វ៉ាស៊ីនតោន — សៀវភៅថ្មីមួយក្បាលនិពន្ធដោយ លោក Anthony Veasna So ត្រូវបានគេកោតសរសើរថាជាស្នាដៃប្រលោមអក្សរសិល្ប៍ថ្មីនិងគួរឲ្យរំភើបបំផុត ដែលបង្ហាញអំពីការធំធាត់នៅក្នុងសង្គមអាមេរិកនាពេលបច្ចុប្បន្ន ក្នុងនាមជាកូនរបស់ជនភៀសខ្លួនមកពីប្រទេសកម្ពុជា។
សៀវភៅនេះត្រូវបានកោតសរសើរយ៉ាងទូលំទូលាយ ដោយអ្នកវាយតម្លៃអក្សរសិល្បិ៍ និងស្វាគមន៍ដោយសហគមន៍ខ្មែរអាមេរិកាំង សម្រាប់ការពិពណ៌នាដ៏រស់រវើកក្នុងសៀវភៅដែលពោរពេញដោយសាច់រឿងកំប្លុកកំប្លែង និងសេចក្តីអាណិតអាសូររបស់ក្រុមគ្រួសារខ្មែរដែលបានតស៊ូរស់រានមានជីវិតពីរបបខ្មែរក្រហម និងបានរងការបះទង្គិចជាច្រើន ខណៈពេលដែលត្រូវសម្របខ្លួននឹងការផ្លាស់ប្ដូរវប្បធម៌ ក៏ដូចជាបញ្ហាប្រឈមផ្នែកសង្គមសេដ្ឋកិច្ច ដោយសារការតាំងទីលំនៅថ្មីក្នុងនាមជាជនភៀសខ្លួន។
ទស្សនាវដ្ដី The New Yorker បានសរសេរអំពីសៀវភៅ «Afterparties» របស់លោក Anthony Veasna So ថា៖ «ជារឿងរ៉ាវលំបាកវេទនាទូទៅរបស់ជនអន្តោប្រវេសន៍ ដែលអាចធ្វើអ្នកមានអារម្មណ៍ស្រពិចស្រពិល និងពុះកញ្ច្រោល»។ សាច់រឿងទាំងឡាយនៅក្នុងសៀវភៅ Afterparties របស់លោក Anthony ក៏មានបញ្ចូលការបន្ធូរភាពតានតឹងដោយប្រើការកំប្លុកកប្លែងជាមួយភាសាបែបរំជួលចិត្តរីករាយ»។
និពន្ធចេញពីទស្សនៈរបស់យុវជនខ្មែរអាមេរិកាំង សៀវភៅរឿងខ្លីរបស់លោក Anthony ដែលមាន
ចំណងជើងថា៖ «Afterparties» ផ្ដល់មកនូវរស់ជាតិថ្មីអំពីបទពិសោធន៍រស់នៅបច្ចុប្បន្នរបស់ពលរដ្ឋខ្មែរជំនាន់ទី ២ ដែលកើតនិងរស់នៅបរទេស។
រហូតមកដល់ពេលនេះ ស្នាដៃអក្សរសិល្ប៍និងភាពយន្តជាភាសាអង់គ្លេសអំពីសាច់រឿងរបស់ពលរដ្ឋខ្មែរភាគច្រើន ជាសៀវភៅជីវប្រវត្តិនិងសៀវភៅរឿងពិត ហើយនិងភាពយន្តល្បីៗមួយចំនួនដែលផ្តោតលើរឿងរ៉ាវទុក្ខវេទនារបស់ប្រជាជនខ្មែរជំនាន់មុន ដែលរស់រានមានជីវិតពីរបបវាលពិឃាត និងដំណើរផ្សងព្រេងភៀសខ្លួនរបស់ពួកគេមកកាន់ប្រទេសលោកខាងលិច។
