ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​បឹងកក់​តវ៉ា​នៅ​មុខ​តុលាការ​ក្រុង ខណៈដែល​តុលាការ​បើក​សវនាការ​សំណុំ​រឿង​លោកស្រី​ទេព វន្នី


លោក​យាយ ​ង៉ែត ឃុន​ ​សកម្មជន​បឹងកក់​ កាន់​រូបភាព​របស់​លោក​ស្រី​ ​ទេព វន្នី​​ ឈរតវ៉ា​នៅ​មុខសាលា​ដំបូង​ក្រុង​ភ្នំពេញ​ កាលពីថ្ងៃសុក្រ ទី​១៦ ខែ​ធ្នូ ឆ្នាំ២០១៦។​ (ហ៊ុល រស្មី/VOA)
លោក​យាយ ​ង៉ែត ឃុន​ ​សកម្មជន​បឹងកក់​ កាន់​រូបភាព​របស់​លោក​ស្រី​ ​ទេព វន្នី​​ ឈរតវ៉ា​នៅ​មុខសាលា​ដំបូង​ក្រុង​ភ្នំពេញ​ កាលពីថ្ងៃសុក្រ ទី​១៦ ខែ​ធ្នូ ឆ្នាំ២០១៦។​ (ហ៊ុល រស្មី/VOA)

សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​បន្ត​សាក​សួរ​សកម្មជន​ការពារ​ដីធ្លី​នៅ​តំបន់​បឹងកក់​ អ្នក​​ស្រី​ ទេព​ វន្នី​ ក្នុង​សំណុំ​រឿង​ហិង្សា​ ដែល​បាន​កើតឡើង​ ក្នុង​អំឡុង​ឆ្នាំ​ ២០១០​ និង​២០១១​។ ​ក្រុម​អ្នក​រងគ្រោះ​ដោយ​ការ​រំលោភ​បំពាន​ដីធ្លី​ បាន​ចោទ​តុលាការ​ថា​ កំពុង​ព្យាយាម​ធ្វើបាប​ អ្នក​​ស្រី​ ទេព​ វន្នី​បន្ថែម​ទៀត​ តាម​ការ​សើរើ​សំណុំ​រឿង​នេះ​ឡើង​វិញ។

ក្រុម​ប្រជាពលរដ្ឋ​នៅ​សហគមន៍​បឹងកក់ និង​សហគមន៍​ដែល​កំពុង​មាន​ទំនាស់​ដីធ្លី​ប្រមាណ​ជា​៣០​ នាក់ បាន​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃសុក្រនេះ ដើម្បី​ទាម​ទារ​ឲ្យ​តុលាការ​ដោះលែង អ្នក​ស្រី​ ទេព​ វន្នី​ សកម្មជន​ការពារ​ដីធ្លី​ និងសិទ្ធិ​លំនៅដ្ឋាន​ដែល​ត្រូវ​បាន​តុលាការ​កាត់​ទោស​ និង​កំពុង​រង​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ជា​ច្រើន​ករណី​ផ្សេង​ទៀត។

​អាជ្ញា​ធរ​រាជធានី​ភ្នំពេញ​ បាន​ចាប់​ខ្លួនអ្នកស្រី ទេព វន្នី​ ដែល​ជា​ជ័យ​លាភី​រង្វាន់​ស្ត្រី​ជា​អ្នក​ដឹកនាំ​របស់​អង្គការ​ Vital Voices​ កាលពី​ខែសីហា​ ឆ្នាំ​ ២០១៦​ កន្លង​ទៅ​នេះ​ ក្រោយ​ពី​អ្នកស្រី​ បាន​ចូល​រួម​ និង​ដឹកនាំ​ធ្វើ​យុទ្ធ​នាការ​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ​យ៉ាងសកម្ម​ដើម្បី​ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស​ជាន់​ខ្ពស់៥រូប​របស់​សមាគម​ការ​ពារសិទ្ធិ​មនុស្ស​អាដហុក​ និង​អគ្គលេខាធិការ​រង​គណៈក​ម្មការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ ​(គ.ជ.ប)។​

បន្ទាប់​ពីអ្នក​ស្រី​ត្រូវ​បាន​ចាប់​ខ្លួន​ តុលាការបាន​កាត់ទោស​អ្នកស្រី​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៦​ថ្ងៃ​ ក្នុង​សំណុំ​រឿង​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ ហើយ​ក្រោយ​មក​ទៀត​ នៅ​ខែកញ្ញា តុលាការ​បាន​កាត់​ទោស​អ្នកស្រីឲ្យ​ជាប់​ក្នុង​ពន្ធនាគារ​ប្រាំមួយខែ​ពី​បទ «​ជេរ​ប្រមាថអ្នករាជការ​សាធា​រណៈ​ និង​ប្រឆាំង​នឹង​អ្នករាជការ​សាធារណៈ» ​ដែល​ផ្តើម​ចេញ​ពី​ការ​តវ៉ា​ប្រឆាំង​ការ​វាយ​បំផ្លាញ​ផ្ទះ​ប្រជា​ពល​រដ្ឋក្នុង​តំបន់​អភិវឌ្ឍន៍​បឹង​កក់​ដ៏​ចម្រូង​ចម្រាស​ដែល​បាន​កើត​ឡើង​កាលពី​ឆ្នាំ​២០១១។​

