បន្ទាប់ពីបើកការដ្ឋានជួសជុលស្ពានហាលចូលទៅកាន់ប្រាសាទអង្គរវត្តកាលពីខែសភា ឆ្នាំ២០១៦ អាជ្ញាធរអប្សរាបានប្រកាសថានឹងបិទស្ពានហាលនេះទាំងស្រុងចាប់ពីខែឧសភាខាងមុខទៅ រយៈពេល៤ឆ្នាំ។ អំឡុងពេលនៃការបិទស្ពានហាលនេះ អ្នកទេសចរនឹងត្រូវប្រើប្រាស់ស្ពានបណ្ដែតទឹកថ្មីមួយដែលកំពុងត្រូវបានសាងសង់ ហើយនឹងរួចរាល់ក្នុងខែឧសភា។
អាជ្ញាធរជាតិអប្សរាឱ្យដឹងថា ស្ពានហាលដែលជាច្រកសំខាន់ចូលទៅកាន់ប្រាង្គប្រាសាទអង្គរវត្តនឹងត្រូវបិទជាបណ្តោះអាសន្នរយៈពេល៤ឆ្នាំ ចាប់ពីខែឧសភាខាងមុខនេះតទៅ ដើម្បីធ្វើការជួសជុល ដោយអាជ្ញាធរកំពុងសាងសង់ស្ពានបណ្ណោះអាសន្នមួយសម្រាប់ឱ្យភ្ញៀវទេសចរដើរឆ្លង។
កម្ពុជាបានបើកការដ្ឋានជួសជុលស្ពានរានហាលចូលទៅប្រាសាទអង្គរវត្តកាលពីខែឧសភា ឆ្នាំ២០១៦កន្លង ទៅក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរានិងសាកលវិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុន។
លោកស្រី ចៅ ស៊ុនកិរិយា អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាប្រាប់VOA នៅថ្ងៃសុក្រនេះថា ចាប់ពីខែឧសភាទៅ ក្រុមការងារជួសជុលស្ពានហាលនឹងចាប់ផ្ដើមបើកការដ្ឋានទ្រង់ទ្រាយធំដើម្បីជួសជុល ដោយតម្រូវឱ្យក្រុមការងារត្រូវបិទស្ពានរានហាលនេះទាំងស្រុង។
លោកស្រីបន្តថា ស្ពានអណ្ដែតទឹកមួយនៅខាងត្បូងស្ពានរានហាលនេះកំពុងត្រូវបានសាងសង់ឡើង ហើយគ្រោងនឹងបញ្ចប់ក្នុងខែឧសភា ដើម្បីប្រើសម្រាប់បង្វែរចរាចរណ៍ និងរក្សាសុវត្ថិភាពដល់ភ្ញៀវទេសចរណ៍។
«យើងជួសជុលរានហានឱ្យហើយទៅ កុំឱ្យមានគ្រោះថ្នាក់ ដោយសារនៅកន្លែងហ្នឹងមានការលើកថ្មធំៗ។ យើងចង់ឱ្យសន្តិសុខភ្ញៀវមែនទែនណាអូនណា៎!»។
យោងតាមព័ត៌មាននៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់អាជ្ញាធរជាតិអប្សរា ស្ពានអណ្តែតទឹកបណ្តោះអាសន្ន ធ្វើពីជ័រ Polye thylene ដែលធន់នឹងអាកាសធាតុ ហើយអាចមានអាយុកាលប្រើការបានដល់២០ឆ្នាំ។
ប្រធាននាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរាលោក ឡុង កុសល ប្រាប់VOAបន្ថែមថា ស្ពានអណ្ដែតទឹកនេះនឹងអាចធានាសុវត្ថិភាព និងមិនធ្វើឱ្យប៉ះពាល់ដល់ភ្ញៀវទេសចរនោះទេ។ លោកថា ស្ពាននេះអាចផ្ទុកមនុស្សបានច្រើនជាង៦០០០នាក់ក្នុងពេលតែមួយ ដែលស្ពាននេះមានទំហំ១០ម៉ែត្រ និងមានប្រវែង១៩៧ម៉ែត្រ។
«ទី២ ស្ពាននោះយើងមានបង្កាន់ដៃដែលមានកម្ពស់១ម៉ែត្រ២តឹកនៅអមសងខាងស្ពាន ដែលបង្កាន់ដៃនោះជាទីកន្លែងមួយដែលគេហៅថា មិនអាចឱ្យភ្ញៀវហ្នឹងរអិលដួលធ្លាក់ចូលទៅក្នុងទឹកបានទេដោយសារមានបង្កាន់ដៃទប់។ ទី៣ ផ្ទៃលើរបស់ស្ពាននោះមានលក្ខណៈគ្រើមដែលទោះបីក្នុងរដូវភ្លៀងក៏ដោយ ក៏មិនឱ្យមនុស្សរអិលដួលឬក៏ដើរឬក៏រត់ក៏មិនគ្រោះថ្នាក់ដែរ»។
