​ទំនង​សាធារណៈ​របស់​ក្រុមហ៊ុន​ Chevron​ ប្រចាំ​កម្ពុជា ​បានបដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ការ​ខាត​បង់​របស់​ខ្លួន​នោះ​ទេ។​

«ខ្ញុំ​អត់​អាច​ឆ្លើយ​ជូន​បាន​ទេចំពោះ​សំណួរ​របស់​ធារ៉ា»។​

ជំនួប​ចរចា​រវាង​ភាគី​និយោជក​ និង​តំណាង​ក្រុមហ៊ុន​ Chevron ​កាល​ពី​ថ្ងៃ​ម្សិលមិញ​មិន​ទទួល​បាន​លទ្ធផល​អ្វី​ជា​ផ្លែផ្កា​នោះ​ទេ នៅ​ពេល​ដែល​ក្រុមហ៊ុន​ស្នើ​សុំ​ទុក​ពេល​២​ទៅ​៣​ខែ​ដើម្បី​ស្រាវជ្រាវ​ពី​លទ្ធភាពដំឡើង​ប្រាក់​ខែ​នេះ ប៉ុន្តែ​ក្រុម​បុគ្គលិក​នៅ​តែ​ទាមទារ​ដំណោះ​ស្រាយ​ភ្លាមៗ។​

លោក សយ ហំ បុគ្គលិក​ផ្នែក​ចាក់សាំង​ម្នាក់​នៅ​ស្ថានីយ​កាល់តិក​សាខា​ពោធិ៍ចិនតុង ​ថ្លែង​ថា​ ពួក​លោក​នឹង​ធ្វើ​កូដកម្ម​បន្ត​ទៀត​ រហូត​ទាល់​តែ​មាន​ដំណោះស្រាយ​សមស្រប​ដល់​ពួក​ខ្លួន។​

«តាម​សំណើ​របស់​គាត់​យើង​មិន​អាច​ទទួល​យក​បាន​ទេ។ យើង​ដាក់​សំណើ​ទៅ​គាត់​វិញ​សូម​មួយ​ខែ ប៉ុន្តែ​ពួកគាត់​មិន​ព្រម ​នៅ​តែ​សុំ​ពីរ​ទៅ​បី​ខែ​ដដែល។ យើង​នឹង​ធ្វើ​កូដកម្ម​បន្ត​ទៀត​ រហូត​ទាល់​តែ​មាន​ដំណោះស្រាយ»។​

ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច​ជា​ផ្នែក​មួយ​របស់​ក្រុមហ៊ុន​ Chevron​ ដែល​ជា​ក្រុមហ៊ុនផលិត​ប្រេង​ឥន្ធនៈ​ និង​ឧស្ម័ន​ដ៏​ធំ​បំផុត​មួយ​លំដាប់​អន្តរជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​សហ​រដ្ឋ​អាមេរិក។ កាល​ពី​ឆ្នាំ​២០១៣ ក្រុមហ៊ុន​នេះ​រក​ចំណូល​បាន​ជាង​២២០​ពាន់​លាន​ដុល្លារ​អាមេរិកពី​ការ​លក់​និង​ចែក​ចាយ​ប្រេង​ឥន្ធនៈ។ នេះ​បើ​តាម​គេហ​ទំព័រ​របស់​ក្រុមហ៊ុន​នេះ។​

លោក ស មូរ៉ា ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ​ និង​សេវា​កម្ពុជា ដែល​ជួយ​ជ្រោមជ្រែង​ការ​ទាមទារ​របស់​ក្រុម​បុគ្គលិក​ស្ថានីយកាល់តិច​ បាន​ឱ្យ​ដឹង​ថា​ មក​ទល់​ពេល​នេះ​ការ​ចរចា​រវាង​ក្រុមហ៊ុន ​Chevron​និង​បុគ្គលិក​ខ្លួន​នៅ​តែ​ជាប់​គាំង​នៅ​ឡើយ។​

«មក​ទល់​ពេល​នេះ​ ជំហរ​របស់ក្រុមហ៊ុន​នៅ​តែ​មិន​បញ្ជាក់​ថា​ នឹង​ដំឡើង​ប៉ុន្មាន​ដល់​បងប្អូន​និយោជិក​ ហើយ​ក្រុមហ៊ុន​និយាយ​តែ​ពី​ការ​ពន្យារពេល​ឆ្លើយ​តប​ជូន​បងប្អូន​កម្មករ​និយោជិក។ ដោយ​ឡែក​បងប្អូន​និយោជិក​ចង់​ឱ្យ​ក្រុមហ៊ុន​ឆ្លើយ​តប​ថា​ អាចដំឡើង​បាន​ប៉ុន្មាន​ជាក់លាក់។ ចំណែក​ឯ​បញ្ហា​ពេល​វេលា​ជា​រឿង​មួយ​បន្ទាប់​បន្សំ»។

លោក​សរ មូរ៉ា​ឱ្យ​ដឹង​ថា ​បុគ្គលិក​ស្ថានីយកាល់តិក​ប្រមាណ​១០០​នាក់​នឹង​យក​ញ្ញត្តិ​ទៅ​ដាក់​នៅ​ស្ថានទូត​អាមេរិកដើម្បី​ស្វែង​រក​អន្តរាគមន៍​ពី​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក ត្បិត​ក្រុមហ៊ុន​ Chevron ​ជា​ក្រុមហ៊ុន​មួយរបស់​សហ​រដ្ឋ​អាមេរិក​ ហើយ​ប្រទេស​មហា​អំណាច​មួយ​នេះ​តែងតែ​យក​ចិត្ត​ទុក​ដាក់​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​ និង​ជីវភាព​របស់​កម្មករ​និយោជិក៕
XS
SM
MD
LG