គម្រោងចាយវាយរបស់រដ្ឋាភិបាលនៅឆ្នាំ២០២០ដែលបានប្រកាសឲ្យដឹងនាពេលថ្មីៗនេះបានបង្ហាញថា ការចំណាយលើវិស័យយោធា និងសន្តិសុខជាតិនៅតែកើនខ្ពស់ជាងវិស័យអាទិភាពសំខាន់ៗផ្សេងទៀត រួមមានវិស័យអប់រំ សុខាភិបាល និងសង្គមកិច្ច។
សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ដែលត្រូវបានអនុម័តដោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីសប្ដាហ៍មុន បានបញ្ជាក់ឲ្យដឹងថា រដ្ឋាភិបាលកម្ពុជាគ្រោងនឹងចំណាយថវិកាជាតិចំនួនជាង៣៣ លានលានរៀល ឬប្រមាណជា ៨.២ពាន់លានដុល្លារអាមេរិក។
ថវិកាគ្រោងទុកជាមុនសម្រាប់ឆ្នាំ២០២០នេះ គឺខ្ពស់ជាងការចាយវាយនៅឆ្នាំ២០១៩ ប្រមាណ២២,៧ភាគរយ ឬប្រមាណជាជាង ២៧លានលានរៀល ដែលស្មើនឹងប្រមាណ៦,៧ពាន់លានដុល្លារសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៩។
រដ្ឋាភិបាលនឹងចំណាយលើវិស័យចំនួន៥ប្រាំ ក្នុងនោះ មានវិស័យការពារជាតិ សន្តិសុខ និងសណ្ដាប់ធ្នាប់ ដែលមានចំណែក៣,៩២ភាគរយនៃផលិតផលសរុបក្នុងស្រុកហៅកាត់ថា (ផ.ស.ស) ឬស្មើនឹងប្រមាណ២៥,៨ភាគរយនៃថវិកាជាតិដែលគ្រោងនឹងចាយនៅឆ្នាំ២០២០ ដែលមានកំណើន៩,៣ភាគរយធៀបនឹងឆ្នាំ២០១៩។ នេះបើយោងតាមសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។
សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ដដែល ក៏បានឲ្យដឹងពីកំណើននៃការចាយវាយនៅក្នុងវិស័យសង្គមកិច្ច ដែលគ្របដណ្ដប់«លើកិច្ចការអប់រំ និងសេវាសុខាភិបាល។ បើតាមសេចក្ដីព្រាងថវិកាដដែល វិស័យសង្គមកិច្ចស្រូបបាន៣៧.៤ភាគរយនៃថវិកាជាតិដែលគ្រោងនឹងចាយនៅឆ្នាំ២០២០។
ជារួមការចាយវាយលើវិស័យខាងលើគឺមានការកើនឡើងជាងឆ្នាំ២០១៩ ហើយក្នុងចំណោមវិស័យខាងលើនេះ គឺវិស័យការពារជាតិ និងសន្តិសុខនៅតែទទួលបានថវិកាច្រើនជាងគេ។
លោកយង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ប្រាប់ VOA នៅថ្ងៃចន្ទនេះថា ការចាយវាយរបស់រដ្ឋាភិបាលគឺតែខ្ពស់ទៅលើវិស័យយោធា។ លោកអះអាងថា ការចាយវាយដែលនៅតែខ្ពស់លើវិស័យយោធានេះ នឹងមិនអាចជួយកម្ពុជាឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០បានទេ។
លោកបានបន្ថែមថា ដើម្បីឲ្យពលរដ្ឋអាចបង្កើនប្រាក់ចំណូលខ្លួនបាន លុះត្រាតែគុណភាពអប់រំមានភាពប្រសើរឡើង។