សៀវភៅ «Afterparties» ដែលមានអ្នកគាំទ្រជាច្រើន ត្រូវបានចេញផ្សាយជាផ្លូវការក្នុងពេលថ្មីៗនេះ ដោយរោងបោះពុម្ភសៀវភៅអក្សរសិល្ប៍ដ៏ល្បីមួយរបស់សហរដ្ឋអាមេរិក ដែលមានឈ្មោះថា Ecco។ រោងពុម្ភនេះបោះពុម្ភសៀវភៅ «Afterparties» ចំនួន ១សែនក្បាល បន្ទាប់ពីរាយការណ៍ថាបានចុះកុងត្រាជាទឹកប្រាក់ចំនួន ៣សែនដុល្លារជាមួយលោក Anthony សម្រាប់សៀវភៅពីរក្បាល។ សៀវភៅមួយក្បាលទៀត ផ្តោតលើផ្នែកមួយចំនួននៃប្រលោមលោកសរសេរមិនទាន់ចប់ ដែលត្រូវគេរំពឹងថា នឹងចេញផ្សាយក្នុងឆ្នាំ ២០២៣។
ជាអកុសល លោក Anthony មិនបានរស់រានមានជីវិត ដើម្បីឃើញការចេញផ្សាយសៀវភៅដំបូងរបស់ខ្លួនឡើយ។ លោកបានទទួលមរណភាពក្នុងអាយុ ២៨ឆ្នាំ កាលពីខែធ្នូ ឆ្នាំ២០២០ នៅក្នុងផ្ទះរបស់លោក ក្នុងទីក្រុង San Francisco រដ្ឋ California ដោយសារការប្រើប្រាស់ថ្នាំញៀនហួសកម្រិត ដោយចៃដន្យ។
ទស្សវដ្ដី The New Yorker ដែលបានបោះពុម្ភផ្សាយរឿងខ្លីមួយចំនួនរបស់លោក Anthony មុនពេលសៀវភៅ «Afterparties» ចេញផ្សាយ បានពិពណ៌នាពីការស្លាប់របស់លោក Anthony ថាជា៖ «ការកាត់ផ្ដាច់អាជីពផ្នែកអក្សរសាស្ត្រដែលមានសមិទ្ធផល និងសក្កានុពលដ៏ធំធេងអស្ចារ្យ»។
នៅក្នុងអត្ថបទវាយតម្លៃសៀវភៅមួយរបស់សារព័ត៌មាន Washington Post បានសរសេរថា៖ «សៀវភៅ Afterparties ទទូចឲ្យមានការយល់ដឹងអំពីពលរដ្ឋខ្មែរអាមេរិកាំង តាមរយៈរឿងខ្លីៗ ដែលពោរពេញដោយការអាណិតអាសូរ និងកំប្លែង ដែលធ្វើឲ្យយើងសើច នៅពេលដែលយើងកំពុងទប់ទឹកភ្នែក»។
«វាជាសមត្ថភាព ដែលធ្វើឲ្យការឈឺចាប់ ប្រែក្លាយជាក្ដីសង្ឃឹម និងសំណើច ដែលការណ៍នេះធ្វើឲ្យស្នាដៃរបស់លោក Anthony មានភាពទាក់ទាញ»។
«ប្រលោមលោករបស់អ្នកស្រវឹងថ្នាំជក់ស្រលាញ់ភេទដូចគ្នាក្រោយសម័យខ្មែរក្រហម»
ស្នាដៃនិពន្ធរបស់លោក បង្ហាញពីទស្សនៈរបស់យុវជនខ្មែរអាមេរិកាំងជំនាន់ទី ២ ស្ដីពីផលប៉ះពាល់ នៃការបះទង្គិចផ្លូវចិត្តនិងបញ្ហាស្នូលផ្សេងៗទៀត នៅក្នុងសហគមន៍ខ្មែរអាមេរិកំាង ដូចជាបញ្ហាគ្រួសារ មិត្តភាព និងសាសនា (ឧទាហរណ៍ជំនឿបែបព្រះពុទ្ធសាសនាអំពីការចាប់ជាតិ)។ លោកក៏បានសរសេរផ្ដោតលើបញ្ហាទូទៅមួយចំនួនដូចជា៖ ភាពស្មុគស្មាញក្នុងពេលបច្ចុប្បន្ននៃបញ្ហាពូជសាសន៍ យុវជន និងផ្លូវភេទ។
ពេលអានសៀវភៅ Afterparties វាពិតមានន័យជ្រាលជ្រៅ ហើយវាពិតជារស់ជាតិថ្មីមួយ ដែលយើងអាចឃើញជីវភាពរស់នៅរបស់ពលរដ្ឋខ្មែររស់នៅបរទេស ដែលមិនបានបង្ហាញនៅក្នុងស្នាដៃអក្សរសិល្ប៍មុនៗ ដែលផ្តោតតែលើការរស់រានមានជីវិតពីសង្គ្រាម»។
លោក Anthony ដែលជាបុរសស្រឡាញ់ភេទដូចគ្នា ត្រូវបានរាយការណ៍ថា ម្ដងណានោះ លោកបានពណ៌នាស្នាដៃរបស់ខ្លួនថាជា៖ «ប្រលោមលោករបស់អ្នកស្រវឹងថ្នាំជក់ស្រលាញ់ភេទដូចគ្នាក្រោយសម័យខ្មែរក្រហម»។
ដូចដែលជនជាតិខ្មែរគ្រប់រូប ដែលកើតជាមួយឪពុកម្តាយខ្មែររស់រានមានជីវិតពីសម័យខ្មែរក្រហម យល់ស្របតាម រឿងរ៉ាងរន្ធត់ សាហាវយង់ឃ្នង កើតឡើងក្នុងសម័យប្រល័យពូជសាសន៍ ក្នុងទសវត្ស ១៩៧០ ជារឿងរ៉ាវដែលពួកគេធំដឹងក្ដីជាមួយ នៅក្នុងគ្រួសារខ្មែរ។
ពេលខ្លះ ឪពុកម្ដាយភ្ជាប់រឿងរ៉ាវសម័យប៉ុល ពត ជាមួយមេរៀនជីវិតឲ្យកូនពេលនៅក្មេង ឬជំទង់ស្ដាប់ ឬពួកគេនិយាយពីបទពិសោធន៍របស់ពួកគេឲ្យធូរទ្រូង ហើយពេលខ្លះពួកគេគ្រាន់តែត្រូវការនរណាម្នាក់មកស្ដាប់បទពិសោធន៍អតីតកាល ឬអារម្មណ៍របស់ពួកគេ។
ការសង្កេតយ៉ាងល្អិតល្អន់របស់លោក Anthony អំពីយន្តការសម្របខ្លួនរបស់ឪពុកម្ដាយលោក ការប៉ះទង្គិច និងផលប៉ះពាល់មកលើកូនៗ បង្ហាញពីការជះឥទ្ធិពលមិនចេះរីងស្ងួតច្រើនជំនាន់ ដោយសារតែសង្គ្រាម និងអំពើហិង្សា។ យ៉ាងណាមិញ លោកមិនដែលមើលរំលងពីភាពកំប្លុងកំប្លែង និងភាពមិនសមហេតុផលនៃស្ថានភាពមួយចំនួន ដែលបង្កើតឡើងសម្រាប់មនុស្សជំនាន់ទី ២ ដែលរស់នៅដឹងក្ដីនៅសហរដ្ឋអាមេរិកសម័យទំនើប ដែលមានចម្ងាយជាង ១ ម៉ឺនគីឡូម៉ែត្រពីប្រទេសកម្ពុជា។
នៅក្នុងរឿងមួយ ឪពុកបានស្ដីបន្ទោសឲ្យក្មេងជំទង់ម្នាក់ដែលផឹកទឹកកក ដោយបានស្រែកថា៖ «សម័យខ្មែរក្រហម គ្មានទឹកកកផឹកទេ!»
