កាតាឡុកបទចម្រៀងទាំងស្រុងរបស់លោក Bob Dylan ដែលមានដំណើរនិពន្ធតាំងពី ៦០ឆ្នាំមុន កំពុងត្រូវបានក្រុមហ៊ុន Universal Music Publishing Group ទិញយក។
កាតាឡុកចម្រៀងនោះ មានផ្ទុកកម្មសិទ្ធិបញ្ញាសម្រាប់បទចម្រៀង ៦០០បទ ដែលរួមមានទាំងបទ "Blowin' In The Wind" បទ "The Times They Are a-Changin" បទ "Knockin' On Heaven's Door" និងបទ "Tangled Up In Blue" ផងដែរ។
ឥទ្ធិពលនៃស្នាដៃចម្រៀងរបស់លោក Dylan គឺធំធេង ហើយមានតែស្នាដៃចម្រៀងរបស់ក្រុម The Beatles ប៉ុណ្ណោះដែលប្រហែលអាចមានឥទ្ធិពលប្រហាក់ប្រហែលនឹងស្នាដៃរបស់លោក Dylan។
លក្ខខណ្ឌហិរញ្ញវត្ថុនៃកិច្ចសន្យាទិញនោះមិនត្រូវបានបញ្ចេញជាសាធារណៈនោះទេកាលពីថ្ងៃទី៧ ខែធ្នូ កន្លងទៅនេះ ប៉ុន្តែបទចម្រៀងទាំងនោះប្រហែលជាមានតម្លៃខ្ពស់បំផុតនៅក្នុងវិស័យតន្ត្រី។ កាលពី ៤ឆ្នាំមុន ក្រុមហ៊ុនចាត់ចែងទ្រព្យសម្បត្តិរបស់តារាចម្រៀង Michael Jackson បានលក់កន្លះភាគហ៊ុនចុងក្រោយនៃកាតាឡុកចម្រៀងរបស់លោក Dylan ដែលខ្លួនកាន់កាប់ ហើយទទួលបានទឹកប្រាក់ចំនួន ៧៥០លានដុល្លារ។
លោក Sir Lucian Grainge នាយកប្រតិបត្តិក្រុមហ៊ុន Universal Music Group បានថ្លែងក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «អស្ចារ្យណាស់ ទាក់ទាញអារម្មណ៍ លើកទឹកចិត្ត ពិរោះ និងគួរឲ្យចាប់អារម្មណ៍ បទចម្រៀងរបស់លោកពេញនិយមគ្រប់ពេលវេលា មិនថាបទចម្រៀងទាំងនោះត្រូវបាននិពន្ធតាំងពីជាងមួយសតវត្សរ៍មុន ឬទើបតែម្សិលមិញនោះទេ»។
បទចម្រៀងរបស់លោក Dylan ត្រូវបានថតឡើងវិញជាង ៦.០០០ ដងដោយសិល្បករមកពីប្រទេស វប្បធម៌ និងប្រភេទតន្ត្រីរាប់សិប ដោយរួមមានតារាចម្រៀងអាមេរិកាំងល្បី លោក Jimi Hendrix ដែលបានថតបទ «All Along The Watchtower» របស់លោក Dylan ឡើងវិញផងដែរ។
លោក Dylan ត្រូវបានសាធារណជនស្គាល់ជាលើកដំបូងតាមរយៈចលនាតន្រ្តីប្រពៃណីនៅសង្កាត់ Greenwich Village ក្នុងទីក្រុងញូវយ៉ក កាលពីអំឡុងទសវត្សរ៍ ១៩៦០។
កាលពីឆ្នាំ ១៩៦៥ នៅពេលដែលលោក Dylanបានកាន់ហ្គីតាអេឡិចត្រូនិកឡើងសម្តែងលើឆាក លោកបានបំបែកសហគមន៍តន្រ្តីប្រពៃណី ដែលការណ៍នោះត្រូវបានគេចាត់ទុកជាការផ្លាស់ប្តូរដ៏ខ្លាំងក្លាមួយសម្រាប់សិល្បករម្នាក់។
បន្ទាប់មក លោក Dylan បានផលិតអាល់ប៊ុមចម្រៀងចំនួន ៣ ជាប់ៗគ្នា ក្នុងរយៈពេលត្រឹមតែជាង ១ឆ្នាំ ដែលបានផ្លាស់ប្ដូរប្រភេទចម្រៀងរ៉ុកនៅទសវត្សរ៍នោះ ដោយចាប់ផ្ដើមជាមួយនឹងបទ "Bringing It All Back Home"។
លោក Dylan លក់ចម្រៀងបានជាង ១២៥ លានអាល់ប៊ុមនៅទូទាំងពិភពលោក។ លោកត្រូវបានគេប្រគល់ពានរង្វាន់ណូបែលផ្នែកអក្សរសាស្ត្រកាលពីឆ្នាំ ២០១៦ ដែលធ្វើឲ្យលោកក្លាយជាអ្នកនិពន្ធចម្រៀងដំបូងបំផុតដែលទទួលបានពានរង្វាន់លំដាប់កំពូលមួយនេះ៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្តា