ព្រះបរមរាជវាំង Buckingham របស់ចក្រភពអង់គ្លេសបានបញ្ជាក់កាលពីថ្ងៃអង្គារថា ក្រុមគ្រួសាររាជវង្សអង់គ្លេសមាន «ការសោកស្តាយ នៅពេលបានដឹងពីបញ្ហាប្រឈមយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ» ដែលបានកើតឡើងចំពោះព្រះអង្គម្ចាស់ Harry និងអ្នកម្នាង Meghan Markle។
ការបញ្ជាក់នេះកើតមានឡើង ក្រោយពីមានកិច្ចសម្ភាសន៍របស់ទូរទស្សន៍អាមេរិក CBS កាលពីថ្ងៃអាទិត្យ ដោយអ្នកស្រី Oprah Winfrey ជាមួយសមាជិករាជវង្សទាំងពីរ ហើយដែលត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ។ ក្នុងកិច្ចសម្ភាសន៍នោះ មានលេចឡើងការចោទប្រកាន់ពីបញ្ហារើសអើងជាតិសាសន៍ ឥទ្ធិពលគ្រួសារ និងការគិតធ្វើអត្តឃាត។
ព្រះបរមរាជវាំង Buckingham បានចេញសេចក្តីថ្លែងការណ៍តាងនាមឲ្យព្រះមហាក្សត្រិយានី Elizabeth ថា៖ «ខណៈដែលការចងចាំអំពីហេតុការណ៍អាចខុសគ្នាខ្លះ បញ្ហាទាំងនោះនឹងត្រូវពិនិត្យពិចារណាដោយហ្មត់ចត់ ហើយនឹងត្រូវដោះស្រាយដោយក្រុមគ្រួសាររាជវង្សជាលក្ខណៈឯកជន»។
សេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយតាម Twitter ក៏បានបញ្ជាក់ដែរថា ព្រះអង្គម្ចាស់ Harry និងអ្នកម្នាង Meghan និងរាជបុត្រា Archi តែងជា «សមាជិកក្រុមគ្រួសាររាជវង្សដ៏ជាទីស្រឡាញ់បំផុត»។
សេចក្តីថ្លែងការណ៍នោះ កើតមានឡើងបន្ទាប់ពីអ្នកម្នាង Markle ដែលជាកូនកាត់ស្បែកខ្មៅនិងស្បែកស បានមានបន្ទូលថា សមាជិកម្នាក់នៃក្រុមគ្រួសាររាជវង្សបានលើកឡើងពីការព្រួយកង្វល់អំពីថា រាជបុត្រា Archie នឹង «អាចមានសម្បុរខ្មៅយ៉ាងណាទៅ?»។ អ្នកម្នាង Markle ដែលជាអតីតតារាភាពយន្តរូបនេះ កំពុងមានគ៌ររាជបុត្រទី ២។
កាលពីខែកុម្ភៈ ព្រះបរមរាជវាំងបានប្រកាសថា ព្រះអង្គម្ចាស់និងអ្នកម្នាងនឹងមិនវិលត្រឡប់មកកាន់តួនាទីផ្លូវការក្នុងរាជវង្សវិញទេ ជិតមួយឆ្នាំបន្ទាប់ពីពួកគេបានប្រកាសលាលែងពីតួនាទីការងារក្នុងក្រុមគ្រួសាររាជវង្ស។ ព្រះអង្គម្ចាស់និងអ្នកម្នាងបានផ្លាស់ទីលំនៅទៅកាន់ទ្វីបអាមេរិកខាងជើង កាលពីចុងឆ្នាំទៅ។ នៅពេលបច្ចុប្បន្ននេះ ព្រះអង្គម្ចាស់និងព្រះនាង កំពុងគង់នៅក្នុងរដ្ឋ California។
ការបញ្ជាក់កាលពីថ្ងៃអង្គារ គឺជាលើកទី ១ ហើយ ដែលក្រុមគ្រួសាររាជវង្សបានឆ្លើយតបជាសាធារណៈ ទៅនឹងបញ្ហាដែលត្រូវបានលើកឡើងនៅក្នុងកិច្ចសម្ភាសន៍ កាលពីថ្ងៃអាទិត្យ៕