ក្រុមជនសកម្មប្រយុទ្ធសូម៉ាលី al-Shabab បានអះអាងការទទួលខុសត្រូវដល់ការបំផ្ទុះគ្រាប់បែកនិងការវាយលុកក្នុងអាគារមួយរបស់រដ្ឋាភិបាលដែលមានកំផែងព័ទ្ធជុំវិញនៅក្នុងរដ្ឋធានី Mogadishu។
លោក Mohamed Yusuf អ្នកនាំពាក្យនៃក្រសួងសន្តិសុខបាននិយាយប្រាប់វីអូអេផ្នែកផ្សាយជាភាសាសូម៉ាលីថាមនុស្ស១៨នាក់បានបាត់បង់ជីវិតហើយមានមនុស្សយ៉ាងតិចណាស់១៥នាក់ទៀតបានត្រូវរបួសនៅក្នុងការវាយប្រហារលើក្រសួងអប់រំជាន់ខ្ពស់។
អ្នកឃើញហេតុការណ៍ដោយផ្ទាល់ម្នាក់បាននិយាយថាក្រុមជនសកម្មប្រយុទ្ធបានបំផ្ទុះគ្រាប់បែកក្នុងទ្បានមួយគ្រឿងនៅខាងក្រៅកំផែងក្រសួងនេះ ដើម្បីឱ្យក្រុមអ្នកធ្វើការវាយប្រហារអាចចូលទៅក្នុងអាគារនោះដើម្បីបាញ់កាំភ្លើង។
ជនប្រដាប់អាវុធបានត្រួតត្រាជាន់ពីរនៃអាគារនោះក៏ប៉ុន្តែបានត្រូវបណ្តេញចេញពីទីនោះដោយកងកម្លាំងសន្តិសុខសូម៉ាលីនិងក្រុមទាហាននៃសហភាព Afrique នៅក្រោយពេលប្រយុទ្ធគ្នាយ៉ាងសាហាវ។
ក្រុមមន្ត្រីសូម៉ាលីបាននិយាយថាជនស៊ីវិល៨នាក់ ក្រុមអ្នកធ្វើការវាយប្រហារ៧នាក់ សមាជិកកងកម្លាំងសន្តិសុខសូម៉ាលី២នាក់និងទាហានម្នាក់នៃសហភាព Afrique បានបាត់បង់ជីវិតនៅក្នុងឧប្បត្តិហេតុនេះ៕