សៀវភៅ «Afterparties» មានរឿងខ្លី ៩រឿង។ ក្នុងចំណោមនោះមានរឿង «The Monks» អំពីកូនប្រុសម្នាក់ ដែលត្រូវចំណាយពេលនៅវត្ត បន្ទាប់ពីឪពុកស្លាប់ និង «Somaly Serey, Serey Somaly» ជារឿងអំពីការចាប់ជាតិ ក្នុងមន្ទីរពេទ្យព្យាបាលជំងឺបាត់ការចងចាំនិងវង្វេងស្មារតី។ ហើយមួយទៀតគឺរឿង « Generational Differences» ជារឿងអំពីព្រឹត្តិការណ៍បាញ់ប្រហារនៅក្នុងសាលាបឋមសិក្សា Cleveland Elementary School ក្នុងទីក្រុង Stockton ដែលភាគច្រើនជាកុមារដើមកំណើតអាស៊ីអាគ្នេយ៍ត្រូវគេបាញ់ ហើយ ៥នាក់បានស្លាប់។ ម្ដាយរបស់លោក Anthony ធ្វើការនៅសាលានោះ និងបានប្រទះឃើញហេតុការណ៍ហិង្សានោះផងដែរ។
កន្លងមក ស្នាដៃរបស់លោក Anthony ត្រូវបានបោះពុម្ភផ្សាយតាមស្ថាប័នជាច្រើន រួមមានរឿង «Superking Son Scores Again» អំពីកីឡាករវាយសីដ៏ពូកែម្នាក់ ក្លាយខ្លួនជាម្ចាស់ហាងលក់ចាប់ហួយ ដែលព្យាយាមរស់នៅជីវិតលេងកីឡាអស្ចារ្យរបស់ខ្លួនកាលពីមុនឡើងវិញ។ រឿងនេះ បានចេញផ្សាយក្នុងឆ្នាំ ២០១៨ នៅក្នុងទស្សនាវដ្ដី n+1។ រឿងមួយទៀត «Three Women of Chuck’s Donuts» ផ្ដោតលើបងប្អូនស្រីពីរនាក់ ធ្វើការនៅក្នុងហាងនំដូណាត់របស់គ្រួសារពួកគេ ដែលចាប់អារម្មណ៍ខ្លាំងលើអតិថិជនអាថ៌កំបាំងម្នាក់ ចុះផ្សាយកាលពីឆ្នាំ ២០២០ នៅក្នុងទស្សនាវដ្តី The New Yorker។
ទស្សនាវដ្តី n+1 កាលពីពេលថ្មីៗនេះ បានបង្កើតពានរង្វាន់អក្សរសិល្បិ៍មួយដែលមានឈ្មោះថា «ពានរង្វាន់អក្សរសិល្ប៍របស់លោក Anthony Veasna So» ដើមផ្ដល់កិត្តិយសជូនលោក ហើយអ្នកឈ្នះរង្វាន់នេះដំបូងគេគឺលោក Trevor Shikaze អ្នកនិពន្ធឲ្យទស្សនាវដ្តី n+1 មកពីប្រទេសកាណាដា។
លោក Mark Krotov សហនិពន្ធនាយក និងជាអ្នកបោះពុម្ភផ្សាយទស្សនាវដ្តីនេះ បានប្រាប់ VOA ថា ស្នាដៃរបស់លោក Anthony ទំនងជាមានឥទ្ធិពលទៅលើអ្នកនិពន្ធវ័យក្មេងៗជាច្រើនទៀត។
«មានគតិបណ្ឌិតជាច្រើនក្នុងការសរសេរនោះ មានការផ្សងព្សេងនិងការប្រថុយគ្រោះថ្នាក់ជាច្រើន មានភាពស្រស់ស្អាតសម្បូរបែប មានភាពឆ្លៀសវ័យយ៉ាងខ្លាំង និងមានការទាក់ទាញប្រតិកម្មពីអ្នកអានជាច្រើនផងដែរ។ ហើយចំណុចទាំងអស់នេះបូកបញ្ចូលគ្នា បង្ហាញឲ្យខ្ញុំយល់ឃើញថា សៀវភៅនេះនឹងត្រូវបានគេចងចាំជាក់ជាពុំខាន»។
ការបង្ហាញតាមអក្សរសិល្ប៍អំពីបទពិសោធន៍ជីវិតពលរដ្ឋខ្មែរអាមេរិកាំង
