ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​សង្ស័យ​នៅ​ក្នុង​អំពើ​ភេរវកម្ម​ក្នុង​ក្រុង​ប្រ៊ុចសែល​ត្រូវ​បាន​ដោះ​លែង


ប៉ូលិស​បង្ក្រាប​កុប្បកម្ម​ឈរ​ការពាំរ​នៅ​មុខ​កន្លែង​រំឭក​វិញ្ញាណ​ក្ខន្ធ​នៃ​ជន​រង​គ្រោះ​ដោយ​សារ​ការវាយ​ប្រហារ​នៅ​ក្នុង​ក្រុង​ប្រ៊ុចសែល ថ្ងៃ​ទី​២៧ ខែ​មិនា ឆ្នាំ​២០១៦។​
ប៉ូលិស​បង្ក្រាប​កុប្បកម្ម​ឈរ​ការពាំរ​នៅ​មុខ​កន្លែង​រំឭក​វិញ្ញាណ​ក្ខន្ធ​នៃ​ជន​រង​គ្រោះ​ដោយ​សារ​ការវាយ​ប្រហារ​នៅ​ក្នុង​ក្រុង​ប្រ៊ុចសែល ថ្ងៃ​ទី​២៧ ខែ​មិនា ឆ្នាំ​២០១៦។​

បុរស​ម្នាក់​ដែល​ត្រូវ​បាន​រាយការណ៍​ច្រើន​ថា​ ជា​ជន​ជាប់​សង្ស័យ​ខ្លាំង​ជាង​គេ​នៅ​ក្នុង​ការ​វាយ​ប្រហារ​ភេរវកម្ម​ដ៏​ប្រល័យ​កាល​ពី​សប្តាហ៍​មុន​នៅ​ក្នុង​ក្រុង​ប្រ៊ុចសែល​ត្រូវ​បាន​ដោះលែង​ហើយ​ដោយសារ​ការ​ខ្វះ​ភស្តុតាង។​

រាជអាជ្ញា​សហព័ន្ធ​នៃ​ប្រទេស​ប៊ែលហ្ស៊ិក​បាន​និយាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា ​អាជ្ញាធរ​គ្មាន​ការ​បង្ហាញ​ឲ្យ​ឃើ​ញ​ថា​ត្រូវឃុំឃាំង​បុរស​នេះ​ដែល​ ត្រូវ​បាន​ប្រាប់​អត្តសញ្ញាណ​ថា​ឈ្មោះ ​Faycal C.។​

នៅ​មុន​ការ​ដោះ​លែង​គាត់​ Faycal C. បាន​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ដំបូងៗ​ពី​បទ​ «ចូល​រួម​ក្នុង​ក្រុម​ភេរវជន​មួយ​ ចូល​រួម​ក្នុង​ការសម្លាប់​បែប​ភេរវកម្ម​និង​ប៉ុនប៉ង​ធ្វើការ​សម្លាប់​បែប​ភេរវកម្ម»។

របាយការណ៍​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យ​ដឹង​ថា​ គាត់​មាន​ឈ្មោះ​ថា​ Faycal Cheffou ហើយ​ថា​គេ​មាន​ជំនឿ​ថា​គាត់​ជា​បុគ្គល​ទី​បី​ដែល​ត្រូវ​បាន​ឃើញ​តាម​កាមេរ៉ា​សន្តិសុខ​មួយ​នៅ​ឯ​ចំណត​យន្តហោះ​ជាមួយ​បុរស​ពីរ​នាក់​ ដែល​បាន​បំផ្ទុះ​ខ្លួន​ឯង​នៅ​ទីនោះ។​

គេ​ដឹង​មិន​ច្បាស់់លាស់​ទេ​ថា​ តើ​ក្រុម​អ្នកស៊ើប​អង្កេត​មាន​ជំនឿ​ថា​គាត់​ជា​បុរស​ដែល​ត្រូវ​បាន​ឃើញ​នៅ​ក្នុង​កាមេរ៉ា​ CCTV ដែល​ត្រូវ​បាន​ថត​ក្នុង​រយៈពេល​ខ្លី​មុន​មាន​ការ​ផ្ទុះ​គ្រាប់បែក​នៅ​ក្នុង​អាកាស​យានដ្ឋាន​នោះ។

កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ ក្រុម​ប៉ូលិស​បាន​ផ្សព្វផ្សាយ​រូប​ថត​ថែម​ទៀត​នៃ​កាមេរ៉ា​ឃ្លាំ​មើល​នៅ​ឯ​ចំណត​យន្តហោះ​នោះ​ ហើយ​បាន​សុំ​ឲ្យ​សាធារណជន​ជួយ​កំណត់​អត្តសញ្ញាណឈ្មោះ​ជន​នោះ​ ដែល​មាន​ពាក់​មួក​និង​អាវ​រងា​ពណ៌​ស។​

បុរស​ទាំង​បី​នាក់​នោះ​ដែល​គេ​ឃើញ​នៅ​ក្នុង​រូបថត​កាមេរ៉ា​ឃ្លាំ​មើល​ បាន​រុញ​ហិប​ដែល​គេ​មាន​ជំនឿ​ថា​មាន​ផ្ទុក​ដោយ​គ្រឿង​ផ្ទុះ​កាត់​តាម​សាល​សម្រាប់​ចាក​ចេញ​ដំណើរ។

​បុរស​ពីរ​នេះ​ក្នុង​បណ្តា​បុរស​ទាំង​បី​នាក់​នេះ​បាន​ស្លាប់​ហើយ​នៅ​ក្នុង​ការ​ផ្ទុះ​គ្រាប់​បែក​ទាំង​នោះ។​ បុរស​ទី​បី​ដែល​គ្រាប់​បែក​ទី​បី​មិន​បាន​ផ្ទុះ​ជា​មនុស្ស​ដែល​គេ​តាម​ប្រមាញ់​ខ្លាំង​បំផុត។

ការ​វាយ​ប្រហារ​ទាំង​នោះ​បាន​កើត​មាន​ឡើង​នៅ​សឹង​តែ​ពេល​ជាមួយ​គ្នា​ ជាមួយ​ការ​វាយ​ប្រហារ​មួយ​នៅ​ឯ​ស្ថានីយ៍​រទេះ​ភ្លើង​ក្រោម​ដី​មួយ​នៅ​ក្នុង​ក្រុង​ប្រ៊ុចសែល​បាន​បណ្តាល​ឲ្យ​មនុស្ស​៣៥​នាក់​ស្លាប់​និង​ធ្វើ​ឲ្យ​មនុស្ស​ប្រមាណ​៣០០​នាក់​ទៀត​ត្រូវ​របួស។​

អាជ្ញាធរ​បាន​ឆ្មក់​ចូល​លុក​ច្រើន​ដង​នៅ​ខាង​ក្នុង​និង​នៅ​ជុំវិញ​រាជធានី​នៃ​ប្រទេស​ប៊ែលហ្ស៊ិក​ នៅ​ក្នុង​ការ​ប៉ុនប៉ង​មួយ​ដើម្បី​បង្អាក់​អ្វី​ដែល​ហាក់​ដូចជា​បណ្តាញ​ភេរវជន​មួយ​ ដែល​មាន​សមាជិក​ជិតស្និទ្ធ​នឹង​គ្នា​ណាស់​ហើយ​ដែល​កំពុង​រាលដាល​ធំ​ថែម​ទៀត​ផង។​

កាល​ពី​ថ្ងៃ​ច័ន្ទ ក្រុម​រាជ​អាជ្ញា​នៅ​ក្នុង​ក្រុង​ប្រ៊ុចសែល​បាន​ចោទ​ប្រកាន់​មនុស្ស​បី​នាក់​ថា​មាន​ទាក់ទិន​នឹង​ក្រុម​ភេរវជន​មួយ។​ ពួក​បុរស​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ទាំង​នោះ​មាន​ឈ្មោះ Yassine A., Mohamed B. និង​ឈ្មោះ Aboubaker O.៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG