ព្រះសង្ឃ អ្នកកាន់ទុក្ខ សកម្មជននានា និងអ្នកចូលរួមដទៃទៀតបានប្រមូលផ្ដុំគ្នានៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីប្រារព្ធខួបលើកទី ៤០ នៃការសម្លាប់រង្គាលឆ្នាំ ១៩៧៦ ដែលជាសម័យកាលដ៏ខ្មៅងងឹតមួយនៅក្នុងប្រវត្តិសាស្ត្រថៃ។ ការសម្លាប់រង្គាលឆ្នាំ ១៩៧៦ នេះ គឺជាការសម្លាប់ដែលធ្វើឡើងដោយប៉ូលិសចំពោះក្រុមនិស្សិតដែលធ្វើការតវ៉ាដោយសន្តិវិធី។
នៅពេលនោះ និស្សិតជាច្រើននាក់មកពីសាកលវិទ្យាល័យ Thammasat នៅក្នុងទីក្រុងបាងកក បានធ្វើការតវ៉ាប្រឆាំងនឹងការវិលត្រឡប់មកកាន់ប្រទេសថៃវិញ របស់អតីតមេដឹកនាំផ្ដាច់ការលោក Thanom Kittikachorn ដែលប្រជាពលរដ្ឋភាគច្រើនមិនពេញចិត្ត។ បន្ទាប់មក ពួកជនពាល និងប៉ូលិសប៉ារ៉ាប្រដាប់ដោយអាវុធ បានធ្វើការបាញ់ប្រហារ និងគប់គ្រាប់បែកលើក្រុមនិស្សិតតវ៉ាដែលគ្មានអាវុធទាំងនោះ។
បន្ទាប់មកទៀត ក្រុមប៉ូលិសបានសម្រុកចូលចាប់ខ្លួននិស្សិតទាំងនោះបានប្រហែលជាង ១០ នាក់។ អ្នកដែលត្រូវគេចាប់ខ្លួននោះ ត្រូវបានគេនាំយកទៅកាន់ទីវាលសាធារណៈមួយកន្លែងនៅក្បែរនោះ និងបានវាយរហូតដល់ស្លាប់ ឬក៏ធ្វើទារុណកម្មផ្សេងៗ។ តួលេខអ្នកស្លាប់ផ្លូវការមានចំនួន ៤៦ នាក់ ទោះបីជាការប៉ាន់ប្រមាណច្បាស់ការណ៍ឯករាជ្យបានបញ្ជាក់ថា ចំនួនអ្នកស្លាប់អាចមានច្រើនជាង ១ រយនាក់។
ការប្រារព្ធខួបការសម្លាប់រង្គាលឆ្នាំ ១៩៧៦ លើកនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយហេតុថា សកម្មជនប្រជាធិបតេយ្យហុងកុងលោក Joshua Wong ដែលគ្រោងនឹងថ្លែងនៅក្នុងពិធីប្រារព្ធខួបនេះ ត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនទៅក្រុងហុងកុងវិញ តាមការស្នើរបស់អាជ្ញាធរចិន។
កន្លងមក មិនមានឧក្រិដ្ឋជនណាម្នាក់ដែលមានការទទួលខុសត្រូវនៅក្នុងការសម្លាប់រង្គាលនេះ ត្រូវបានចាប់មកកាត់ទោសនោះទេ៕