ទីភ្នាក់ងារឃ្លាំមើលបរិមាណូអង្គការសហប្រជាតិបានអះអាងថាប្រទេសអ៊ីរ៉ង់កំពុងតែចម្រាញ់ជាតិអ៊ុយរ៉ាញ៉ូមលើសពីកម្រិតដែលបានកំណត់នៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអន្តរជាតិឆ្នាំ២០១៥។
ទីភ្នាក់ងារបានប្រកាសថា ក្រុមត្រួតពិនិត្យរបស់ខ្លួនកាលពីថ្ងៃចន្ទបានធ្វើការផ្ទៀងផ្ទាត់និងបានអះអាងថាប្រទេសអ៊ីរ៉ង់បានចម្រាញ់ជាតិអ៊ុយរ៉ាញ៉ូមបាន៤,៥ភាគរយ លើសពីកម្រិត៣,៦៧ភាគរយដែលជាកម្រិតត្រូវបានកំណត់នៅក្នុងកិច្ចព្រមព្រៀងអន្តរជាតិដែលមានបំណងទប់ស្កាត់មិនឲ្យរដ្ឋាភិបាលក្រុងតេហេរ៉ង់ផលិតនុយក្លេអ៊ែរ។
ការប្រកាសនេះត្រូវបានផ្សព្វផ្សាយនៅប៉ុន្មានម៉ោង បន្ទាប់ពីទីភ្នាក់ងារថាមពលបរិមាណូអ៊ីរ៉ង់បានឲ្យដឹងថា ខ្លួនបានចម្រាញ់ជាតិអ៊ុយរ៉ាញ៉ូមលើសពីកម្រិត ហើយនឹងរំពឹងថានឹងអាចចម្រាញ់បានដល់ទៅ២០ភាគរយនៅជំហានបន្ទាប់ ដែលការណ៍នេះបង្ហាញពីការងាកចេញពីការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់នៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។
អ៊ីរ៉ង់បានប្រកាសថា ខ្លួននឹងនៅតែចម្រាញ់ជាតិអ៊ុយរ៉ាញ៉ូម លុះត្រាតែខ្លួនទទួលបានជំនួយដែលខ្លួនត្រូវការពីប្រទេសជាហត្ថលេខីផ្សេងទៀតនៅក្នុងកិច្ចព្រមព្រៀងនេះ ដើម្បីទប់ទល់ជាមួយនឹងផលប៉ះពាល់ដោយសារទណ្ឌកម្មដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានដាក់មកលើសេដ្ឋកិច្ចរបស់ខ្លួន បន្ទាប់ពីបានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនេះកាលពីឆ្នាំមុន។
ការចម្រាញ់ជាតិអ៊ុយរ៉ាញ៉ូមបាន៥ភាគរយគឺល្មមគ្រប់គ្រាន់អាចឲ្យគេបង្កើតរោងចក្រថាមពលនុយក្លេអ៊ែរបាន។
សហភាពអ៊ឺរ៉ុបដែលស្ថិតក្នុងចំណោមប្រទេសជាហត្ថលេខីផ្សេងទៀតនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអន្តរជាតិនេះបានប្រកាសថា ខ្លួនមានការបារម្ភយ៉ាងខ្លាំងអំពីសកម្មភាពរបស់រដ្ឋាភិបាលក្រុងតេហេរ៉ង់។
ប្រទេសរុស្ស៊ីបានឲ្យដឹងថាខ្លួនបារម្ភអំពីសកម្មភាពរបស់អ៊ីរ៉ង់ ប៉ុន្តែអ្នកនាំពាក្យវិមានគ្រឹមឡាំងលោក Dmitry Peskov បានថ្លែងថា រុស្ស៊ីធ្លាប់បានព្រមានរួចហើយថា ការដកខ្លួនរបស់លោក Trump ចេញពីកិច្ចព្រមព្រៀងនេះអាចផ្តល់ផលអវិជ្ជមានដល់សន្តិសុខសកលលោក៕