មួយថ្ងៃក្រោយការបង្ហាញពីការគាំទ្រដល់សន្តិសុខរបស់ប្រទេសអ៊ីស្រាអែល និងការប្រកាសពីការផ្តល់ជំនួយស្ថាបនាឡើងវិញដល់តំបន់ Gaza នោះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានចេញដំណើរនៅថ្ងៃពុធម្សិលមិញ ទៅកាន់ប្រទេសអេហ្សីប ដែលជាប្រទេសមួយបានជួយយ៉ាងសកម្ម ក្នុងការសម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់គ្នាមួយកាលពីសប្តាហ៍មុន នៅក្នុងជម្លោះរវាងប្រទេសអ៊ីស្រាអែល និងក្រុមសកម្មជនប៉ាឡេស្ទីនក្នុងតំបន់ Gaza។
នៅក្នុងរដ្ឋធានី Cairo (គែ) លោក Blinken បានជួបជាមួយប្រធានាធិបតីអេហ្សីប លោក Abdel Fattah el-Sissi និងរដ្ឋមន្ត្រីការបរទេសអេហ្សីបលោក Sameh Shoukry មុនពេលបន្តដំណើរទៅកាន់ប្រទេសហ្សកដានី នៅថ្ងៃដដែលនោះ។
លោក Blinken បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃអង្គារថា៖ «ដូចអស់លោកលោកស្រីដឹងហើយ ប្រទេសអេហ្សីប បានដើរតួនាទីដ៏សំខាន់មួយ ក្នុងការជួយឲ្យមានបទឈប់បាញ់គ្នា ហើយប្រទេសហ្សកដានី ក៏ធ្លាប់បានលើកឡើងជាយូរមកហើយ ដល់ដំណើរការសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់នោះ»។
លោក Blinken ក៏បានជួបប្រជុំកាលពីថ្ងៃពុធជាមួយប្រធានាធិបតីអ៊ីស្រាអែលលោក Reuben Rivlin ដែលនេះជាដំណើរទស្សនកិច្ចដំបូង ក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់មជ្ឈិមបូព៌ាចាប់តាំងពីលោកក្លាយជារដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកមក។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា «រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានពិភាក្សាជាមួយប្រធានាធិបតីអ៊ីស្រាអែល អំពីវីធីសាស្ត្រដើម្បីលើកកម្ពស់ការអត់ឱន និងការរួមរស់ជាមួយគ្នា ដល់គ្រប់ពលរដ្ឋអ៊ីស្រាអែលទាំងអស់ ដោយមិនប្រកាន់ពីប្រវត្តិ ឬកេរ្តិ៍តំណែលអ្វីនោះទេ។ មេដឹកនាំទាំងពីរ ក៏បានលើកឡើងផងដែរ ពីសារៈសំខាន់នៃភាពជាដៃគូដ៏រឹងមាំរវាងអាមេរិក និងអ៊ីស្រាអែល និងភាពចាំបាច់ ក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពសម្រាប់ទាំងអស់គ្នា៕