ឪពុកម្ដាយរបស់លោក Anthony បានភៀសខ្លួនពីខេត្តបាត់ដំបង ភាគពាយ័ព្យប្រទេសកម្ពុជា និងបានមករស់នៅក្នុងនាមជាជនភៀសខ្លួនក្នុងទីក្រុង Stockton នៅភាគកណ្ដាលរដ្ឋកាលីហ័្វរញ៉ា កន្លែងឪពុករបស់លោកបើកហាងជួសជុលរថយន្ត និងម្ដាយរបស់លោកបានបម្រើការជាបុគ្គលិករដ្ឋ។ លោក Anthony កើតនៅក្នុងទីក្រុង Stockton ក្នុងឆ្នាំ ១៩៩២។
ក្រុមបញ្ញវ័នខ្មែរអាមេរិកាំងបាននិយាយថា រឿងប្រលោមលោករបស់លោក Anthony បានរៀបរាប់យ៉ាងស្ទាត់ជំនាញអំពីបទពិសោធន៍រស់នៅ ជីវិតគ្រួសារ និងសហគមន៍របស់ពួកគេ។
កញ្ញា Monica Sok កវីម្នាក់ដែលជាមិត្តរបស់លោក Anthony បានថ្លែងក្នុងកិច្ចពិភាក្សាមួយ ដែលរៀបចំដោយហាងសៀវភៅ Book Passage នៅតំបន់ Bay Area ថា៖ «លោកសរសេរអំពីសំឡេងរបស់ចាស់ទុំខ្មែរ យ៉ាងពិតៗជាក់ស្តែង...ខ្ញុំតែងតែគិតថា៖ «ត្រូវហើយ ខ្ញុំពិតជាស្គាល់មីងម្នាក់ដែលតែងតែណែនាំខ្ញុំពីរបៀបដែលខ្ញុំគួររស់នៅក្នុងជីវិតរបស់ខ្ញុំ»។
កញ្ញា Monica បន្ថែមថា៖ «ពេលអានសៀវភៅ Afterparties វាពិតមានន័យជ្រាលជ្រៅ ហើយវាពិតជារស់ជាតិថ្មីមួយ ដែលយើងអាចឃើញជីវភាពរស់នៅរបស់ពលរដ្ឋខ្មែររស់នៅបរទេស ដែលមិនបានបង្ហាញនៅក្នុងស្នាដៃអក្សរសិល្ប៍មុនៗ ដែលផ្តោតតែលើការរស់រានមានជីវិតពីសង្គ្រាម»។
«Anthony ពិតជាបានផ្ដោតសំខាន់លើជនជាតិខ្មែរនៅសហរដ្ឋអាមេរិក និងកូនចៅជំនាន់ទី ២ អ្នកដែលបានកើតនៅក្នុងប្រទេសនេះ និងកំពុងទទួលមរតកនៃការប៉ះទង្គិចអារម្មណ៍ពីឪពុកម្ដាយពួកគេ ខណៈដែលពួកគេកំពុងព្យាយាមស្វែងរកគោលដៅជីវិតផ្ទាល់ខ្លួន»។
អ្នកនាង Svay Sokunthary អ្នកនិពន្ធខ្មែរអាមេរិកាំងមកពីទីក្រុង New York ក៏បានកោតសរសើរស្នាដៃរបស់លោក Anthony និងការសរសេរបង្ហាញពីសហគមន៍របស់នាង ដូចជាប្រពៃណី និងការប្រារព្ធពិធីរៀបអាពាហ៍ពិពាហ៍បែបខ្មែរជាដើម។
អ្នកនាង Sokunthary ប្រាប់ VOA ថា៖ «ខ្ញុំគិតថា អ្វីដែលធ្វើឲ្យស្នាដៃរបស់គាត់សំខាន់ខ្លាំងសម្រាប់ពលរដ្ឋខ្មែររស់នៅបរទេសនោះគឺថា គាត់និយាយពីបទពិសោធន៍ដែលយើងទំាងអស់គ្នាដឹង ពេលធំដឹងក្ដីនៅសហរដ្ឋអាមេរិក»។
សៀវភៅនេះប្រាប់រឿងរ៉ាវពីរបបប្រល័យពូជសាសន៍នៅកម្ពុជា ប៉ុន្តែចេញពីទស្សនៈយុវជនវ័យក្មេងម្នាក់។ មិនដែលមានសៀវភៅ ឬភាពយន្ត ឬកម្មវិធីទូរទស្សន៍ណា បង្ហាញអំពីការយល់ឃើញរបស់លោកខាងលិចលើប្រជាជនកម្ពុជាដែលផ្តោតលើតែបទពិសោធន៍ជីវិតជាខ្មែរអាមេរិកាំងបច្ចុប្បន្ននោះទេ សៀវភៅនេះធ្វើឲ្យពួកគេស្គាល់និងដឹងពីជីវិតរបស់ពួកយើង»។
