ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការប្រកួតប្រជែងតំណែងប្រធានាធិបតីឥណ្ឌូនេស៊ី កាន់តែក្តៅគគុក


បេក្ខជន​ប្រធានា​ធិតី​ Joko Widodo (ឆ្វេង) ចាប់​ដៃ​គូ​ប្រកួតប្រជែង​គឺលោក Subianto (ស្តាំ) ​ថ្ងៃ​ទី​១៥ ​ខែ​មិថុនា ​ឆ្នាំ២០១៤។
បេក្ខជន​ប្រធានា​ធិតី​ Joko Widodo (ឆ្វេង) ចាប់​ដៃ​គូ​ប្រកួតប្រជែង​គឺលោក Subianto (ស្តាំ) ​ថ្ងៃ​ទី​១៥ ​ខែ​មិថុនា ​ឆ្នាំ២០១៤។

យុទ្ធនាការ​ការ​ប្រកួត​ប្រជែង​តំណែង​ប្រធានាធិបតី​ប្រទេស​ឥណ្ឌូនេស៊ី ​បាន​ចូល​ក្នុង​សប្តាហ៍​ចុង​ក្រោយ​នៅ​ពេល​ដែល​អភិបាល​ក្រុង Jakarta ​លោក Joko Widodo ​តទល់​ជាមួយ​លោក Prabowo Subianto អតីត​មេ​បញ្ជាការ​កងទ័ព​ពិសេស។

នៅ​ពេល​ដែល​ពួក​អ្នក​បោះឆ្នោត​១៨៧​លាន​នាក់​នៅ​ក្នុង​ប្រទេសកាន់​លទ្ធិប្រជាធិប តេយ្យ​ធំ​ទី​៣​របស់​ពិភពលោក​ប្រុងប្រៀប​ធ្វើ​ដំណើរ​ទៅកាន់​ស្ថានីយ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​៩ ​ខែ​កក្កដា ​ការ​ប្រកួត​ប្រជែងរវាង​បេក្ខជនប្រធានាធិបតី​មាន​ក្តី​សង្ឃឹម​ទាំង​២​ ​កំពុងក្តៅ​គគុក។

​អស់​រយៈ​ពេលប៉ុន្មាន​ខែ​ថ្មីៗ​នេះ ​អភិបាល​ក្រុង​ដ៏​មាន​ប្រជាប្រីយភាព​លោក Joko Widodo ឬ Jokowi ​ដែល​ជា​ឈ្មោះ​គេ​ហៅលោក​នៅ​ទី​នេះ ​បាន​តាម​មើលការ​ធ្លាក់​ចុះ​ការ​នាំ​មុខ​យ៉ាង​ស្រួល​របស់​លោក​ពី​ចំនួន​ជាង​២៥​ភាគរយ​មក​ដល់​លេខ​មួយ​ខ្ទង់។

ការ​ស្ទង់​មតិ​ភាគ​ច្រើន ​នៅ​តែ​ដាក់​លោក Jokowi នាំមុខ​ ក៏​ប៉ុន្តែ​បាន​នាំមុខ​បន្តិច​បន្តួច។ លោក Prabowo Subianto គូប្រកួត​ប្រជែង​របស់​លោក​បាន​ធ្វើ​យុទ្ធនាការ​យ៉ាង​ខ្លាំងហើយ​នៅ​ក្នុង​ការ​ស្ទង់​មតិ​ខ្លះ កំពុង​ស្ថិត​ពីក្រោយ​តែ​៣​ភាគ​រយ។​

​លោក Douglas Ramage ​អ្នក​វិភាគ​នយោបាយនៅ​ក្រុមហ៊ុន​ Bower Group Asia ​និយាយ​ថា ​លោក Prabowo ​បាន​ប្រុង​ប្រៀប​ខ្លួន​ជា​យូរយារ​ណាស់​មក​ហើយ​ដើម្បី​ឱកាស​នេះ។

«​ចូរ​ចង​ចាំ​ថា ​នេះ​ជា​បេក្ខ​ជន​ប្រធានាធិបតីដែល​អាច​ជា​បេក្ខជន​ប្រធានាធិបតី​ដ៏​មាន​បទ​ពិសោធន៍​បំផុត​មួយ​ក្នុង​ទ្វីប​អាស៊ី។ ​លោក​បាន​ឈរ​ឈ្មោះជា​ប្រធានាធិបតី​៣​លើកនៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ហើយ ​លោក​កាន់​តែ​ស្ទាត់​ជំនាញ​ខាង​ការ​ឃោសនា»។​

