មានមនុស្សយ៉ាងហោចណស់ក៏១៣នាក់ដែរ បានត្រូវសម្លាប់នៅក្នុងរដ្ឋធានីនៃប្រទេសសូម៉ាលីកាលពីថ្ងៃអាទិត្យ នៅពេលដែលគ្រាប់បែកផ្ទុកក្នុងរថយន្តបានផ្ទុះនៅខាងក្រៅសណ្ឋាគារមួយកន្លែង ដែលធ្វើជាស្ថានទូតចិន និងអេហ្ស៊ីប។
ក្រុមជនសកម្មប្រយុទ្ធ Al- Shababនៃប្រទេសសូម៉ាលី បានអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែក ដែលបានវាយប្រហារទៅលើសណ្ឋាគារ Jazeera នៅជិតចំណតអាកាសយានដ្ឋានរដ្ឋធានីMagadishu។ សណ្ឋាគារនោះជារឿយៗត្រូវបានប្រើប្រាស់ដោយសមាជិកសភា ក្រុមអ្នកកាសែត និងក្រុមអ្នកការទូតបរទេស។ ចំនួនមនុស្សស្លាប់នោះគឺទទួលបានមកពីសេវាកម្មរថយន្តសង្គ្រោះបន្ទាន់ ដែលនិយាយថា ពួកគេបានដឹកអ្នករបួសជាង២០នាក់ទៅកាន់មន្ទីរពេទ្យ។ គ្មានព័ត៌មានភ្លាមៗស្តីពីសញ្ជាតិរបស់អ្នកត្រូវរបួស ឬស្លាប់ទាំងអស់នោះទេ។
ភ្នាក់ងារស៊ើបការណ៍សម្ងាត់ម្នាក់របស់សូម៉ាលី ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ VOA ថា រថយន្តម៉ាក្សToyota Dyna មួយគ្រឿង ផ្ទុកទៅដោយគ្រឿងផ្ទុះបានផ្ទុះនៅខាងក្រៅ សណ្ឋាគារ Sunday កាលពីរសៀលថ្ងៃអាទិត្យ។
សណ្ឋាគារមួយចំហៀង បានដួលរលំទាំងស្រុង ហើយក្រុមអ្នកឃើញហតុការណ៍ផ្ទាល់នឹងភ្នែកម្នាក់និយាយថា មានមនុស្សជាច្រើនបានជាប់នៅខាងក្នុងកម្ទេចបាក់បែកទាំងនោះ៕