លោកនាយករដ្ឋមន្ត្រីអង់គ្លេស David Cameron បានមានប្រសាសន៍ថាលទ្ធផលនៃការបោះឆ្នោតប្រជាមតិអំពីប្រទេសអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបជាការសម្រេចចុងក្រោយបង្អស់។
លោក Cameron បានមានប្រសាសន៍នៅក្នុងសុន្ទរកថាមួយក្នុងសភាកាលពីថ្ងៃច័ន្ទថា «នេះជាសេចក្តីសម្រេចសំខាន់មួយសម្រាប់អនាគតនៃប្រទេសយើងហើយខ្ញុំជឿថាយើងគួរតែដឹងយ៉ាងច្បាស់ថានេះជាការសម្រេចចុងក្រោយបង្អស់។»
លោក Cameron បានបដិសេធការអំពាវនាវឱ្យមានការបោះឆ្នោតលើកទីពីរដោយលោក Boris Johnson អភិបាលក្រុងឡុងដ៍ ដែលបាននិយាយថាការបោះឆ្នោតឲ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបអាចជួយឲ្យអង់គ្លេសធ្វើការចរចាជាថ្មីអំពីលក្ខខណ្ឌរបស់ខ្លួនជាមួយសហភាពអឺរ៉ុប។
លោក Cameron បានមានប្រសាសន៍ថា «មានគំនិតមួយបានត្រូវដាក់ស្នើថាប្រសិនបើប្រទេសបោះឆ្នោតចាកចេញពីសហភាពអឺរ៉ុប យើងអាចមានការចរចាលើកទីពីរ ហើយប្រហែលមានការបោះឆ្នោតប្រជាមតិមួយទៀត។ លោកប្រធាន ខ្ញុំនឹងមិននិយាយសង្កត់ធ្ងន់លើការចំអកអំពីមនុស្សខ្លះដែលចង់បោះឆ្នោតឲ្យប្រទេសចាកចេញពីសហភាពអឺរ៉ុប ជាក់ស្តែងចង់ប្រើការបោះឆ្នោតចាកចេញដើម្បីឲ្យខ្លួនស្ថិតស្ថេរក្នុងសហភាពអឺរ៉ុប។»
លោក Johnson ដែលជាអ្នកនយោបាយមានប្រជាប្រិយភាពច្រើន តែប្លែកពីគេក្នុងប្រទេសអង់គ្លេស ជាអ្នកអភិរក្សនិយមល្បីឈ្មោះម្នាក់ដែលមានគំនិតខុសពីអ្នកអភិរក្សនិយម Cameron អំពីប្រទេសអង់គ្លេសនៅជាសមាជិកសហភាពអឺរ៉ុបដែលមានប្រទេសជាតិ ចំនួន២៨ជាសមាជិក៕