អ្នកនាង Samantha Lamb ជាបងស្រីរបស់លោក Anthony។ នាងនិយាយថា លោក Anthony ចូលចិត្តរឿងភាគទូរទស្សន៍ និងភាពយន្ត ហើយលោកបានរកឃើញទេពកោសល្យតែងនិពន្ធ នៅពេលព្យាយាមសរសេរនាដកថាសម្រាប់រឿងភាគទូរទស្សន៍អំពីគ្រួសារខ្មែរអាមេរិកាំងមួយ ដែលយោងតាមរឿងរ៉ាវជីវិតពិតរបស់លោកផ្ទាស់។
អ្នកនាង Samantha បានប្រាប់ VOA ថា៖ «នៅពេលខ្ញុំអានរឿងទាំងនេះ ខ្ញុំគឺថា មែនហើយពិតណាស់ ពិតណាស់ នោះគឺជារឿងអំពីប្អូនស្រីរបស់ជីដូនខ្ញុំ នោះជារឿងរបស់ម្តាយមីងខ្ញុំ។ តួនេះតំណាងឲ្យអ្នកនេះនៅក្នុងគ្រួសាររបស់ខ្ញុំ»។
លោក Anthony កើតក្នុងគ្រួសារធំមួយដែលមានសមាជិកច្រើន ហើយកូនៗទាំងអស់សុទ្ធទទួលបានជោគជ័យខ្ពស់ក្នុងការសិក្សា។ លោក Anthony បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រពីសាកលវិទ្យាល័យ Stanford និងបានបញ្ចប់ថ្នាក់អនុបណ្ឌិតខាងវិចិត្រសិល្ប:ផ្នែកប្រលោមលោកពីសាកលវិទ្យាល័យ Syracuse។ មុនពេលដឹងថាលោកចូលចិត្ត និងមានទេព្យកោសល្យខាងតែងនិពន្ធ លោកបានសិក្សាផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ប៉ុន្តែលោកបានបោះបង់ចោល និងប្ដូរមុខជំនាញវិញ ដែលការណ៍នេះដំបូងឡើយធ្វើឲ្យគ្រួសារលោកមានការខកចិត្ត។
អ្នកនាង Samantha បានកត់សម្គាល់ថា លោក Anthony ធ្លាប់ធ្វើដំណើរទៅកាន់ប្រទេសកម្ពុជាពីរដង នៅពេលលោកមានអាយុប្រហែល ១០ឆ្នាំ និង ១៥ឆ្នាំ។
រឿងរ៉ាវស្ដីពីអំពើប្រល័យពូជសាសន៍ ប៉ុន្តែចេញពីទស្សន:យុវជនវ័យក្មេងម្នាក់
អ្នកនាង Samantha បាននិយាយថា បទពិសោធន៍សម័យខ្មែរក្រហម ជាប្រធានបទ ដែលលេចឡើងជាញឹកញាប់ក្នុងសំណេររបស់លោក ព្រោះ «វាជាផ្នែកមួយដ៏ធំក្នុងជីវិតយើង ហើយធំដឹងក្ដីមក ឪពុកម្ដាយរបស់ខ្ញុំនិយាយពីវាគ្រប់ពេល»។
អ្នកនាង Samantha ប្រាប់ VOA ថា៖ «ពួកគេមិនចង់ទៅជួបអ្នកប្រឹក្សាបញ្ហាផ្លូវចិត្ត ហើយវាប៉ះពាល់ដល់ខ្ញុំ ព្រោះពេលខ្លះ ពួកគេត្រូវនិយាយជាមួយនរណាម្នាក់អំពីអ្វីដែលពួកគេបានឆ្លងកាត់។ ប៉ុន្តែ ពួកគេបញ្ចេញរឿងទាំងនោះមកលើខ្ញុំជាកូន។ ទូទៅសម្រាប់ឪពុកម្ដាយអ្វីដែលបានកើតឡើងលើពួកគេកាលពីពួកគេនៅក្មេង ពួកគេធ្វើត ពួកគេធ្វើរឿងទាំងនោះលើកូនៗរបស់ពួកគេវិញ។
