ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Blinken ពិភាក្សាជាមួយអេហ្ស៉ីបដើម្បីស្វែងរកបទឈប់បាញ់នៅហ្កាហ្សានិងការផ្តល់ជំនួយមនុស្សធម៌


រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបលោក Sameh Shoukry ពិភាក្សាគ្នានៅរដ្ឋធានីគែរ ប្រទេសអេហ្ស៊ីប នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបលោក Sameh Shoukry ពិភាក្សាគ្នានៅរដ្ឋធានីគែរ ប្រទេសអេហ្ស៊ីប នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិកលោក​ Antony Blinken ​ធ្វើការ​ពិភាក្សា​នៅក្នុង​ប្រទេស​អេហ្ស៉ីប​នៅ​ថ្ងៃព្រហស្បតិ៍​នេះ ​អំពី​កិច្ចប្រឹងប្រែង​ដើម្បី​ធានាឱ្យ​មាន​បទឈប់​បាញ់​នៅក្នុង​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ពួកហាម៉ាស់ ​ឱ្យ​មាន​ការដោះលែង​ចំណាប់​ខ្មាំង​នៅ​ហ្កាហ្សា ​និង​ការបញ្ជូន​ជំនួយ​មនុស្សធម៌​បន្ថែម​ ទៅក្នុង​តំបន់​ហ្កាហ្សា ​ដើម្បី​ជួយ​ជនស៊ីវិល​ប៉ាឡេស្ទីន ​ដែល​ត្រូវការ​ជំនួយ​យ៉ាងខ្លាំង។

លោក Blinken ថែមទាំង​មាន​គម្រោង​ជួប​ដាច់​ដោយ​ឡែក​ជាមួយ​ក្រុមមន្ត្រី​អេហ្ស៉ីប​ និង​អ្នកតំណាង​មកពី​ប្រទេស​ហ៊្សកដានី​ ​អារ៉ាប៊ីសាអូឌីត ​កាតា ​និងអេមីរ៉ាត​អារ៉ាប់រួម​ ផងដែរ។

ប្រទេស​មួយ​ចំនួន ​ចូលរួម​ពាក់ព័ន្ធ​ជាមួយនឹង​ការពិភាក្សាគ្នា​អស់ពេល​រាប់​សប្តាហ៍​ ដើម្បី​ស្វែងរក​សំណើ​មួយ​ដែល​អ៊ីស្រាអែល​និង​ពួកកងជីវពល​ហាម៉ាស់ ​អាចទទួល​យក​បាន។

លោក Blinken ​នឹង​ប្រាប់​ក្រុមមេដឹកនាំ​អ៊ីស្រាអែល ​អំពី​ការវិវឌ្ឍ​ចុងក្រោយ​ នៅពេល​ដែល​លោក​ធ្វើដំណើរ​ទៅ​ប្រទេស​អ៊ីស្រាអែល ​ដើម្បី​ពិភាក្សាគ្នា​នៅ​ថ្ងៃសុក្រ​នេះ។

នៅក្នុង​ប្រទេស​អ៊ីស្រាអែល ​លោក Blinken ​នឹង​«ពិភាក្សា​អំពី​សេចក្តី​ត្រូវការ​ដើម្បី​ធានា​ការបង្ក្រាប​ពួកហាម៉ាស់​ រួមទាំង​នៅ​តំបន់ Rafah ​ដោយ​ការពារ​ជនស៊ីវិល ​មិន​រារាំង​ដល់​ការផ្តល់ជំនួយ​មនុស្សធម៌​ និង​អាច​ធ្វើឱ្យ​សន្តិសុខ​របស់​អ៊ីស្រាអែល​មាន​ភាព​ល្អប្រសើរ​ជាងមុន។

សហរដ្ឋ​អាមេរិក​បានសម្តែង​ការប្រឆាំង​ជំទាស់​នឹង​ផែនការ​របស់​អ៊ីស្រាអែល​ដើម្បី​វាយលុក​តំបន់ Rafah ​ដែល​អ៊ីស្រាអែលថា​ជារឿង​សំខាន់​ដើម្បី​សម្រេច​ផែនការ​របស់​ខ្លួន ​ក្នុង​ការកម្ចាត់​ពួកហាម៉ាស់ ​និង​ដើម្បី​ធានា​ថា​ក្រុម​នេះ​មិនអាច​វាយប្រហារ​អ៊ីស្រាអែល​ម្តងទៀត ​ដូច​កាលពី​ថ្ងៃទី៧​ខែតុលា។

ជនជាតិ​ប៉ាឡេស្ទីន​ជាង​មួយ​លាន​នាក់ ​កំពុង​ជ្រកកោន​នៅ​តំបន់ ​Rafah ​ដែល​ភាគ​ច្រើន​រត់ចេញពី​ផ្នែក​ឯទៀតៗ ​នៃ​តំបន់​ហ្កាហ្សា​ ដើម្បី​គេចពី​សង្គ្រាម៕

​ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្តី​រាយការណ៍​នេះ​ត្រូវបានដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន Associated Press, Agence France-Presse និង​ Reuters។

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG