ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Blinken៖ អាមេរិក​ជំរុញ​ឲ្យ​កម្ពុជា​រៀបចំការ​បោះឆ្នោត​បែប​​ពហុបក្ស​«ពិតប្រាកដ»​នៅ​ឆ្នាំ​ក្រោយ


រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Antony Blinken និងលាកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃស្វាគមន៍គ្នា នៅក្នុងជំនួបពិភាក្សាគ្នាមួយ នៅវិមានសន្តិភាពក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២២។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Antony Blinken និងលាកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃស្វាគមន៍គ្នា នៅក្នុងជំនួបពិភាក្សាគ្នាមួយ នៅវិមានសន្តិភាពក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២២។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​នៅ​កម្ពុជា ​រដ្ឋមន្ត្រីការ​បរទេស​សហរដ្ឋ​អាមេរិក បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​រៀបចំ​ឲ្យ​មាន​ការ​បោះឆ្នោត​បែប​សេរីពហុបក្ស​ពិតប្រាកដ ដែល​ «តំណាងនិង​រួម​បញ្ចូលពលរដ្ឋ​គ្រប់រូប»។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​ថ្លែង​ទៅកាន់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ថា សហរដ្ឋ​អាមេរិក​គាំទ្រ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​នៅ​កម្ពុជា ដោយ​លោក​ថា កម្ពុជា​ធ្លាប់​សម្រេច​បាន​ប្រជាធិបតេយ្យ​បែប​នេះ​ពី​មុន​រួច​មក​ហើយ។

លោក Blinken ដែល​ជា​ប្រមុខ​ការទូត​ជាន់ខ្ពស់​អាមេរិក​បង្អស់​ដែល​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា បាន​លើក​ឡើង​អំពី​ខ្លឹមសារ​ខ្លះៗ​នៃ​ជំនួប​របស់​លោក​ជាមួយ​នឹង​លោក​ ហ៊ុន សែន នៅ​ក្នុង​បទសម្ភាសន៍​ផ្តាច់​មុខ​មួយ​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន​វីអូអេ​ប្រចាំ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​សុក្រ ទី ៥ ខែ​សីហា​នេះ។

លោក Blinken បាន​ថ្លែង​ថា៖ «យើង​ក៏​បាន​ពិភាក្សា​គ្នា​អំពី​សារៈសំខាន់​នៃ​ការ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ហើយ​ជាពិសេស​ ក្នុង​ការ​ធានា​ថា ការ​បោះឆ្នោត​ដែល​នឹង​កើត​ឡើង​នៅ​ឆ្នាំក្រោយ​នេះ នឹង​ធ្វើ​ឡើង​ដោយ​ការចូលរួម​ពីតំណាង​គ្រប់​ភាគី​និង​ផ្តល់ឳកាស​ស្មើភាព​គ្នា​យ៉ាង​ពិត​ប្រាកដ»។

លោក Antony Blinken ក៏​បាន​សង្កត់ធ្ងន់​ជំហរ​របស់​រដ្ឋាភិបាល​អាមេរិក​ ពាក់ព័ន្ធ​នឹង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជាថា៖ «ហើយ​សហរដ្ឋ​អាមេរិក មិន​គាំទ្រ​បុគ្គល ឬ​គណបក្ស​ណា​មួយ​នោះ​ទេ។ យើង​គាំទ្រ​ដំណើរការ​មួយ នោះ​គឺ​ដំណើរការ​ប្រជាធិបតេយ្យ​ ដែល​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​គ្រប់រូប​នៅ​កម្ពុជា​ យល់​ថា​ពួកគេ​ត្រូវបាន​តំណាង​នៅ​ក្នុង​ការ​បោះឆ្នោត និង​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល»។

កម្ពុជា​ទើប​តែ​បាន​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់​អាណត្តិ​ទី ៥ កាលពី​ដើម​ខែ​មិថុនា​កន្លង​ទៅ ដោយ​លទ្ធផល​ផ្លូវការ​បាន​បង្ហាញ​ថា​ គណបក្ស​កាន់អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ឈ្នះ​ការ​បោះឆ្នោត​នេះ​ ដោយ​មាន​សមាជិក​បក្ស​គ្រប់គ្រង​តំណែង​ជា​មេឃុំ​និង​ចៅសង្កាត់​ស្ទើរ​តែ​គ្រប់ខេត្ត​ក្រុង។

ចាប់តាំង​ពី​ឆ្នាំ ២០១៧ មក ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ជាពិសេស​សិទ្ធិ​ក្នុង​ការ​ធ្វើ​នយោបាយ​បែប​ប្រឆាំង និង​សិទ្ធិ​សេរីភាព​មូលដ្ឋាន​ក្នុងការ​បញ្ចេញ​មតិ ត្រូវបាន​ធ្លាក់​ចុះ​ខ្លាំង ដោយ​មាន​ការ​ប្តឹងផ្តល់​មេដឹកនាំ​នានា​មក​ពី​គណបក្ស​ប្រឆាំង​ ដូចជា​គណបក្ស​សង្គ្រោះជាតិ និង​គណបក្ស​ភ្លើង​ទៀន និង​ការ​ចាប់ខ្លួន​ និង​កាត់ទោស​សកម្មជន​នយោបាយ សិទ្ធិមនុស្ស និង​បរិស្ថាន ឲ្យ​ជាប់​ពន្ធនាគារ​ពី​បទ​ក្បត់ជាតិ​និង​បទ​ញុះញង់​ជា​ដើម។

កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ថ្នាក់ជាតិ​អាណត្តិ​ទី ៧ នៅ​ឆ្នាំ ២០២៣៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG