ទាំងលោក Joe Biden បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ និងលោកប្រធានាធិបតី Donald Trump កាលពីពេលថ្មីៗនេះ សុទ្ធតែបានថ្កោលទោសទង្វើរបស់ប្រទេសចិនចំពោះជាតិសាសន៍ភាគតិច Uighur កាន់សាសនាឥស្លាមនៅប្រទេសចិន ដោយលោក Biden បានហៅថា ជាអំពើប្រល័យពូជសាសន៍។
យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Joe Biden បានបញ្ជាក់នៅសប្តាហ៍នេះថា៖ «ការជិះជាន់សង្កត់សង្កិនដែលមិនអាចថ្លែងបាន ដែលជាតិសាសន៍ភាគតិច Uighur និងជាតិសាសន៍ភាគតិចផ្សេងទៀតបានរងគ្រោះនៅក្រោមស្នាដៃរបស់រដ្ឋាភិបាលផ្តាច់ការចិន គឺជាអំពើប្រល័យពូជសាសន៍ ហើយលោក Biden មានគោលជំហរខ្លាំងក្លាប្រឆាំងនឹងទង្វើនេះ»។
ចំណែកឯរដ្ឋបាលរបស់លោកប្រធានាធិបតី Trump វិញ មិនបានហៅទង្វើរបស់រដ្ឋាភិបាលក្រុងប៉េកាំងថា ជាអំពើប្រល័យពូជសាសន៍នោះទេ ក៏ប៉ុន្តែ លោក John Ullyot អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ បានថ្កោលទោសទង្វើរបស់ចិនចំពោះជាតិសាសន៍ភាគតិច Uighur នេះ។
លោក John Ullyot បានបញ្ជាក់ថា ចិនបានប្រព្រឹត្ត «សកម្មភាពដ៏ព្រៃផ្សៃប្រឆាំងនឹងស្រ្តី ដូចជាការបង្ខំឲ្យរំលូតកូន ការបង្ខំឲ្យបង្ការកុំឲ្យមានផ្ទៃពោះ ការបង្ខំឲ្យធ្វើពលកម្ម និងអំពើហិង្សាផ្លូវភេទ រួមមានការចាប់រំលោភក្នុងកន្លែងឃុំឃាំង ការដាក់កំហិតចាំបាច់ឲ្យនៅផ្ទះដោយមន្ត្រីជាតិសាសន៍ហាន [ដែលជាជាតិសាសន៍ភាគច្រើននៅប្រទេសចិន] និងការបង្ខំឲ្យរៀបការជាដើម»។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរូបនេះបានបន្ថែមថា៖ «អំពើឃោរឃៅរបស់គណបក្សកុម្មុយនីស្តចិន ក៏រួមមានការចាប់ឃុំឃាំងជាតិសាសន៍ភាគតិចនេះដ៏ច្រើនបំផុត ចាប់តាំងពីសម័យសង្គ្រាមលោកលើកទី ២ មកផងដែរ»៕