រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ជួបថ្ងៃពុធនេះជាមួយប្រធានអាជ្ញាធរប៉ាឡេស្ទីនលោក Mahmoud Abbas មួយថ្ងៃ បន្ទាប់ពីលោកបានធ្វើការចរចាជាមួយមេដឹកនាំអ៊ីស្រាអែល ហើយបានពិភាក្សារបៀបដោះស្រាយក្នុងតំបន់ដើម្បីដោះស្រាយជម្លោះដ៏យូរអង្វែងរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។
លោក Blinken បាននិយាយថា បញ្ហានានានៅលើរបៀបវារៈនៅថ្ងៃពុធនេះ រួមមានតម្រូវការសម្រាប់អាជ្ញាធរប៉ាឡេស្ទីនរបស់លោក Abbas ធ្វើកំណែទម្រង់និងធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ចរបស់ខ្លួន។
អាជ្ញាធរប៉ាឡេស្ទីនគ្រប់គ្រងមួយផ្នែកនៃតំបន់ West Bank ខណៈដែលក្រុមសកម្មប្រយុទ្ធហាម៉ាស់បានត្រួតត្រាតំបន់ហ្កាហ្សា ជាទីកន្លែងដែលអ៊ីស្រាអែលកំពុងប្រយុទ្ធដើម្បីបំបាត់ក្រុមនោះ។
សហរដ្ឋអាមេរិកមានគម្រោងបង្កើតផែនទីបង្ហាញផ្លូវក្រោយសង្គ្រាម ដែលដាក់តំបន់ហ្កាហ្សានៅក្រោមការគ្រប់គ្រងដែលដឹកនាំដោយប៉ាឡេស្ទីនដោយមិនមានតួនាទីសម្រាប់ក្រុមហាម៉ាស់។
លោក Blinken បានសង្កត់ពីសក្តានុពលសម្រាប់អ៊ីស្រាអែលទទួលបានការគាំទ្រពីបណ្តាប្រទេសអារ៉ាប់ជិតខាងដោយការស្វះស្វែងរកផ្លូវឆ្ពោះទៅកាន់ការបង្កើតរដ្ឋប៉ាឡេស្ទីនមួយដែលជាមធ្យោបាយដើម្បីដោះស្រាយជម្លោះដ៏យូរអង្វែងនេះ។
លោក Netanyahu បានច្រានចោលយ៉ាងដាច់ខាតចំពោះដំណោះស្រាយរដ្ឋពីរនេះ។
លោក Blinken ក៏បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញដែរថា ពលរដ្ឋប៉ាឡេស្ទីនដែលគ្មានទីកន្លែងរស់នៅត្រូវតែអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញនៅពេលឆាប់ៗនេះនៅពេលដែលលក្ខខណ្ឌអនុគ្រោះ ហើយអ៊ីស្រាអែលបានយល់ព្រមអនុញ្ញាតឱ្យបេសកកម្មអង្គការសហប្រជាជាតិធ្វើការវាយតម្លៃស្ថានភាពនៅក្នុងតំបន់ហ្កាហ្សាខាងជើងដែលហែកហួរដោយសង្គ្រាម។
អ្នកការទូតកំពូលអាមេរិករូបនេះក៏បានជំរុញឱ្យមេដឹកនាំអ៊ីស្រាអែលរារាំងកុំឱ្យជនស៊ីវិលប៉ាឡេស្ទីនគ្រោះថ្នាក់បន្ថែមទៀត៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារព័ត៌មាន Reuters, AFP និង AP
វេទិកាបញ្ចេញមតិ