​បន្ថែម​លើ​ការ​កាត់​ទោស​នេះ​ តុលាការ​បាន​ចោទ​ប្រកាន់​លោក​ស្រី​ទេព​ វន្នី​ ក្នុង​ករណី​ផ្សេង​ៗ ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​ ដែល​ក្រុមអ្នក​ភូមិ​នៅ​តំបន់​បឹង​កក់​អះ​អាង​ថា​ ​ជា​ការ​ចោទ​ប្រកាន់​គ្មាន​ហេតុផល​ និង​គ្មាន​ភស្តុតាង​ត្រឹមត្រូវ។​

​កញ្ញា​ សុង​ ស្រី​លាភ​ វ័យ​ ៣១​ ឆ្នាំដែលជា​សកម្មជន​ដីធ្លី​ដែល​នោះ បានប្រាប់​ VOA ​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​ពី​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ខាង​ច្បាប់​ ប្រឆាំង​អ្នក​ស្រី​ ទេព វន្នី​ យ៉ាង​ដូច្នេះថា៖

«ច្រើន​ករណី​មែន​ទែន​បង​ តាំងពី​ ២០១២​ ២០១៤​ ហើយ​រហូត​ដល់​ឥឡូវ​ ហ្នឹង​បី​បណ្តឹង​ទៀត​ អញ្ចឹង​វាច្រើន​មែន​ទែន​ យើង​មិន​ដឹង​ថា​ បណ្តឹង​ប៉ុន្មាន​ខ្លះ​ទេ​ ហើយ​គ្រាន់​ការ​ចាប់​ឃុំខ្លួន​ជាង​១០​ដង​ហើយ​ ហើយ​និង​ដាក់​ពន្ធនាគារ​បី​ដង»។

​កញ្ញា​ ស្រី ​លាប​ ​ពន្យល់​ថា​ ការ​បង្ហាញ​ខ្លួន​របស់​អ្នក​ស្រី​ ​ទេព​ វន្នី​ នៅ​តុលាការ​ក្រុង​ភ្នំពេញ​ នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ គឺ​ដើម្បី​ឲ្យតុលាការសាក​សួរទាក់ទង​នឹងបណ្តឹងរបស់​ អ្នកស្រី​ លី មុំ​ អតីត​មេដឹកនាំ​តវ៉ា​ការ​រំលោភ​ដីធ្លី​នៅ​តំបន់​បឹង​កក់​ ​ដែល​បាន​ប្តឹង​ អ្នកស្រី​ ទេព​ វន្នី​ ​ក្នុង​អំឡុង​ឆ្នាំ២០១០​ ​និង​២០១១​ ពី​បទ​ «​ហិង្សា​ និង​ប៉ុន​ប៉ង​មនុស្ស​ឃាត»។

​កញ្ញា​ស្រី​លាប​ ឲ្យ​ដឹង​បន្ថែម​ថា​ អ្នក​ស្រី​ លី​ មុំ​ ​បាន​ដក​ពាក្យ​បណ្តឹង​ប្រឆាំង​អ្នក​ស្រី​ ទេព វន្នី​ រួចទៅ​ហើយ​ ក៏​ប៉ុន្តែ​កញ្ញា​មិន​ដឹង​ថា​ តើ​ហេតុ​អ្វីបាន​ជា​តុលាការ​បន្ត​នីតិវិធី​លើ​បណ្តឹង​នេះ​នៅ​ពេលនេះ​។

អ្នកស្រី​ ស៊ី ហ៊ាប​ វ័យ​ ៦៧​ឆ្នាំ​ ជា​ម្តាយ​បង្កើត​អ្នកស្រី​ទេព វន្នី ប្រាប់​ក្រុម​អ្នកយក​ព័ត៌មាន​ថា​ កូន​ស្រី​អ្នកស្រី​មិន​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ណា​មួយ​នោះ​ទេ។

«​អត់​មាន​ទេ​ នេះ​ជា​ពាក្យ​គេ​ចោទ​ប្រកាន់​កូន​ខ្ញុំ​ទេ​ កូន​ខ្ញុំ​ជា​ស្ត្រី​ មិន​អាច​ធ្វើ​អញ្ចឹង​បាន​ទេ​ គ្នា​ជាស្រ្តី​ទន់​ខ្សោយ​ មិន​ដែល​ធ្វើ​បាប​អ្នកណា​ទេ​ នេះ​ជាការ​គេ​ចោទ​ប្រកាន់​ ចោទ​ប្រកាន់​កូន​ខ្ញុំ​»​។

​នៅ​ក្នុង​ការ​តវ៉ា​នៅ​មុខ​តុលាការ​ នៅ​ថ្ងៃ​សុក្រនេះ​ ក្រុមអ្នក​តវ៉ា​ បាន​ស្តីបន្ទោស​ដល់​តុលាការ​ថា​ ​តុលាការ​ជា​ស្ថាប័ន​ពុករលួយ​ និង​មាន​ភាពលំអៀង​ទៅ​រក​អ្នក​មាន​លុយ​ និង​មានអំណាច។​ ក្រុម​អ្នកតវ៉ា​ខ្លះ​ បាន​កាន់បដាបង្ហាញ​រូបថត​អ្នកស្រី ​ទេព​ វន្នី​ ចំណែក​អ្នក​ខ្លះ​ទៀត​ បាន​ពាក់​រូប​ថត​អ្នកស្រី​ ទេព​ វន្នី ​ផង​ដែរ។

កំណត់​ត្រា​ករណី​សិក្សា​មួយ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​ដែល​បាន​ចេញ​ផ្សាយ​នៅ​ក្នុង​ទិវា​គោរព​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ថ្ងៃទី​១០​ ធ្នូ​ បាន​ឲ្យ​ដឹង​ថា​ អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ កំពុង​តែប្រឈម​នឹង​ការ​យាយី​កាន់តែ​ខ្លាំង​ឡើង​តាម​រូប​ភាព​ផ្សេង​ៗ​ ដូច​ជា​ការ​ចាប់​ខ្លួន​តាម​អំពើ​ចិត្ត​ និង​ការប្រើ​អំពើ​ហិង្សា​លើ​រូបរាង​កាយ​របស់​ពួកគេ​ជាដើម។​

លោក​ ​លី​ សុផាណា​ អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ មិន​បាន​ឆ្លើយតប​ទៅ​នឹងសំណួរ​របស់​ VOA​ ​តាម​រយៈ​សារ​អេឡិច​ត្រូនិក​តេឡេក្រាម​ ពាក់​ព័ន្ធនឹង​ការ​សួរ​នាំ​ អ្នក​ស្រី​ទេព​ វន្នី​ ​នៅ​ថ្ងៃ​សុក្រ​នេះឡើយ។

សមត្ថកិច្ច​បណ្តើរ​អ្នកស្រី ទេព វន្នី សកម្មជន​ដី​ធ្លី​ពី​តំបន់​បឹង​កក់​ដែល​កំពុង​ជាប់​ឃុំ​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ក្រោយ​បញ្ចប់​សវនាការ​ នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ (កាន់ វិច្ឆិកា/VOA)
សមត្ថកិច្ច​បណ្តើរ​អ្នកស្រី ទេព វន្នី សកម្មជន​ដី​ធ្លី​ពី​តំបន់​បឹង​កក់​ដែល​កំពុង​ជាប់​ឃុំ​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ក្រោយ​បញ្ចប់​សវនាការ​ នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ (កាន់ វិច្ឆិកា/VOA)

កាល​ពី​ខែ​វិច្ឆិកា​ សាលា​ឧទ្ធរណ៍​បាន​បើក​សវនាការ​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់អ្នកស្រី​ ទេព​ វន្នី​ ពាក់​ព័ន្ធនឹង​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ឬ​ត្រូវ​មាន​ទោស​ក្នុង​កម្រិតធ្ងន់​ ប្រព្រឹត្ត​នៅ​ក្បែរ​វិមាន​ឯក​រាជ្យ​ ខាង​មុខ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ក្នុង​សង្កាត់​ទន្លេ​បាសាក់​ ​ខណ្ឌ​ដូនពេញ​ រាជ​ធានី​ភ្នំពេញ​ កាល​ពី​ខែ​មីនា​ ឆ្នាំ​២០១៣។​ ​

​ក្រោយ​ពី​ការ​ជំនុំ​ជម្រះ ​សភា​ស៊ើប​សួរ​នៃ​សាលា​ឧទ្ធរណ៍​ បាន​សម្រេច​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​របស់​អ្នក​ស្រី​ ទេព​ វន្នី​ ដោយ​លើក​មូលហេតុ​ថា​ តុលាការ​បារម្ភ​ពី​អសន្តិ​សុខ​និង​សណ្ដាប់​ធ្នាប់​សង្គម។​

​នេះ​ជា​សំណុំ​រឿង​មួយ​ក្នុង​រឿង​ជា​ច្រើន​របស់​អ្នក​ស្រី​ ទេព​ វន្នី​ ​ដែល​ជាអ្នកដឹកនាំ​ការ​តវ៉ា​ប្រឆាំង​ការ​រំលោភ​ដីធ្លី​ក្នុង​តំបន់​បឹង​កក់​ ដែល​បាន​ក្លាយ​ជាតំបន់​ពាណិជ្ជកម្ម​នៅ​កណ្តាល​រាជធានី​ភ្នំពេញ៕

XS
SM
MD
LG