លោក Anthony បានសរសេរ នៅក្នុងរឿងមួយដែលចុះផ្សាយនៅក្នុងទស្សនាវត្តី The New Yorker ដែលមានចំណងជើងថា «Duplex» ថា៖ «ខ្ញុំធំដឹងក្ដី ឮរឿងរ៉ាវជាច្រើនអំពីរបបប្រល័យពូជសាសន៍ព្យាយាមកសាងអត្តសញ្ញាណអាមេរិកាំងថ្មីរបស់ពួកយើង ហើយនិងចូលរួមសោកសង្រែងជាមួយគ្រប់គ្នានៅក្នុងគ្រួសារ ចំពោះការបាត់បង់ក្នុងប្រវត្តិរបស់យើង ដែលមិនអាចនឹងបំពេញវិញបានជារៀងរហូត»។
ទោះជាយ៉ាងណាក្ដី អ្នកនាង Samantha បាននិយាយថា ប្អូនប្រុសរបស់នាង រកឃើញវិធីថ្មី ដើម្បីកាត់បន្ថយនិងរៀបរាប់ពីប្រវត្តិឈឺចាប់របស់គ្រួសារនេះ និងប្រែក្លាយវាទៅជាបទពិសោធន៍ថ្មីមួយ ជាជាងពឹងផ្អែកលើស្នាដែអក្សរសិល្ប៍ដែលបានបង្កើតឡើង ដោយបែបជាជីវប្រវត្តិតស៊ូឬនិទានកថាអំពីប្រវត្តិសាស្ត្រពិតនៅក្នុងភាពយន្តមុនៗ។
អ្នកនាង Samantha បានបន្ថែមថា៖ «សៀវភៅនេះប្រាប់រឿងរ៉ាវពីរបបប្រល័យពូជសាសន៍នៅកម្ពុជា ប៉ុន្តែចេញពីទស្សនៈយុវជនវ័យក្មេងម្នាក់។ មិនដែលមានសៀវភៅ ឬភាពយន្ត ឬកម្មវិធីទូរទស្សន៍ណា បង្ហាញអំពីការយល់ឃើញរបស់លោកខាងលិចលើប្រជាជនកម្ពុជាដែលផ្តោតលើតែបទពិសោធន៍ជីវិតជាខ្មែរអាមេរិកាំងបច្ចុប្បន្ននោះទេ សៀវភៅនេះធ្វើឲ្យពួកគេស្គាល់និងដឹងពីជីវិតរបស់ពួកយើង»។
លោក Alex Torres ដែលជាដៃគូជិវិតរបស់លោក Anthony រយ:ពែលប្រាំពីរឆ្នាំ និងជាអ្នកនិពន្ធម្នាក់ដែរ បាននិយាយថា អ្វីដែលធ្វើឲ្យស្នាដៃរបស់លោក Anthony ពិសេសនេះគឺ «ការលេងសើច ការធ្វើឲ្យមានភាពសប្បាយរីករាយ កំប្លែង និងការពិព័ណ៌នាដ៏ទាក់ចិត្ត»។
លោក Torres បានប្រាប់ VOA ថា៖ «ខ្ញុំគិតថាវាជាលក្ខណៈនៃការសរសេររបស់គាត់ ដែលកន្លែងខ្លះ វាដូចគ្នាច្របាច់បញ្ចូលគ្នារវាងសិល្បៈដែលមានទាំងសោភ័ណ្ឌភាព និងអត្ថន័យបង្កប់ (High Art) និងសិល្បៈដែលមានតែសោភ័ណ្ឌភាព (Low Art)»។
បើយោងតាមអ្នកនាង Samantha គ្រួសារអ្នកនាងនៅតែកំពុងព្យាយាមកាន់ទុក្ខនិងកាត់ចិត្ត ចំពោះការបាត់បង់លោក Anthony ទោះបីជាពួកគេពិតជាមានមោទនភាពយ៉ាងជ្រោលជ្រៅ ដែលបានឃើញស្នាដៃរបស់លោក Anthony ទទួលបានការកោតសរសើរយ៉ាងច្រើនដូច្នេះ។
ឪពុករបស់នាង ទៅសម្រាន្តនៅលើគ្រែរបស់លោក Anthony ដើម្បីលួងលោមខ្លួនឯង ស្របពេលដែលម្ដាយរបស់នាង ទៅទទួលការពិគ្រោះផ្លូវចិត្ត។ ចំណែកជីដូនរបស់នាងកំពុងអះអាងថា លោក Anthony អាចនឹងមកចាប់ជាតិក្នុងពេលឆាប់ៗនេះ។
អ្នកនាង Samantha បាននិយាយថា៖ «ឥឡូវនេះខ្ញុំកំពុងមានផ្ទៃពោះ ហើយជាកូនប្រុស…ជាពិសេសជីដូនរបស់ខ្ញុំ តែងតែនិយាយថា នេះហើយ Anthony មកវិញហើយ។ Anthony កំពុងចាប់ជាតិថ្មីហើយ»៕