ដូចការរំពឹងទុក នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Boris Johnson បានប្រកាសកាលពីថ្ងៃចន្ទពីការបញ្ចប់វិធានការរឹតត្បិតកូវីដ១៩ទាំងអស់នៅក្នុងប្រទេសដែលត្រូវដាក់ដំបូងកាលពីចុងខែវិច្ឆិកា សូម្បីតែលុបចោលការតម្រូវឱ្យនៅដាច់ពីគេសម្រាប់អ្នកដែលធ្វើតេស្តវិជ្ជមានមានឆ្លងកូវីដក៏ដោយ។
ថ្លែងនៅពីមុខសភា លោក Johnson បាននិយាយថា ប្រទេសជាតិ នឹងនៅតែលើកទឹកចិត្តអ្នកដែលធ្វើតេស្តវិជ្ជមាន ឬមានរោគសញ្ញាឲ្យស្ថិតនៅផ្ទះ យ៉ាងហោចណាស់រហូតដល់ថ្ងៃទី១ ខែមេសា ដែលនៅពេលនោះរដ្ឋាភិបាល នឹងគ្រាន់តែលើកទឹកចិត្តពលរដ្ឋដែលធ្វើតេស្តវិជ្ជមាន ឬមានរោគសញ្ញា«ឲ្យមានការទទួលខុសត្រូវដោយខ្លួនឯង»។ ចាប់ពីថ្ងៃទី១ ខែមេសាទៅ រដ្ឋាភិបាលក៏នឹងបញ្ឈប់ការបង់ប្រាក់សម្រាប់ការធ្វើតេស្តជំងឺកូវីដ១៩នោះដែរ។
លោក Johnson បានប្រកាសលុបចោលការរឹតត្បិតនេះ សូម្បីនៅពេលដែលលោកជូនពរព្រះមហាក្សត្រីយានី Elizabeth ឲ្យមានព្រះសុខភាពល្អ បន្ទាប់ពីព្រះអង្គ បានធ្វើតេស្តមានវិជ្ជមានកូវីដ១៩កាលពីថ្ងៃអាទិត្យក៏ដោយ។ លោកនាយករដ្ឋមន្ត្រី បាននិយាយថា វិជ្ជមានកូវី១៩របស់ព្រះមហាក្សត្រីយានីជាការរំឭកថា ការរាតត្បាតនៃជំងឺនេះ មិនទាន់ចប់នៅឡើយទេ។
អ្នកវិទ្យាសាស្ត្រ រួមជាមួយអ្នកនយោបាយខ្លះរបស់គណបក្សប្រឆាំង បានព្រមានថា ការបញ្ចប់ការធ្វើតេស្តទាំងអស់និងការតាមដាន នឹងធ្វើឲ្យទន់ខ្សោយសមត្ថភាពតាមដានជំងឺ និងឆ្លើយតបដល់ការកើនឡើងនៃការឆ្លងថ្មី។
ដោយឡែក ប្រទេសអូស្ត្រាលីកាលពីថ្ងៃចន្ទ បានបើកឲ្យអ្នកធ្វើដំណើរអន្តរជាតិដែលមិនចាំបាច់ អាចចូលក្នុងប្រទេសជាលើកដំបូងឡើងវិញ គឺនៅជិត២ឆ្នាំ ក្រោយការដាក់ការរឹតត្បិតកូវីដ១៩ដ៏តឹងរ៉ឹងចំពោះអ្នកដំណើរអន្តរជាតិ៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះ ត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន Associated Press ទីភ្នាក់ងារព័ត៌មាន AFP និងទីភ្នាក់ងារព័ត៌មាន Reuters។