«យើងមិនបាច់ចាំនិយាយអីច្រើន យើងគ្រាន់តែលើកឡើងមួយថា តើពេលណាទៅ បានយើងអាច ធ្វើឲ្យបានត្រឹមត្រូវ ឲ្យបានបំបាត់ឲ្យបាននូវការ បើកចម្លង បើអីនៅក្នុងថ្នាក់ គ្រាន់តែប្រឡងសាមញ្ញហ្នឹងបាទ។ ឬក៏ធ្វើម៉េចទៅដើម្បីយើង បំបាត់ឲ្យបាននូវការយកលុយពីសិស្សពីអី អាហ្នឹងហើយជាបញ្ហាដែលត្រូវចោទសួរបាទ...ឲ្យអាការបង្រៀនរបស់គ្រូហើយនិងគុណភាពនៃការរៀនសូត្ររបស់សិស្សហ្នឹង ឲ្យវា ធ្វើម៉េចរុញអាហ្នឹងឲ្យវា ដើរទៅឲ្យលឿន ហើយត្រូវធ្វើការកែលម្អឲ្យលឿននៅក្នុងកាលៈទេសៈនេះបានទៅរួចបាទ»។
លោកកត់សម្គាល់បន្ថែមថា សេវាព្យាបាលជំងឺនៅកម្ពុជាក៏កំពុងប្រឈមនឹងការបាត់ជំនឿទុកចិត្តពីប្រជាពលរដ្ឋខ្មែរ ដោយសារតែពួកគាត់បានបន្តចេញទៅក្រៅប្រទេសដើម្បីព្យាបាលជំងឺ។ ប្រទេសទាំងនោះ រួមមានវៀតណាម ថៃ និងសិង្ហបុរីជាដើម។
VOA មិនទាន់អាចសុំការអធិប្បាយពីលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានទេ។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច និងជាសមាជិកព្រឹទ្ធសភាសុំមិនធ្វើការអធិប្បាយលើផែនការចាយវាយរបស់រដ្ឋាភិបាលនៅឆ្នាំ២០២០ ព្រោះលោកមិនទាន់បានឃើញសេចក្ដីព្រាងថវិកាជាតិឆ្នាំ២០២០។
ទោះយ៉ាងណាលោកចាត់ទុកការរិះគន់ថា រដ្ឋាភិបាលមិនបង្កើនការចំណាយលើវិស័យអប់រំ និងសុខាភិបាល ជាការបញ្ចេញមតិដើម្បីវាយប្រហារលើរដ្ឋាភិបាល។ លោក សុខ ឥសាន មានប្រសាសន៍បន្ថែមថា ពលរដ្ឋកម្ពុជាមានចំណេះដឹងរហូតអាចចេញទៅប្រកួតប្រជែងលើឆាកអន្តរជាតិ។ សម្រាប់ការទទួលសេវាពិនិត្យជំងឺ លោកថា ពលរដ្ឋមានសិទ្ធិទៅព្យាបាលជំងឺនៅក្រៅប្រទេស។
«ម្ដងទៅពេទ្យកើត ម្ដងទៅពេទ្យឯលិច អាហ្នឹងម៉េចទៅនិយាយគេ? អាហ្នឹងជា ជារឿងបិទសិទ្ធិរបស់គេហើយ ហើយគួបផ្សំនឹងការវាយប្រហារមកលើគុណភាពសុខាភិបាលនៅក្នុងស្រុក អានេះមិន មិនត្រឹមត្រូវទេ។ ខ្ញុំយល់ថា វាជាចំណែកមួយផ្អៀងម្ខាងហើយ»។
សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ក៏បានឲ្យដឹងថា រដ្ឋាភិបាលគ្រោងនឹងចំណាយច្រើនទៅលើវិស័យរដ្ឋបាលទូទៅ ដែលស្មើនឹងប្រមាណ១៣ភាគយនៃថវិកាគ្រោងទុក។ រដ្ឋាភិបាល ក៏គ្រោងរក្សាទុកប្រាក់បញ្ញើចំនួនប្រមាណ៧០០.០០០លានរៀល ឬស្មើនឹង១៧៣លានដុល្លារអាមេរិក ដើម្បីត្រៀមលក្ខណៈអនុវត្តវិធានការឆ្លើយតបនឹងផលប៉ះពាល់នៃភាពមិនច្បាស់លាស់ពាក់ព័ន្ធនឹងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មជាមួយដៃគូមួយចំនួន។
នៅក្នុងឆ្នាំ២០២០ខាងមុខនេះ រដ្ឋាភិបាលក៏បានកំណត់ពិដានក្នុងការខ្ចីថ្មី ក្នុងកម្រិត១.៤០០លានSDR ឬស្មើនឹងជាង១.៩០០លានដុល្លារអាមេរិក៕