ក្រុមសមាជិករដ្ឋសភាស្តាំនិយមចំនួន ២០ នាក់ បានរារាំងម្តងទៀតកាលពីថ្ងៃព្រហស្បតិ៍នូវសមាជិករដ្ឋសភារដ្ឋ California លោក Kevin McCarthy មិនឲ្យក្លាយជាប្រធានរដ្ឋសភាសហរដ្ឋអាមេរិក ក្នុងការតវ៉ាដែលកំពុងបន្ត ដែលថាលោកមិនមានជំហររឹងមាំគ្រប់គ្រាន់ចំពោះគោលនយោបាយអភិរក្សនិយមទេ។
ថ្ងៃទី ៣ នៃការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីនៃរដ្ឋសភាដែលមានសមាជិក ៤៣៥ នាក់ គឺដូចគ្នានឹងពីរថ្ងៃដំបូងដែរ ដែលលោក McCarthy សមាជិករដ្ឋសភារយៈពេល ១៦ ឆ្នាំ និងជាមេដឹកនាំគណបក្សសាធារណរដ្ឋបច្ចុប្បន្ននៅរដ្ឋសភា មិនអាចរកបានសំឡេងគាំទ្រភាគច្រើនចំនួន ២១៨ សំឡេង ដើម្បីឲ្យលោកឈ្នះតំណែងនោះឡើយ។
សមាជិករដ្ឋសភាជាប់ឆ្នោតនៃគណបក្សសាធារណរដ្ឋសរុបចំនួន ២០១ នាក់ បានគាំទ្រលោកក្នុងការបោះឆ្នោតជុំទី ៧ និងទី ៨ ដែលជាចំនួនសរុបដូចគ្នាដែលលោកមាននៅលើសន្លឹកឆ្នោតប្រាំមួយដងមុនកាលពីថ្ងៃអង្គារ និងថ្ងៃពុធ បើទោះបីជាលោកបានផ្តល់សម្បទានថ្មីលើច្បាប់គ្រប់គ្រងប្រតិបត្តិការរដ្ឋសភាដល់ក្រុមអ្នកប្រឆាំង នៅក្នុងការប៉ុនប៉ងឥតប្រយោជន៍ដើម្បីយកឈ្នះការគាំទ្ររបស់ពួកគេ។ នៅក្នុងការបោះឆ្នោតជុំទី ៩ ទី ១០ និងទី ១១ លោក McCarthy ទទួលបាន ២០០ សំឡេង ដោយសារតែសមាជិករដ្ឋសភាគណបក្សសាធារណរដ្ឋ លោក Ken Buck អវត្តមានដោយមានការណាត់ជួបពេទ្យ។
បន្ទាប់ពីជុំទី ១១ រដ្ឋសភាបានបោះឆ្នោតពន្យារពេលរហូតដល់ថ្ងៃត្រង់ថ្ងៃសុក្រ។
លោក McCarthy មិនបានបង្ហាញចេតនាថា លោកនឹងដកបេក្ខភាពចេញពីការប្រកួតដើម្បីដឹកនាំរដ្ឋសភានោះទេ។
គណបក្សសាធារណរដ្ឋមានអាសនៈសរុបចំនួន ២២២ ទល់នឹងអាសនៈចំនួន ២១២ មកពីគណបក្សប្រជាធិបតេយ្យនៅក្នុងសម័យប្រជុំថ្មីនៃរដ្ឋសភានីតិកាលទី ១១៨ នេះ។
លោក McCarthy បានយល់ព្រមតាមការទាមទារជាច្រើនរបស់សមាជិករដ្ឋសភាស្តាំនិយម រួមទាំងការអនុញ្ញាតឱ្យសមាជិកតែម្នាក់អំពាវនាវឱ្យមានការបោះឆ្នោតផ្ទៃក្នុងរដ្ឋសភាដើម្បីដកតំណែងប្រធានរដ្ឋសភា ប្រសិនបើពួកគេមិនយល់ព្រមលើគោលនយោបាយនីតិបញ្ញត្តិរបស់លោក ឬវិធីដែលលោកដឹកនាំរដ្ឋសភា។
លោកក៏បានសន្យានឹងពួកគេផងដែរនូវការចាត់តាំងឲ្យកាន់តំណែងរបស់គណៈកម្មាធិការសំខាន់ៗ និងការបោះឆ្នោតនៅសភាពេញអង្គលើអាទិភាពច្បាប់មួយចំនួនរបស់ពួកគេ ដូចជាការដាក់កម្រិតអាណត្តិលើសមាជិករដ្ឋសភា និងការគ្រប់គ្រងព្រំដែនខ្លាំងជាងមុន ដើម្បីទប់ស្កាត់ជនចំណាកស្រុកដែលគ្មានឯកសារមិនឲ្យចូលសហរដ្ឋអាមេរិកឆ្លងកាត់ព្រំដែនភាគនិរតីជាមួយម៉ិកស៊ិក៕