យុទ្ធនាការ​រៀប​ចំ​បាន​យ៉ាង​ល្អ​របស់​លោក Prabowo ​ហើយ​នឹង​សន្ទរកថា​ប្រកប​ដោយ​ការ​បញ្ជា​និង​ជាតិនិយម​អំពី​ការ​ទាមទារ​មកវិញ​នូវ​ទ្រព្យសម្បត្តិ​ធម្មជាតិ​របស់​ឥណ្ឌូនេស៊ី​កំពុង​ទាក់​ទាញពួក​អ្នក​បោះឆ្នោត​ឥណ្ឌូនេស៊ី​កាន់​តែ​ច្រើន​ឡើង។ ក៏ប៉ុន្តែ​ការកើន​ប្រជាប្រិយភាពរបស់​លោក​ ​ក៏​មិន​មែន​មិន​មានភាព​ចម្រូងចម្រាស់​ដែរ។

អតីត​ឧត្តសេនីយ៍​ ​បាន​ទទួល​រង​ការ​ចោទ​ប្រកាន់​ពី​ការ​រំលោភ​សិទ្ធិ​មនុស្សក្នុង​ប្រទេស​ទីម័រ​ខាង​កើតហើយ​នឹង​ការ​បញ្ជា​ឲ្យ​ចាប់​ពង្រត់ពួក​សកម្ម​ជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យក្នុង​ឆ្នាំ​១៩៩៨ ​ខណៈ​ដែល​លោក​ធ្វើជា​មេ​បញ្ជាការកង​កម្លាំង​ពិសេស។

ពួក​អ្នក​រិះគន់ ​ភ័យ​ខ្លាច​ថា ​លោក Prabowo ​ដែល​មិនធ្លាប់​បាន​ទទួល​ការ​កាត់ទោស​នៅ​តុលាការ​ស៊ីវិលលើ​ការ​ចោទ​ប្រកាន់​នេះ ​អាច​ធ្វើ​ឲ្យ​ថយ​ក្រោយ​ដល់​សេរីភាព​តាម​បែប​ប្រជាធិបតេយ្យដែល​ពល​រដ្ឋ​ឥណ្ឌូនេស៊ី​បាន​ទទួល​ចាប់​តាំង​ពី​ការ​ធ្លាក់ចេញ​ពី​អំណាច​របស់​ប្រធាធិបតី Suharto ​មក។

​កាល​ពី​សប្តាហ៍​មុន លោក Robert O. Blake ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ ​ហាក់​ដូច​ជា​បាន​បញ្ចេញ​យោបល់ដែរ ​ដោយ​បាន​ប្រាប់​កាសែត The Wall Street Journal ដែល​មាន​ទីតាំង​ក្នុង​សហរដ្ឋ​អាមេរិក​ថា ​ខណៈ​ដែល​សហរដ្ឋ​អាមេរិក​ ​មិនប្រកាន់​ជំហរ​ណាមួយ​លើ​ការ​បោះឆ្នោត​នោះ ​សហរដ្ឋ​អាមេរិក​ ​បាន​ជំរុញ​ឲ្យ​ឥណ្ឌូនេស៊ីស៊ើប​អង្កេតការ​ចោទ​ប្រកាន់​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នេះ។

សេចក្តី​អត្ថាធិប្បាយ​បាន​បណ្តាល​ឲ្យ​មាន​ការ​ខឹង​សម្បារក្នុង​ចំណោម​ពួក​មន្រ្តី​ខ្លះនៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ីដែល​និយាយ​ថា វា​ជា​ការ​មិន​អាច​ទទួល​យក​បាន​ដែល​សហរដ្ឋ​អាមេរិក​ជ្រៀត​ជ្រែកក្នុង​កិច្ច​ការ​ផ្ទៃ​ក្នុង​នោះ។ កាល​ពី​ថ្ងៃ​ច័ន្ទ ​លោក Marty Natalegawa រដ្ឋ​មន្រ្តី​ការ​បរទេស​ឥណ្ឌូនេស៊ី​ ​បាន​ពណ៌នា​សេចក្តី​អត្ថាធិប្បាយនោះ​ថា ជា«កង្វះ​ការ​វិនិច្ឆ័យដែលពិបាកទទួល​យក»។

មនុស្ស​ផ្សេងទៀត ​ដូចជា​លោក Aleksuis Jemadu ​សាស្រ្តាចារ្យ​ខាង​វិទ្យាសាស្រ្ត​នយោបាយមក​ពី​សាកលវិទ្យាល័យ Pelita Harapan ​និយាយ​ថា សហរដ្ឋ​អាមេរិក​កំពុង​ជំរុញ​មេដឹកនាំ​ដែល​មាន​ឆន្ទៈ​ឲ្យ​ទទួល​យក​គោលនយោបាយ​ការ​បរទេសសហរដ្ឋ​អាមេរិកហើយ​នឹង​ផលប្រយោជន៍​ខាង​យុទ្ធសាស្រ្ត​របស់​ខ្លួន។

«ខ្ញុំ​គិត​ថា ​វា​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​រដ្ឋបាល​របស់​លោក Prabowo ​នឹង​មាន​លក្ខណៈ​ជាតិនិយម​ខ្លាំង​ពេក​ ​ហើយ​ប្រហែលធ្វើ​ឲ្យមិន​ស្រួល​ដល់​សហរដ្ឋ​អាមេរិក​ដើម្បី​អញ្ជើញ​ឥណ្ឌូនេស៊ី​ចូល​ក្នុង​ផែនការ​យុទ្ធសាស្រ្ត​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​ប្រឈម​នឹង​ការ​ងើប​ឡើង​របស់​ចិន​នៅ​ពេល​នេះ»។