លោក ឡុង កុសល អះអាងទៀតថា ស្ពានអណ្ដែតទឹកនេះជាប្រភេទស្ពានសម្រាប់ប្រើនៅលើលំហផ្ទៃទឹកធំ និងមានខ្យល់និងរលកច្រើន ដូច្នេះ ស្ពាននេះនឹងអាចធានាលំនឹងមិនឱ្យមានរំញ័របាន ដោយសារនៅក្នុងតំបន់អង្គរមិនមានខ្យល់ដែលអាចនាំឱ្យមានរលកធំៗនោះទេ។
លោក ឡុង កុសល ឱ្យដឹងដែរថា ការជួសជុលស្ពានហាលនឹងត្រូវចំណាយពេល៤ឆ្នាំ ហើយពេលដែលស្ពានហាលនេះជួសជុលរួចរាល់និងបើកដំណើរការឡើងវិញ ស្ពានអណ្ដែតទឹកនេះត្រូវរុះរើចេញវិញ ដើម្បីរក្សាសោភណភាពដើម ទោះបីស្ពានអណ្ដែតទឹកនេះអាចមានអាយុកាលដល់២០ឆ្នាំក៏ដោយ។
«ចឹងដើម្បីឱ្យវាដូចទៅនឹងសភាពដើមរបស់វាគឺយើងចាំបាច់ត្រូវតែដកចេញ។ អាហ្នឹងគឺជាគោលការណ៍តែម្ដងបាទ!»។
លោក ធួន ស៊ីណាន ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា និងជាប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (Pacific Asia Travel Association) នៅប្រទេសកម្ពុជា មានប្រសាសន៍ថា ការផ្លាស់ប្ដូរស្ពាននេះអាចប៉ះពាល់ដល់ភ្ញៀវទេសចរណ៍មួយចំនួន ក៏ប៉ុន្តែវានឹងមិនប៉ះពាល់ដល់ចំនួនភ្ញៀវទេសចរណ៍ទៅទស្សនាប្រាសាទអង្ករនោះទេ។
«ដូចខ្ញុំនិយាយអម្បាញ់មិញចឹង វាអាចប៉ះពាល់អារម្មណ៍ ភ្ញៀវអ្នកខ្លះ OK គាត់ខ្លាចគាត់អីចឹងណា។ ប៉ុន្តែ ដូចខ្ញុំនិយាយចឹងថា តំបន់ហ្នឹងវាគ្រប់គ្រងទៅដោយ អាជ្ញាធរអប្សរានិងអង្គការយូនិស្កូ (UNESCO) អីចឹងអាជ្ញាធរមិនអាចធ្វើអ្វីមួយដែលខ្វះស្ដង់ដាបានទេនៅកន្លែងហ្នឹងនោះ ហើយក៏មិនអាចធ្វើអ្វីមួយដោយមិនការយល់ព្រមនិងការត្រួតពិនិត្យពីអង្គការយូនីស្កូនោះទេ»។
ស្ពានហាលមានប្រវែង១៩០ម៉ែត្រ ទទឹងជាង១១ម៉ែត្រ និងកម្ពស់ជាង៤ម៉ែត្រ។ ស្ពាននេះសាងពីថ្មបាយក្រៀម ក្រាលដោយកម្រាលថ្មភក់ និងលម្អដោយបង្កាន់ដៃនាគទាំងសងខាង។ ស្ពានបុរាណនេះគឺជាច្រកចូលដ៏សំខាន់ទៅកាន់ប្រាសាទអង្គរវត្ត ដែលទទួលភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិយ៉ាងតិច៥លាននាក់ក្នុងមួយឆ្នាំៗ។
ក្នុងអំឡុងទសវត្សទី៦០ សាលាបារាំងចុងបូព៌ា ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការអភិរក្សតំបន់អង្គរនាសម័យនោះ បានជួសជុលស្ពាននេះមួយចំហៀងខាងត្បូងប៉ុណ្ណោះ។ ការជួសជុលការខូចខាតចំហៀងភាគខាងជើងប្រវែង១៩០ម៉ែត្រ ទទឹង៥,៥ម៉ែត្របន្តទៀត ត្រូវរំខានដោយសារសង្គ្រាម។
កាលពីឆ្នាំ១៩៩៦ អាជ្ញាធរជាតិអប្សរា ដោយសហការជាមួយសាកលវិទ្យាល័យសូហ្វីយ៉ានៃប្រទេសជប៉ុន បានជួសជុលស្ពានហាលភាគខាងជើង បានប្រវែង៩០ម៉ែត្រ ដោយចំណាយពេល១២ឆ្នាំ។ អាជ្ញាធរអប្សរាបានឱ្យដឹងថា ការជួសជុលដំណាក់កាលទី៣នេះចំណាយតិចជាង បើប្រៀបធៀបនឹងដំណាក់កាលមុន ដោយសារតែបទពិសោធន៍កន្លងមក។
ក្នុងការជួសជុលស្ពានហាលនៅដំណាក់កាលថ្មីនេះ ប្រទេសកម្ពុជានឹងចំណាយថវិកាបដិភាគចំនួន៨២០.០០០ដុល្លារសម្រាប់ការងារបច្ចេកទេស ពលកម្ម និងសម្ភារបន្ថែម។ ចំណែកជប៉ុននឹងចំណាយ៧៦៧.០០០ដុល្លារ ជាគ្រឿងចក្រស្ទូចទំនើបៗ៕