ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋកា​លីហ្វ័រញ៉ា​បន្ត​បិទ​ដោយសារ​មេរោគ​កូរ៉ូណា​នៅ ​ខណៈ​ចំនួន​មនុស្ស​ស្លាប់​នៅ​អ៊ីតាលី​ច្រើន​ជាង​នៅ​ចិន


វិថី​ California ដែល​ធ្លាប់​មាន​​ឡាន​ច្រើន​ បាន​ក្លាយ​ជា​ផ្លូវ​គ្មាន​ចរាចរណ៍​ នៅទីក្រុង​ San Francisco រដ្ឋ​កាលីហ្វ័រញ៉ា កាល​ពី​ថ្ងៃ​ទី​១៨ មីនា ២០២០។
វិថី​ California ដែល​ធ្លាប់​មាន​​ឡាន​ច្រើន​ បាន​ក្លាយ​ជា​ផ្លូវ​គ្មាន​ចរាចរណ៍​ នៅទីក្រុង​ San Francisco រដ្ឋ​កាលីហ្វ័រញ៉ា កាល​ពី​ថ្ងៃ​ទី​១៨ មីនា ២០២០។

រដ្ឋកាលីហ្វ័រញ៉ា​ដែល​មាន​មនុស្ស​៤០​លាន​នាក់ បាន​ស្ថិត​នៅ​ក្នុង​ការ​បិទទ្វារ​កាល​ពី​ថ្ងៃ​សុក្រ នៅ​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ដាក់​មនុស្ស​ឲ្យ​នៅ​ដាច់​ពី​គ្នា​ដើម្បី​បិទ​ខ្ទប់​ការ​រាល​ដាល​ដ៏​ឆាប់​រហ័ស​នៃ​មេរោគ​កូរ៉ូណា នៅ​ពេល​ដែល​ចំនួន​មនុស្ស​ស្លាប់​នៅ​ប្រទេស អ៊ីតាលី ​មាន​ច្រើន​ជាង​ប្រទេស​ចិន។

សហរដ្ឋ​អាមេរិក​ បាន​ប្រើ​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​គ្រុន​ចាញ់​ដើម្បី​ព្យាបាល​មេរោគ​កូរ៉ូណា នេះ​តាម​ប្រសាសន៍​លោក​ប្រធានាធិបតី ដូណាល់​ ត្រាំ នៅ​ពេល​ដែល​លោក​ បាន​រិះ​គន់​ចិន​ដែល​មិន​បាន​ផ្តល់​ព័ត៌មាន​ដល់​មេដឹកនាំ​ពិភព​លោក​ឲ្យ​បាន​ទាន់​ពេល​វេលា​ពី​ការ​ផ្ទុះ​ឡើង​នូវ​មេរោគ​នេះ។

ចិន​បាន​រាយការណ៍​ថា​ វា​ជា​ថ្ងៃ​ទី​២​ហើយ​ដែល​ប្រទេស​នេះមិន​មាន​ករណី​ឆ្លង​ថ្មី​នៅ​ក្នុង​ប្រទេស ​ចាប់​តាំង​ពី​មេរោគ​នោះ បាន​លេច​ចេញ​នៅ​ទីក្រុង​វូហាន ភាគ​កណ្តាល​កាល​ពី​ខែ​ធ្នូ មុន​រាល​ដាល​ទូទាំង​សាកល​លោក។

ខណៈ​មាន​ក្តី​សង្ឃឹម​ខ្លះៗ​នៅ​ក្នុង​ប្រទេស​ចិន ប្រទេស​ជា​ច្រើន​បាន​រឹត​បន្តឹង​ព្រំដែន​របស់​ខ្លួន​ហើយ​បាន​បិទ​ប្រទេស​នៅ​ពេល​ដែល​ប្រធាន​អង្គការ​សហ​ប្រជា​ជាតិ​បាន​ ព្រមាន​ថា «មនុស្ស​រាប់​លាន​នាក់​អាច​ស្លាប់​ប្រសិន​បើ​ មេរោគ​នោះ​រាល​ដាល​ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យ​នៅ​ជុំវិញ​ពិភព​លោក​នោះ»។

ចំនួន​មនុស្ស​ស្លាប់​បាន​កើន​ឡើង​នៅ​ក្នុង​តំបន់​អឺរ៉ុប​ នៅ​ពេល​ដែល​អ៊ីតាលី ​បាន​ប្រកាស​ពី​ចំនួន​មនុស្ស​ស្លាប់​៤២៧​នាក់​ទៀត​កាល​ពី​ថ្ងៃ​ព្រហស្បត៍​ ដោយ​មាន​ចំនួន​ទាំង​អស់​៣,៤០៥​នាក់។នេះ​បើ​តាម​ការ​ច្រង​ក្រង​ដែល​ធ្វើ​ឡើង​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ AFP។

ប្រទេស​ចិន​ បាន​រាយការណ៍​ជា​ផ្លូវការណ៍​ពី​មនុស្ស​ស្លាប់​ទាំង​អស់​ចំនួន​៣,២៤៨​នាក់​ដោយសារ​មេរោគ​នេះ ដែល​បាន​ប៉ះ​ពាល់​ផ្លូវ​ដង្ហើម ជា​ពិសេស​មនុស្ស​ចាស់។

នៅ​ទូទាំង​សាកលោក ចំនួន​មនុស្ស​ស្លាប់​មក​ពី​មេរោគ​នោះ​បាន​កើន​ឡើង​ទៅ​ដល់​ជិត​១ម៉ឺន​នាក់​ដោយ​មាន​ជាង​២​សែន​៣​ម៉ឺន​២​ពាន់​ករណី​នៅ​ក្នុង​ប្រទេស​និង​ដែន​ដី​ចំនួន​១៥៨។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន​ AFP។

លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ​Guterres​ មាន​ប្រសាសន៍​ថា៖ «ប្រសិន បើ យើង​អនុញ្ញាត​ឲ្យ​មេរោគ​នោះ​រាលដាល​ដូច​ជាភ្លើង​ឆេះ​ព្រៃ ជាពិសេស​នៅ​ក្នុង​តំបន់​ដែល​ងាយ​រងគ្រោះ​របស់​ពិភព​លោក មេរោគ​នោះ​ នឹង​សម្លាប់​មនុស្ស​រាប់​លាន​នាក់»។

XS
SM
MD
LG