នៅ​ពេល​ដែល​លោក Prabowo សរសៀរ​ទៅ​រក​ជ័យជម្នះ​កាន់​តែ​ខ្លាំង​ឡើង ​ប្រជាប្រីយភាពរបស់​លោកJokowo ​ទំនង​បាន​រងផល​ប៉ះពាល់ដោយ​យុទ្ធនាការ​បង្ខូច​កេរ្តិ៍ឈ្មោះ​ជា​បន្តបន្ទាប់​ដែល​ចោទ​ប្រកាន់ថា លោក​ជា​អ្នក​កាន់​សាសនា​គ្រឹស្តឬ​ជន​ជាតិ​ចិន។

​នៅ​ក្នុង​ប្រទេស​មួយ​ដែល​មាន​អ្នក​កាន់​សាសនា​អ៊ីស្លាម​ដ៏​ច្រើន​លើស​លុប ​លោក Jokowi ​បាន​ត្រូវបង្ខំ​លះបង់​ពេល​វេលាដើម្បី​កម្ចាត់​ពាក្យ​ចចាមអារ៉ាម​ ​ដែល​អ្នក​ជំនាញ​និយាយ​ថា ​ការណ៍​នេះ​បាន​បណ្តាល​ឲ្យ​លោក​លះបង់​ជំហរ​របស់​ខ្លួន។

ក៏​ប៉ុន្តែ​កេរ្តិ៍​ឈ្មោះ​របស់​លោក Jokowi សម្រាប់​អភិបាលកិច្ច​ស្អាត​ស្អំ​មួយហើយ​នឹងរបៀប​នៃ​ការ​ដឹកនាំ​មាន​ប្រជាពលរដ្ឋ​និយម​ បាន​ទាក់​ទាញ​ពួក​អ្នក​បោះឆ្នោត​ខ្លះ។

​លោកស្រី​ Christine Naomi ជា​អ្នក​គាំទ្រ​និង​សកម្មជនខាង​សង្គម​ ​និយាយ​ថា ​ការ​ប្រតិបត្តិ​ប្រកប​ដោយ​តម្លាភាព​របស់​លោក Jokowi ​នឹង​ធ្វើ​ឲ្យ​ខ្ទរ​ខ្ទារពេញសភា​ប្រសិនបើលោកជាប់​ឆ្នោត។

លោកស្រី Naomi ​នៅ​ខាង​ក្រៅ​ការ​ប្រជុំ​ខាង​នយោបាយ​របស់​លោក Jokowi ក្នុង​រដ្ឋធានី Jakarta ​និយាយ​ថា៖ «មេដឹកនាំ​ល្អ​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា ​ពួក​សមាជិក​សភា​មាន​ការ​ភ័យ​ខ្លាច​ដល់​ការ​ធ្វើ​អ្វី​ខុស។ ឥណ្ឌូនេស៊ី ​មិន​ត្រូវ​ការ​មេដឹកនាំខ្លាំងឬ​ឧត្តមសេនីយ៍​ទេ»។ ​លោកស្រី ​និយាយ​បន្ត​ទៀត​ថា៖ «ក៏ប៉ុន្តែ ឥណ្ឌូនេស៊ី ​ត្រូវការ​មេដឹកនាំ​ ​ដែល​អាច​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ»។

​ការ​បោះឆ្នោត​នៅ​ឆ្នាំ​នេះ ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់នៅ​ក្នុងការធ្វើ​ឲ្យ​ជឿន​លឿន​តាម​បែប​ប្រជា​ធិបតេយ្យ​របស់​ឥណ្ឌូនេស៊ី​ ​នៅ​ពេល​ដែល​ប្រទេស​នេះ​នឹង​ប្រារព្ធជា​លើកទី​មួយ​នូវ​ការ​ផ្ទេរអំណាចពី​មេដឹកនាំ​ជាប់​ឆ្នោតមួយ​រូប​ទៅ​ឲ្យ​មេដឹកនាំ​ជាប់​ឆ្នោត​មួយ​រូប​ទៀត។​

​ប្រធានាធិបតី​ឥណ្ឌូនេស៊ី Susilo Bambang Yudhoyono ​បាន​បម្រើការ​២​អាណត្តិ​ដែល​ជា​ចំនួន​អតិបរមា​ដែល​មានរយៈ​ពេល​៥​ឆ្នាំ​ក្នុង​មួយ​អាណត្តិហើយ​មិន​អាច​មាន​លទ្ធភាព​ស្វះ​ស្វែង​រក​អាណត្តិ​ទី​៣​បាន​ទេ៕​

ប្រែ​សម្រួល​ដោយ ​ជឹង ​ប៉ូជីន

XS
SM
MD
LG